ហ៊ុន សែន គម្រាមក្រុមប្រឆាំង តាមពាក្យ «បដិវត្តន៍ពណ៌»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ មីនា ២០១៥
- កែប្រែចុងក្រោយ: March 05, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីរសៀលថ្ងៃទី៤ ខែមីនាម្សិលម៉ិញនេះ លោកនាយករដ្ឋមន្រ្តី ក៏បានប្រកាសប្រឆាំងយ៉ាងដាច់អង្ការទៅលើក្រុមមួយ ឬជនណាម្នាក់ ដែលហ៊ានធ្វើការប្រឆាំង នឹងការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ។ លោកចាត់ទុកថា ក្រុមនោះ ឬបុគ្កលនោះ កំពុងតែបង្កើត ឲ្យមាន«បដិវត្តន៍ពណ៌»ឡើង ដើម្បីរុញប្រទេសជាតិ ឲ្យចូលក្នុងសង្គ្រាមស៊ីវិល រួមទាំងការដណ្តើមអំណាច ពីអាជ្ញាធរស្របច្បាប់របស់កម្ពុជា។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីនេះ ត្រូវបានអតីតសាស្រ្តាចារ្យច្បាប់ នៃសកលវិទ្យាល័យក្នុងរាជធានីភ្នំពេញមួយរូប បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថានេះ ជាសង្គ្រាមពាក្យ«សម្តី»ថ្មី ដើម្បីគម្រាម ទៅកាន់ក្រុមដែលហ៊ានចេញមុខ ប្រឆាំងនឹងសកម្មភាពនានា របស់រដ្ឋភិបាល បើទោះជារដ្ឋាភិបាលនោះធ្វើខុសច្បាប់ ឬរំលោភរដ្ឋធម្មនុញ្ញាក៏ដោយ។
សាស្រ្តាចារ្យច្បាប់ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានបន្តថា តាមពាក្យសម្តី(លោក ហ៊ុន សែន) ខាងលើនេះ នៅកម្ពុជា ចាប់ពីពេលនេះតទៅ សិទ្ធិ និងសេរីភាពពលរដ្ឋ អាចនឹងត្រូវបានរឹតបណ្តឹង។ គណបក្សដែលមិនកាន់អំណាច ក៏នឹងប្រឈមនឹងភាពពិការ ក្នុងការជម្រុញឲ្យមានលិទ្ធិប្រជាធិបតេយ្យ តាមរយៈការងារ និងសកម្មភាពរបស់ខ្លួននោះដែរ។ លោកសាស្ត្រាចារ្យ បានលើកជាឧទាហរណ៏ថា៖ «បើបក្សប្រឆាំង ចង់ប្រឆាំងនឹងបុគ្គលមានអំណាចណាម្នាក់ ក្នុងគោលបំណងដើម្បីលិទ្ធិប្រជាធិបតេយ្យ និងសេរីភាពនៅកម្ពុជា ហើយរដ្ឋាភិបាលមិនឯកភាព តែបក្សប្រឆាំងនៅតែជំទាស់ចង់ធ្វើ។ ក្រោមហេតុផលនេះ រដ្ឋាភិបាលអាចនឹងធ្វើការចោទប្រកាន់ថា នេះជាការបង្កើតឲ្យមានបដិវត្តពណ៌ជាដើម។»
សាស្រ្តចារ្យខាងលើ បានមើលឃើញថា ក្នុងបរិបទកម្ពុជាសព្វថ្ងៃ អំណាចទាំងអស់ ហាក់កំពុងស្ថិតលើគណបក្សប្រជាជនកម្ពុជាតែមួយ ដែលនោះ មិនមែនជាអំណាចឯករាជ្យ នៃប្រទេសប្រជាធិបតេយ្យនោះឡើយ។ តួយ៉ាង ដូចជាគណបក្សប្រជាជនកម្ពុជា កំពុងបន្តប្រមូលផ្តុំអំណាចទាហាន និងទ័ពទាំងអស់ បញ្ចូលក្នុងគណៈកម្មការអចិន្ត្រៃយ៍ នៃគណបក្សរបស់ខ្លួន តាមរយៈថ្នាក់ដឹកនាំធំៗ នៃក្រុមសន្តិសុខជាតិទាំងនោះ។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជានេះ ក៏បានប្រមូលកម្លាំងសន្តិសុខជាតិ ដែលជាកម្លាំងអព្យាក្រិត្យ ឲ្យចូលរួមក្នុងការឃោសនា ស្វែងរកប្រយោជន៍ និងការគាំទ្របក្សខ្លួន ក្នុងនាមកម្លាំងការពារសន្តិសុខ សម្រាប់ជាតិទាំងមូលថែមទៀតផង។
