បុណ្យភ្ជំ៖ យុវវ័យសម័យថ្មីស្លៀកពាក់ ឲ្យព្រះសង្ឃ«បះ»កេសា!
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ តុលា ២០១៥
- កែប្រែចុងក្រោយ: October 14, 2015
- ប្រធានបទ: ប្រពៃណី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ស្រ្តី»សម័យទំនើប ឬសម័យបច្ចេកវិទ្យាថ្មី មួយចំនួន បានភ្លេចខ្លួន ដោយចូលទៅទីវត្តអារាម ក្នុងពិធីផ្សេងៗ ពិសេសពិធីបុណ្យភ្ជំបិណ្ឌ ដោយស្លៀកពាក់ដូចជាងកាត់មិនទាំន់រួច ឬស្លៀកពាក់ តាមរបៀបខ្វះក្រណាត់ ឬលុយទិញក្រណាត់ជាដើម។ បើទោះជាខ្លួនកំពុងធ្វើបុណ្យ សាងកុសល នៅចំពោះមុខព្រះសង្ឃក៏ដោយ តែសកម្មភាពដែលខ្លួនបង្ហាញ តាមសម្លៀកបំពាក់ កំពុងសាងបាបមួយយ៉ាងធ្ងន់ ដែលនាំឲ្យព្រះសង្ឃដាច់អាបតិ្ត។
នៅចំពោះព្រឹត្តិការណ៍សង្គមបែបនេះ អ្នកលេងហ្វេសប៊ុកដ៏ល្បីម្នាក់ លោក ឆាំ ឆានី បានបង្ហោះនូវពាក្យពេជ្រ ឌឺដងមួយចំនួន អមនឹងរូបភាពស្រ្តី ឬយុវតីមួយចំនួន ដែលស្លៀកពាក់ យ៉ាងស៊ិចស៊ី លេចលើ លេចក្រោម នៅចំពោះមុខព្រះសង្ឃជាដើម។ ពាក្យពេជ្រនោះ មានន័យជាអាថ៌ថា៖ «នាងអើយនាងមុំ ឲ្យរៀមបងសុំ ចិត្តមុំបានម្តង ព្រោះលោកក៏ជា ប្រុសដែរនួនល្អង បើម្លឹងៗម៉ង ឆ្លងភពម៉េចរួច។»
សម្រាប់លោក ចាន់ សីហា បានបង្ហាញនូវការហួសចិត្ត និងសោកស្តាយ ចំពោះយុវតីមួយចំនួនទាំងនោះ ហើយវាយតម្លៃពួកនាងៗទាំងនេះ ថាកំពុងឈ្លក់វង្វេង ធ្វើឲ្យវប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីដ៏ល្អរបស់ខ្មែរ ត្រូវបាត់បង់។ លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «អនិច្ចាក្រមសិល្បធម៌ខ្មែរ ដ៏ល្អល្អះ ផូរផង់ អស្ចារ្យ រាប់លានឆ្នាំមកហើយ ប្រែបែរជាមកធ្លាក់ដាំក្បាលចុះ ដោយមិនអាចស្រោចស្រង់បាន។ (...) ខន្តីៗៗៗៗៗៗ ណាញោមស្រីៗ សូមកុំប្រព្រឹត្តបែបនេះអី។»
យល់ផ្ទុយពីនេះ ម្ចាស់ហ្វេសប៊ូកម្នាក់ បានបង្ហាញការយល់ឃើញរបស់ខ្លួនថា ការស្លៀកខ្លី ឬលេចលើលេចក្រោមនោះ មិនជាការសំខាន់ឡើយ ព្រោះនេះគ្រាន់តែជាសំបកខាងក្រៅប៉ុណ្ណោះ ឲ្យតែមានចិត្តគោរព និងប្រតិបត្តិព្រះសង្ឃនោះ ជាការប្រពៃហើយ។ កញ្ញា សាង ប៊ុនម៉ៅ លើកឡើងទំនងជាចង់បង្ហាញថា ផ្ទុយនឹងទង្វើ អ្នកខ្លះបង្ហាញតាមសម្បកខាងក្រៅ ពីការគោរពស្រលាញ់ ចំពោះព្រះសង្ឃ តែក្នុងចិត្តវិញ មិនដែលទុកព្រះសង្ឃក្នុងចិត្តនោះឡើយ។ កញ្ញាបន្តថា៖ «មិនជាអ្វីទេ សម័យនេះទៅហើយ ភ្នែក ចិត្ត កាយព្រះអង្គ ក៏ត្រូវបានព្រះអង្គសង្រួមផងទៅហើយដែរ។ (...) ជាការល្អ ឲ្យតែយុវជនចេះគោរព សំពះព្រះសង្ឃ គោរពសាសនាបែបនេះ ក៏បានសមគួរតាមប្រពៃណីដែរ។»
យ៉ាងណា ចំពោះការរិៈគន់ និងការបកស្រាយខាងលើ ក៏មានអ្នកលេងហ្វេសហ៊ូកម្នាក់ទៀត បានបង្ហាញនូវការកោតសសើរចំពោះ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស និងភរិយា ដែលបានចូលរួម ក្នុងពិធីកាន់បិណ្ឌរបស់ខ្មែរ ក្នុងទឹកដីខ្មែរ ជាមួយនឹងសម្លៀកបំពាក់សមញ្ញធម្មតា។ លោក ឈុន ឧត្តម បានជូនមគ្គផល ទៅកាន់លោកឯកអគ្គរដ្ឋទូតថា៖ «សូមកោតសរសើរ និងសូមអនុមោទនា នូវទឹកចិត្ត ជ្រះថ្លារបស់គាត់»៕