ចាប់​ខ្លួន​មន្រ្តី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ ព្រោះ​«ត​មាត់»​ជា​មួយ​អភិបាល​រង​ខណ្ឌ

មន្ត្រីកងរាជអវុធហត្ថម្នាក់ ត្រូវបានចាប់ខ្លួន ឲ្យចាប់បញ្ជូនចូលក្នុងរថយន្ត បន្ទាប់ពីមានបញ្ជា ពីលោកអភិបាលរងខណ្ឌទួលគោក ដែលចុះត្រួតពិនិត្យផ្សារដើមគ។ ហេតុផលដែលចាប់មន្ត្រីរូបនេះ ដាក់ឡានទៅកាន់ខណ្ឌទួលគោកនេះ គឺដោយ​សារ​គ្រួសារ​របស់​លោក ជាអ្នកលក់ដូរ ហើយធ្វើឲ្យខូចសណ្តាប់ធ្នាប់ផ្សារ និងមានទំនាស់ពាក្យសម្តីតិចតួច។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៥ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 05, 2015
  • ប្រធានបទ: អំណាច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«លំអៀងខ្លាំងណាស់ ឲ្យរៀបតែខាងនេះ ខាងនោះមិនឲ្យរៀបផង» ទាំងនេះជាសម្តី របស់មន្រ្តីកងរាជអវុធហត្ថ លើផ្ទៃ​ប្រទេស​ម្នាក់ ឈ្មោះ អ៊ឹម សារ៉េត រស់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោករាជធានីភ្នំពេញ ដែលត្រូវបានក្រុមការងារ​សណ្តាប់​ធ្នាប់ ខណ្ឌទួលគោក ចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង៨ និង២០នាទីព្រឹក។ នេះជា​ហេតុការណ៍​ថ្មីមួយទៀត បង្កឲ្យមានការរអៀសចិត្ត ជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមបញ្ជារបស់លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌទួលគោក សម្រាប់ក្រសែភ្នែកអាជីវករជាច្រើន នៅក្នុងផ្សារដើមគ។

លោក អ៊ឹម សារ៉េត មន្ត្រីកងរាជអាវុធហត្ថ ដែលជាស្វាមីអាជីវកមួយរូប នៅផ្សារដើមគនោះ បានឲ្យទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ដឹង នៅថ្ងៃទី០៥ ខែមិនានេះថា នៅព្រឹកនោះ គេបានចាប់លោកដាក់ឡាន បញ្ជូនទៅខណ្ឌ និងបន្ទាប់មក បានដោះ​លែង​វិញ កាលពីពេលថ្មីៗនេះ។ លោកថា គាត់ជាអ្នកធ្វើការដែរ តែលំអៀងស្តាប់តែម្ខាង យកផលប្រយោជន៍​ឲ្យ​ម្ខាង ហើយ​ម្ខាង​ទៀតចាំតែទទួលកំហុស ហើយការចាប់លោកទៅនោះ ជាបំណងដែលចង់ឲ្យលោករង នូវភាពអាម៉ាស​មួយ។

លោកថ្លែងឡើងថា អ្នកដែលគ្មានរបៀបរបប សណ្ដាប់ធ្នាប់ មានទូទាំងផ្សារ ហេតុអ្វីមិនចាប់ខ្លូនផង ហេតុអ្វីបានជាចាប់ តែរូបលោកទៅវិញ? លោកបញ្ជាក់ថា លោកធ្លាប់មានតួនាទីមួយសមរម្យ នៅក្នុងសង្គមដែរ តែលោក​អភិបាល​រង​ខណ្ឌ បានបញ្ជាកូនចៅ ឲ្យធ្វើទង្វើបែបនេះ ទាំងមិនបាននិយាយគ្នា ឲ្យច្បាស់លាស់។

យ៉ាងណាក៏ដោយ លោក អ៊ឹម សារ៉េត មិនបានដាក់ពាក្យបណ្តឹងណាមួយ ប្រឆាំងក្រុមមន្ត្រីអាជ្ញាធរមូលដ្ឋានទាំងនោះទេ ដោយសារតែលោកត្រូវបានដោះលែងហើយ។ តែ​អ្វី​ដែលសំខាន់ នៅអង្គភាពរបស់លោក នៅមិនទាន់ទទួល​បានការ​បក​ស្រាយ ឲ្យបានច្បាស់លាស់នៅឡើយ។

បន្ទាប់ពីមានរឿងរ៉ាវចាប់ខ្លូននោះ លោក កាន់ វុទ្ធី ជាអតីតមេបញ្ជាការ របស់លោក អ៊ឹម សារ៉េត បានឲ្យដឹងថា លោក​សួរ​នាំរឿងនេះ ជាមួយអភិបាលរងខណ្ឌ តែលោក ប៉ាង លីដា ហាក់ធ្វើមិនដឹងមិនឮ ពីបញ្ហាទាំងនេះ​ទេ ដោយគ្រាន់​តែ​ឆ្លើយ​តបថា មកពីលោក អ៊ឹម សារ៉េត តមាត់ជាមួយអ្នករៀបចំសណ្តាប់ធ្នាប់ ហើយមិនព្រមប្រគល់ថវិកាមួយចំនួន ឲ្យអ្នក​រៀប​ចំ។ តែលោក កាន់ វុទ្ធី បានបញ្ជាក់ថា បញ្ហាថវិកា ត្រូវបានប្រគល់គ្រប់ចំនួន ទៅអ្នករៀបចំផ្សារ គឺក្នុងមួយខែ​ ៥០ ០០០​រៀល ខណៈបញ្ហាសំខាន់ បណ្ដាលមកពីភាពអយុត្តិធម៌ រវាងអ្នកលក់ដូរនៅជិតគ្នា ដែលអភិបាលរងខណ្ឌបានអនុវត្តន៍។

មិនអាចទាក់ទង លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដើម្បីសុំប្រតិកម្ម ទៅលើការលើកឡើងខាងលើបានទេ នៅពេលភ្លាមៗនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...