ហ៊ុន សែន រង​ការ​ប្តឹង​ជា​ថ្មី​ឡើង​តុលាការ ករណី​«កោះ​ត្រល់​និង​យួន»

«កាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុង ទៅឲ្យយួនដោយខុសច្បាប់ និងពីបទក្លែងបន្លំ​ឯកសារ​សាធារណៈ ដែលជាអ្នកផ្តើមគំនិត រួមដៃជាមួយបក្សពួករបស់ខ្លួន បណ្តាយឲ្យជនជាតិយួនចូលមកខុសច្បាប់» នេះជាកម្មវត្ថុក្នុងពាក្យបណ្តឹង ដែលប្តឹងដោយ យុវជនឈ្មោះ នាង សុឃុន ប្តឹងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា​បច្ចុប្បន្ន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«កាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុង ទៅឲ្យយួនដោយខុសច្បាប់ និងពីបទក្លែងបន្លំ​ឯកសារ​សាធារណៈ ដែលជាអ្នកផ្តើមគំនិត រួមដៃជាមួយបក្សពួករបស់ខ្លួន បណ្តាយឲ្យជនជាតិយួនចូលមកខុសច្បាប់» នេះជាកម្មវត្ថុក្នុងពាក្យបណ្តឹង ដែលប្តឹងដោយ យុវជនឈ្មោះ នាង សុឃុន ប្តឹងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា​បច្ចុប្បន្ន។

ប្រព័ន្ធយុត្តិធម៌  - ជាលើកដំបូងសម្រាប់ឆ្នាំ២០១៤ ដែលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានយុវជនមួយរូប ប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមករានេះ។ ពាក្យបណ្តឹងនោះមានតែស្នាមមេដៃ ដែល​ផ្តិតដោយលោក នាង សុឃុន តែម្នាក់គត់ ជានិស្សិតឆ្នាំទីបីនៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប ផ្នែកគ្រប់គ្រង និងសាកល​វិទ្យាល័យសីហមុនីរាជាឆ្នាំទីពីរ ផ្នែកច្បាប់។

ជាមួយនឹងការចោទសួររបស់អ្នកការសែត មុនលោកចូលទៅកាន់តុលាការដាក់ពាក្យបណ្តឹងនោះ លោកបានធ្វើការ​ចោទប្រកាន់ថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងក្រុមបក្សពួក បានបង្ហូរជនជាតិយួន ចូលមករស់នៅក្នុង​ទឹកដី​នៃប្រទេសកម្ពុជាដោយខុសច្បាប់។ ក្នុងនាមជាប្រជាពលរដ្ឋ និងក្នុងនាមយុវជនខ្មែរ ត្រូវមានភារកិច្ច និង​កាតព្វកិច្ច​ការពារនូវបូរណៈភាពទឹកដីរបស់ខ្លួន និងក៏ទាមទានូវទឹកដីមួយចំនួនដែលបានបាត់បង់ទៅ។ ជាមួយគ្នានេះលោក ក៏ចង់ឲ្យមានការវែកមុខ ដោយផ្លូវច្បាប់ចំពោះអ្នកដែលបានកាត់ទឹកដីកម្ពុជា ទៅឲ្យប្រទេសយួនគ្រប់គ្រង។

ជាប្រធានក្រុមយុវជនខ្មែរអ្នកស្នេហាជាតិ ដែលទើបតែបង្កើត និងមិនទាន់មានឈ្មោះ ចុះក្នុងបញ្ជីនៃក្រសួងមហាផ្ទៃ​នៅឡើយរូបនេះ បានបង្ហាញថា ក្នុងនាមលោកជាកូនខែ្មរមានកាតព្វកិច្ចចម្បងក្នុងការការពារ និងទាមទានូវអ្វី​ដែល​បានបាត់បង់ក្នុងពេលកន្លងទៅ ដោយបុគ្គលនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះ។ លោកបានបន្តរថា ជាមួយនឹង​ការ​ប្តឹង​នេះលោកមានសំអាង និងភស្តុតាងចាច្រើនដូចជាវីដេអូ រូបថត និងឯកសារមួយចំនួនទៀត សម្រាប់ជាបន្ទាល់​ក្នុង​ការតទល់ជាមួយលោក នាយករដ្ឋមន្រ្តីហ៊ុន សែន តាមផ្លូវច្បាប់។

លោកថាមិនមានការភ័យខ្លាច ចំពោះការចាប់ខ្លួនទេ ព្រោះតែការទាមទាចង់បានទឹកដីរបស់ខ្លួន ដែលបានបាត់​បង់​ទៅនោះ។ «ខ្ញុំត្រូវតែលះបង់ ខ្ញុំត្រូវតែទាមទានូវអ្វីដែលបុគ្គលលោក ហ៊ុន សែន លោកបានធ្វើអំពើខុសច្បាប់ និង​បានរំលោភបំពានលើរដ្ឋធម្មនុញ្ញ និងប្រមាថមើលងាយដល់ប្រជាពលរដ្ឋខ្មែរ និងអតីតព្រះមហាក្សត្រ។ (...) ខ្ញុំ​ប្តឹង​មិនមានការពាក់ព័ន្ធ នឹងគណបក្សនយោបាយណាមួយទេ។ (...) ខ្ញុំត្រូវតែហ៊ានបញ្ចេញញមុខ ជាមួយបុគ្គល​ម្នាក់​ដែលហ៊ានកាត់ទឹកដីខ្មែរ ទៅឲ្យជនជាតិយួន»។