ក្នុងពិធីបិទ សន្និបាតបូកសរុបការងារ នៅក្រសួងការពារជាតិ កាលពីថ្ងៃទី ០៤ ខែមិនា ម្សិលម៉ិញ លោកនាយករដ្ឋមន្រ្តីកម្ពុជាថ្លែងដូច្នេះថា៖ «សម្រាប់កម្ពុជាយើងកន្លងទៅ យើងបានបានឃើញយ៉ាងច្បាស់ នូវឧបាយកលផ្តួលរំលំ តាមរយៈនៃការផ្លាស់ប្តូរ តាមចិញ្ចើមថ្នល់។ ក្នុងស្ថានភាពនេះ កម្លាំងប្រដាប់អាវុធយើង បានធ្វើសកម្មភាព ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។ (…) សកម្មភាពទាំងនេះ មិនទាន់ត្រូវបានបញ្ចប់ទេ ពិតមែនបើមានភាពស្ងប់ស្ងាត់ ប៉ុន្ដែត្រូវតាមសម្លឹងមើលនូវបាតដៃទី៣ ដែលកំពុងធ្វើសកម្មភាពលួចលាក់ ដាច់ខាតមិនត្រូវឲ្យមានបដិវត្ដន៍ពណ៌ នៅក្នុងប្រទេសកម្ពុជានោះទេ មិនថាបដិវត្ដន៍ពណ៌ចេញមកពីទីណាទេ ចាំបាច់ត្រូវធ្វើសកម្មភាពបំផ្លាញ»។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ដែលស្នើឡើងឲ្យកម្លាំងសន្តិសុខរបស់ជាតិ ការពារដ្ខធម្មនុញ ជាតិ សាសានា និងព្រះមហាក្សត្រ នោះ គ្រាន់តែជាលេសនយោបាយប៉ុណ្ណោះ។ នេះបើតាមការអះអាងបន្ត របស់សាស្រ្តចារ្យច្បាប់ដដែល។ តែអ្វីដែលលោក ហ៊ុន សែន ចង់បាននោះ គឺ ជាការការពារអំណាច តំណែង និងបក្សរបស់ខ្លួន ដូចអ្វីដែលធ្លាប់បានធ្វើស្រាប់ កន្លងមកនេះជាដើម។ លោកសាស្ត្រាចារ្យ បានថ្លែងឲ្យដឹងទៀតថា៖ «កម្លាំងសន្តិសុខជាតិ ដែលរួមមានកងរាជអាវុធហត្ថ ទាហាន ប៉ូលីសជាដើម ជាកម្លាំងរបស់ជាតិ មិនមែនរបស់បុគ្កល របស់បក្ស ឬក្រុមណាមួយឡើយ។ កម្លាំងទាំងនេះ ធ្វើការការពារសន្តិសុខជាតិទាំងមូល ដើម្បីបំរើប្រយោជន៍ជាតិ សង្គម និងប្រជា។»
លោកថ្លែងថា ការស្រែកឡើង របស់លោកនាយករដ្ឋមន្រ្តី នូវពាក្យថា «បដិវត្តពណ៌» ជាគន្លឹះគោល ក្នុងការគម្រាមកំហែង ទៅគ្រប់មជ្ឈដ្ឋានណា ដែលហ៊ានតវ៉ា ក្នុងទ្រង់ទ្រាយមួយ ដើម្បីការផ្លាស់ប្តូរអ្នកដឹកនាំនានា ដូចរយៈកាលដែលគណបក្សសង្គ្រោះជាតិ ធ្លាប់ធ្វើកន្លងមកនេះជាដើម។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺ ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ ក្នុងប្រទេសកម្ពុជាបានទេ នាពេលនេះ ដោយគ្មានអ្នកទទួលទូរស័ទ្ធ។
ថ្មីៗនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យ ឲ្យទីស្ដីការគណរដ្ឋមន្ត្រី ក៏បានបង្ហាញក្នុងកិច្ចប្រជុំុំមួយដែរ ដល់សិក្ខាកាម ដែលបានចូលរួម ឲ្យស្វែងយល់ពីបញ្ហា នៃបដិវត្តន៍ពណ៌។ ក្នុងបណ្តាញព័ត៌មានសង្គម លោក ផៃ ស៊ីផាន បានសរសេរថា ចង់បានលទ្ធិប្រជាធិបតេយ្យ យកនីតិរដ្ឋជាមូលដ្ឋាន ក្នុងកិច្ចពង្រឹង និងពង្រីក លទ្ធិប្រជាធិបតេយ្យ ក្នុងកិច្ចចូលរួមរបស់មហាជន ដោយជៀសវាងនូវ«បដិវត្តន៍ពណ៌» ដែលកើតចេញពីក្រុម ឬជនដែលមាននិន្នាការឧទ្ទាម ឬក្រុមបដិវត្តន៍ យកចលនាមហាជនជាទិសដៅ ដើម្បីផ្លាស់ប្តូររបប៕