ច្បាប់​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ថ្មី ចង់​ឲ្យ​មន្រ្តី​«អនុវត្ត​ខុស​ច្បាប់»​រួច​ខ្លួន?

តាមសេចក្តីព្រាងច្បាប់ គ្រប់គ្រងគ្រោះមហន្តរាយថ្មី របស់រដ្ឋាភិបាល មន្រ្តីអនុវត្តខុសច្បាប់គ្មានទោសទេ។ តែតាមគណកម្មការ នៃរដ្ឋសភា ថា «មន្រ្តីអនុវត្តច្បាប់ មានទោស ដូចពលរដ្ឋ» បើមន្រ្តីនោះ អនុវត្តខុសច្បាប់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៥ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 05, 2015
  • ប្រធានបទ: ច្បាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា (គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ ជនបទ បរិស្ថាន និងធនធានទឹក) បានជួបប្រជុំពិភាក្សាការងារជាមួយ អនុប្រធានទីមួយ នៃអាជ្ញាធរគ្រប់គ្រង​គ្រោះ​មហន្តរាយ ដោយមានការចូលរួម ពីគណៈកម្មការទី៦ នៃរដ្ឋសភា ក្នុងការពិនិត្យ លើសេចក្រីព្រាងច្បាប់ គ្រង់គ្រង​គ្រោះ​មហន្តរាយ ដែលបានស្នើមករដ្ឋសភាពិនិត្យ ដោយរដ្ឋាភិបាល។

ថ្លែងមកកាន់អ្នកសារព័ត៌មាន នាវិមានរដ្ឋសភា លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានលើកឡើងថា ក្រោយការពិនិត្យយ៉ាងល្អិតល្អន់ លើសេចក្តីព្រាងច្បាប់នោះ ជាមួយនឹងក្រុមការងារ នៃគណកម្មការទី៦នៃរដ្ឋសភា ឃើញ​ថា ច្បាប់នេះនៅមានកង្វះខាត ហើយត្រូវស្នើទៅរដ្ឋាភិបាលជាថ្មី ក្នុងការបន្ថែមមាត្រាមួយចំនួន ទាក់ទងនឹងការ​ដាក់​«ទោស​ទណ្ឌ» លើមន្រ្តីអនុវត្តច្បាប់។

លោក ប៉ុល ហំម បញ្ជាក់យ៉ាងដូច្នេះថា៖ «និយាយអំពីទោសបញ្ញត្តិ។ (…) យើងបានសង្កេតឃើញ សេចក្តី​ព្រាង​ច្បាប់​ផ្សេងៗ​ទាំងអស់ ដូចជារឿងអគ្គិភ័យក្តី រឿងអ្វីទាំងអស់ហ្នឹង ទោសបញ្ញត្តិហ្នឹង មានដាក់ទៅលើអ្នកដែលទប់ស្កាត់ ជាប្រជា​ពលរដ្ឋសាមញ្ញផង ហើយក៏មានដាក់ទោសទណ្ឌ ដល់មន្ត្រីអនុវត្តច្បាប់ហ្នឹង បើសិនជាមិនត្រឹមត្រូវ ក៏មានទោស​ទណ្ឌ​ដែរ។ (…) ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះ អត់មានការដាក់ទោសមន្ត្រីអនុវត្តច្បាប់ទេ។ ដូច្នេះគណកម្មការទី៣ និងទី៦ នៃ​រដ្ឋសភា ក៏បានស្នើទៅឲ្យរាជរដ្ឋាភិបាល ឲ្យមានថែមមួយមាត្រាទៀត ពីការដាក់ទោសទណ្ឌនេះ។»

ការស្នើសុំបញ្ចូលមាត្រាមួយចំនួន ក្នុងការដាក់ទោសទណ្ឌ លើមន្រ្តីអនុវត្តច្បាប់ដោយលោក ប៉ុល ហំម នោះ លោក លោក ញឹម វណ្ណដា ដែលជាថ្នាក់ដឹកនាំមួយរូប ធ្វើការពាក់ព័ន្ធនិងករណីនេះ លោកក៏បានឯកភាព នូវរាល់ចំណុច​ដែល​បានលើកឡើង ដោយគណកម្មការទី៣ និងទី៦ នៃរដ្ឋសភាដែរ បើទោះលោក ត្រូវបានគេមើលឃើញថា មានការ​រអៀស​ចិត្ត​យ៉ាងណាក៏ដោយ។

