មុខរបរ«លក់ចាប»នៅតាមវត្តអារាម កាក់កបបំផុត នារដូវភ្ជំបិណ្ឌ
- ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 20, 2014
- ប្រធានបទ: បើកភ្នែកមើល
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ពេលភ្ជំអញ្ចឹង យូៗគេលែងម្តង គឺដាច់ជាង» នេះជាការរៀបរាប់របស់ សុធា អ្នកលក់កូនចាបមួយរូប នៅទីតាំងមុខព្រះបរមរាជវាំង នៅពេលថ្ងៃធម្មតា។ សុធាបានប្រាប់ថា ខ្លួនបានចាប់មុខរបរ ជាអ្នកលក់ចាបនេះជាយូរមកហើយ។ ក្នុងអំឡុងពេលបុណ្យភ្ជំបិណ្ឌនេះ អ្នកលក់កូនចាប ដែលមានទីលំនៅច្បារអំពៅរូបនេះ បានប្តូរពីការលក់នៅមុខវាំង មកលក់នៅតាមវត្តអារាមវិញម្តង ព្រោះថានៅរដូវភ្ជំបិណ្ឌនេះ សម្បូអ្នកមកធ្វើបុណ្យនៅឯវត្ត ដែលពួកគេជឿថា បុណ្យកុសល ដែលបានមកពីការព្រលែងកូនចាប ដែលបានជាប់ទ្រុងទាំងនោះ នឹងទៅដល់ញាតិការរបស់ពួកគេ ដែលបានចែកឋានទៅ។
មានអាយុ២៨ឆ្នាំ រាងតូចស្តើង និងមានសម្បុរស្រអែម នាង សុធា បានឱ្យដឹងទៀតថា រាល់កូនចាបដែលនាងយកមកលក់ ត្រូវបាននាងទិញចូល ក្នុងតម្លៃមួយក្បាល២០០០រៀល សម្រាប់ថ្ងៃបុណ្យទាន។ តែសម្រាប់ថ្ងៃធម្មតា មានតម្លៃត្រឹមតែ១៥០០ប៉ុណ្ណោះ។ រីឯការលក់ចេញវិញ ក្នុងរដូវភ្ជំបិណ្ឌបែបនេះ កូនចាបរបស់នាង ត្រូវបានលក់ដាច់ខុសពីថ្ងៃធម្មតា និងចំណេញបានច្រើន ព្រោះថាថ្ងៃធម្មតាលក់បានតែមួយគូរ ពី៣ពាន់រៀល ទៅបួនពាន់រៀល រីឯថ្ងៃបុណ្យទានវិញ នាងលក់បានក្នុងមួយគូពី៥ពាន់ ទៅ៦ពាន់រៀល។ នាង សុធា បញ្ជាក់ថា៖ «បើចាបច្រើន ជួនកាលលក់បាន៥០ម៉ឺន ហើយថ្ងៃខ្លះលក់បាន២០ម៉ឺន»។
ចំណែកយុវជនអាយុ២៤ឆ្នាំ ឈ្មោះ ហេង ទិត្យ ដែលបានប្តូមុខរបរ មកលក់កូនចាបក្នុងរដូវបិណ្ឌភ្ជំនេះ បានរៀបរាប់ឱ្យដឹងដែរថា៖ «ដោយសារ រដូវបុណ្យភ្ជំបិណ្ឌនេះ មានមនុស្សមកច្រើន ហើយអាចរកបានពេលហ្នឹង។ មួយថ្ងៃ រកបាន (ប្រាក់ចំណេញ) ពីប្រាំពីរ (ទៅ) ប្រាំបីម៉ឺន។»។ យុវជនលក់កូនចាប ដែលមានសម្បុរស្រគាំរូបនេះ បានពន្យល់ថា ពេលខ្លះលោកលក់បាន ពី៨០ ទៅ១០០ក្បាល ក្នុងមួយថ្ងៃ។ រីឯតម្លៃទិញចូល ក៏មានលក្ខណៈធូរស្រាលជាងនាង សុធា ខាងលើដែរ ដោយចំណាយចេញត្រឹម ១៥០០រៀល និងចំណូលមកវិញបាន ៣៥០០រៀល ក្នុងមួយក្បាល។
សម្រាប់លោក ល័ក្ខ មានមាឌមាំសម្បុរខ្មៅបន្តិច បានឈប់ប្រកបមុខរបរ ជាអ្នកធ្វើការសំណង់បណ្តោះអាសន្ន ហើយងាកមកចាប់របរ ក្នុងរដូវបុណ្យភ្ជំបិណ្ឌនេះវិញម្តង។ លោកកំពុងឈរហៅអតិថិជន ឱ្យទិញកូនចាបរបស់ខ្លួន យ៉ាងមមាញឹក។ លោកសប្បាយចិត្តណាស់ នឹងមុខរបរថ្មីសម្រាប់ពេលមួយគ្រានេះ ព្រោះវារកបានចំនូលច្រើនជាង មុខរបរប្រចាំថ្ងៃជាជាងសំណង់របស់លោក។
ចំណែកអ្នកទិញកូនចាបដើម្បីយកទៅព្រលែងវិញ លោក សុធា មានអាយុ២៣ឆ្នាំ ក្នុងពេលដែលលោកបាននាំប្រពន្ធកូនមកវត្ត លោកបានប្រាប់ឱ្យដឹង ការដែលលោកតែងតែចូលចិត្ត ទិញកូនចាបលែងក្នុងថ្ងៃបុណ្យទាននេះ ព្រោះដើម្បីឧទ្ទិសកុសលញាតិមិត្តទាំងពីរសន្តានដែល បានស្លាប់បាត់បង់ជីវិត ហើយលោកមានជំនឿថា នៅពេលសាច់ញាតិរបស់លោក ទៅកើតក្នុងជាតិខាងមុខទៀត ពួកគាត់នឹងជួបនឹងរឿងល្អៗជានិច្ច។ លោកបន្តថា៖ «យើងឃើញចាបជាប់ទ្រុងអញ្ចឹង គឺយើងចង់ឱ្យវាមានសេរីភាព ដូចយើងដែរ»៕