នាយករដ្ឋមន្រ្តីហ៊ុនសែន នឹងទៅទស្សនកិច្ចនៅឡាវពីរថ្ងៃ
នៅថ្ងៃទី៦ និងទី៧ខែកុម្ភៈខាងមុខនេះ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន នឹងទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋក្នុងប្រទេសឡាវ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ហ៊ុន សែន និងលោកថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នឹងត្រូវចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការរវាងកម្ពុជា និងឡាវចំនួន៧ផងដែរ។
លោក ហ៊ុន សែន នៅពេលលោក ចុះពិនិត្យការដ្ឋានស្ពានស្ទឹងមានជ័យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣។ (រូបថត REUTERS/Samrang Pring)
ការទូត - លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវចំនួនពីរថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែកុម្ភៈខាងមុខនេះ តាមការអញ្ចើញរបស់លោក ថងស៊ីង ថាំម៉ាវង្ស នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ។ នេះបើយោងសេចក្តីជូនដំណឹងព័ត៌របស់ក្រសួងការបរទេស និងសហប្រតិការអន្តរជាតិនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជាដដែលនោះ បានបញ្ជាក់ថាអនុស្សារណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការ រវាងកម្ពុជា និងឡាវចំនូនប្រាំពីរនឹងត្រូវចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ទៅកាន់ប្រទេសឡាវជាមួយ លោកនាយករដ្ឋមន្រ្តីនៃប្រទេសឡាវនៃដំណើទស្សនកិច្ចចំនួនពីរថ្ងៃនេះ ។
ឯកសារដែលត្រូវចុះហត្ថលេខាទាំងនោះរួមមាន៖ ទី១ អនុស្សារណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យសុខាភិបាល។ ទី២ អនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យច្បាប់ និងយុត្តិធម៌។ ទី៣ អនុស្សារណៈយោគយល់ស្តីពីសហប្រតិបត្តិការវិស័យវប្បធម៌ និងសិល្បៈសំរាប់ឆ្នាំ២០១៤ដល់២០១៧។ ទី៤ កិច្ចព្រមព្រៀងស្តីពីវិស័យអប់រំសំរាប់ឆ្នាំ ២០១៤ ដល់ ២០១៨ ទី៥ ផែនការកិច្ចសហប្រតិបត្តិការសំរាប់ឆ្នាំ២០១៤ រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ ទី៦ អនុស្សារណៈស្តីពីការបង្កើតអគ្គកុងស៊ុលរវាងកម្ពុជា និងឡាវ និងទី៧ កិច្ចព្រមព្រៀងស្តីពីការបង្កើតចំណងសម្ព័ន្ធមេត្រីភាពរវាងភ្នំពេញ និងវៀងច័ន្ទ។
ក្នុងដំណើរទស្សនៈកិច្ចនេះដែរ នឹងមានអមដំណើរដោយ លោកហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ លោក សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីស្តីការគណៈរដ្ឋមន្រ្តី និងសមាជិកដទៃទៀត។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តីហ៊ុនសែន និងគណៈប្រតិភូ ដែលអមដំណើរជាមួយ ក៏នឹងជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយលោក ជួបម៉ាលី សៃញ៉ាសន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកស្រី ប៉ានី យ៉ាថរទូ ប្រធានសភាជាតិនៃប្រទេសឡាវផងដែរ៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៤