ដូចគ្នាទៅនឹងករណីខាងលើនេះ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣កន្លងមក លោក សួង សុភ័ណ្ឌ ដែលជាបេក្ខជន​តំណាងរាស្រ្តមណ្ឌលប៉ៃលិន របស់គណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់​សាលាដំបូងរាជធានីភ្នំពេញដែរ ពីបទក្លែងឯកសារសាធារណៈ ដែលនាំឲ្យមានការហូរចូលជន​អន្តោប្រវេសន៍​វៀតណាម មករស់នៅក្នុងប្រទេសកម្ពុជា ដោយខុសច្បាប់។ ពាក្យបណ្ដឹងនោះ បានចោទលោក ហ៊ុន សែន ថាជា​អ្នកផ្ដើមគំនិត រួមដៃជាមួយបក្ខពួករបស់ខ្លួន បណ្ដោយឲ្យជនជាតិវៀតណាម ចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ ហើយមានសិទ្ធិកាន់អត្តសញ្ញាណប័ណ្ណ ដើម្បីចូលរួមបោះឆ្នោតថែមទៀត។ ករណីនេះក៏ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ មិនបានលើកយកមកពិចារណាឡើយ។

ទស្សនាវដ្តីមនោរម្យព័យអាំងហ្វូ មិនអាចសុំប្រតិកម្មតប ពីមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានទេ។ តែកន្លង​មក​អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី ក៏ធ្លាប់បាននង្ហាញពីការមិនចាប់អារម្មណ៏ ចំពោះពាក្យបណ្តឹងនៃ​ក្រុមយុវជន​ទាំងនេះឡើយ មិនខុសណាពីករណីលោក សួង សោភ័ណ នោះទេ។

យោងតាមគេហទំព័រហ្គូហ្គល (Google) ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក៏ធ្លាប់បានចេញផ្សាយ​ក្នុងរបាយការណ៍​របស់​ខ្លួននាពាក់កណ្តាលឆ្នាំ២០១៣ថា ជនអន្តោប្រវេសន៍វៀតណាម​ ដែលរស់ក្នុងទឹកដី​កម្ពុជា មាន​ចំនួន​ហុកសិបម៉ឺន​នាក់។ តែបើតាមការអះអាងដោយឡែក របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣​ថា ជនជាតិវៀតណាម ដែលមករស់នៅក្នុងប្រទេសកម្ពុជា មានប្រមាណតែដប់ម៉ឺននាក់ប៉ុណ្ណោះ។

តែសម្រាប់ លោក នាង សុឃុន អាយុ ២៥ឆ្នាំរូបនេះ នៅថ្ងៃដដែល បន្ទាប់ពីបានដាក់ពាក្យបណ្ដឹងនោះហើយ វេលា​ព្រឹកម៉ោងប្រាំបួន ក៏ត្រូវ​បានសាលាដំបូងរាជធានីភ្នំពេញបដិសេធ មិនទទួលពាក្យបណ្តឹងខាងលើនេះភ្លាមដែរ  ដោយ​អះអាងថា មិនមានភ្ជាប់មកជាមួយនូវឯកសារដែលពាក់ព័ន្ធ។ លោកបន្តរថា ខាងតុលាការបានឲ្យរូបលោក​ប្រមូលឯកសារដែលមាន រួចភ្ជាប់មកជាមួយពាក្យបណ្តឹងសាជាថ្មីនៅថ្ងៃទី៨ ខែមករា ខាងមុខនេះម្តងទៀត។

សូមរម្លឹកថានេះជាលើកទីពីរហើយ ដែលយុវជនរូននេះបានដាក់ពាកបណ្តឹងទៅកាន់តុលាការ ដោយប្តឹងចោទ​ប្រកាន់​លោកស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពីបទ«មនុស្សឃាត​ដោយចេតនា» បន្ទាប់ពីមានការផ្ទុះនូវហិង្សា ក្បែរស្ពានស្ទឹងមានជ័យ កាលពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែល​បណ្តាលឲ្យមានស្ត្រីម្នាក់ស្លាប់ និងមនុស្សជាងដប់នាក់ផ្សេងទៀតបានរងរបួស។ តែពាក្យបណ្តឹងខាងលើនេះ ត្រូវ​បាន​សាលាដំបូងរាជធានីភ្នំពេញ ដំកល់ទុកឥតចាត់ការ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៦ មករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...