អនុប្រធានទីមួយនៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរូបនេះបានបន្ថែមយ៉ាងដូច្នេះថា «ចង់ឲ្យមន្រ្តីរាជការ គ្រោះ​មហន្ត​រាយ​ទទួលនូវទោសទណ្ឌដូចប្រជាពលរដ្ឋដែរ ក្នុងការអនុវត្តការងារគ្រោះមហន្តរាយ បើមានការខុសឆ្គងហ្នឹង។ (…) យើង​ចង់បាន ឲ្យច្បាប់នេះសភាអនុម័តឆាប់ៗ។ (…)ពិភពលោកក៏ដូចក្នុងតំបន់ និងនៅកម្ពុជា វាកើតមាន គ្រោះមហន្តរាយ​ញឹក​ញាប់ណាស់។ បើសិនយើងមិនមានច្បាប់មួយជាគោលទេ យើងពិបាកប្រតិបត្តិ និងអនុវត្តណាស់។»

ទាក់ទងនឹងសំណើរ នៃការបញ្ជូលមាត្រា ក្នុងច្បាប់ ស្តីពីការគ្រប់គ្រង គ្រោះមហន្តរាយថ្មី ពីការ«ដាក់ទោសទណ្ឌ»​លើ​មន្រ្តី​អនុវត្តច្បាប់ នេះ ក៏ត្រូវបានតំណាងរដ្ឋាភិបាលទទួល ដើម្បីដាក់ជូនគណៈរដ្ឋមន្ត្រី ពិនិត្យនិងសម្រេច​ជាបន្ត​ទៀត​ដែរ។ នេះបើតាមការបញ្ជាក់បន្ថែម របស់លោក ប៉ុល ហំម។

លោក ប៉ុលហំ បានបង្ហាញថា ទណ្ឌកម្មដែលត្រូវស្នើ ឲ្យមានការកំហិត និងដាក់ទោសលើមន្រ្តីអនុវត្តច្បាប់នោះ និង​បញ្ចូល​ក្នុងជំពូកទី៨ នៃច្បាប់សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។ លោកបន្តថា ទោសបញ្ញតិក្នុង​ច្បាប់​នោះ នឹង​ត្រូវលើកឡើងថា «សមត្ថកិច្ចគ្រប់គ្រងគ្រោះមហន្តរាយ ដែលខ្វះការទទួលខុសត្រូវ មិនបំពេញភារកិច្ច ឬ​បំពេញ​ភារកិច្ចក្នុងការងារគ្រោះមហន្តរាយ បង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ដល់ទ្រព្យសម្បត្តិឯកជន ឬសាធារណៈ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យប្រាក់ពី ១លានរៀល ទៅ៤លានរៀល»។

ឯតំណាងរដ្ឋាភិបាលក៏បានស្នើ ឲ្យមានការដាក់បញ្ចូល ពីការកំណត់ទោសទណ្ឌជាក់លាក់ ដើម្បីដាក់ទោស លើប្រជា​ពលរដ្ឋ​ណា ដែលមានចេតនារារាំង ឬបង្កឧបសគ្គ ដល់កិច្ចសហប្រតិបត្តិការគ្រោះមហន្តរាយ។ តាមមាត្រា៤១ នៃ​ច្បាប់​នេះ ចែងពីការដាក់ទោស លើពលរដ្ឋទាំងនោះថា៖ «ត្រូវផ្តន្ទាទោសធ្ងន់ ដាក់គុកពី ១ខែ ទៅ១ឆ្នាំ និងពិន័យ ជាប្រាក់ពី ១សែនរៀល ទៅ២លានរៀល»។

តាមលោក ប៉ុល ហំម សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងគ្រោះមហន្តរាយថ្មីនេះ មាន១០ជំពូក និង៤៧មាត្រា។ ហើយ​ខាងគណកម្មការទី៣ និងទី៦ នៃរដ្ឋសភា ស្នើសុំបន្ថែម១មាត្រាទៀត ឡើងដល់ ៤៨មាត្រា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...