ពិធីបុណ្យចូលឆ្នាំចិន-វៀតណាម តែខ្មែរនៅភ្នំពេញនាំគ្នាស្ងាត់
នៅថ្ងៃបុណ្យចូលឆ្នាំចិននិងវៀតណាមឆ្នាំ២០១៤នេះ នៅភ្នំពេញមានសភាពស្ងាត់ ទាំងចរាចរណ៍ អាជីវកម្មលក់ដូរស្ងាត់ជាងរាល់ថ្ងៃ ដោយសារអាជីករមួយចំនួនបានបិទតូបសម្រាក និងមួយចំនួនទៀតបានឈប់សម្រាកពីការសិក្សា និងធ្វើការងារដើម្បីទៅប្រារព្ធពិធីចូលឆ្នាំចិន វៀតណាមនៅតាមខេត្ត។
ភាពស្ងប់ស្ងៀមនៅទីក្រុងភ្នំពេញ នាពេលចូលឆ្នាំប្រពៃណីចិន-វៀតណាម។ (រូបថត newtonthecat)
រដូវបុណ្យទាន - នៅរដូវបុណ្យចូលឆ្នាំចិន តាមស្ថាប័ននិងហាងលក់ដូរឬកន្លែងលក់ដូរ មិនតំរូវអោយឈប់សម្រាកនោះទេ តែក្រុមហ៊ុនឯកជន ហាងទំនិញធំៗ ឬកន្លែងលក់ដូរមួយចំនួន ដែលមានថៅកែជាប់ខ្សែស្រឡាយចិន និងវៀតណាមបានសម្រេចចិត្ត បិទទ្វារមិនធ្វើអាជីវកម្មឡើយក្នុងអំឡុងពេលនេះ ដើម្បីអបអរនិងប្រារព្ធពិធីបុណ្យនេះ។
កញ្ញាធីតា ជាអាជីករនៅផ្សារច្បារអំពៅបានអោយដឹងនៅថ្ងៃនេះ តូបអាជីវកម្មនៅផ្សារច្បារអំពៅបានបិទទាំងអស់។ រីតូបរបស់កញ្ញាវិញបានបិទមិនលក់ថ្ងៃនេះ និងថ្ងៃស្អែក ហើយខានស្អែកនឹងដំណើការលក់ធម្មតាវិញ ហើយសំរាប់តូបលក់ដូរផ្សេងវិញខ្លះបិទលក់បីបួនថ្ងៃ និងអ្នកខ្លះស្អែកនេះដំណើរការធម្មតាវិញ។
អាជីវករដែលមានខ្សែរស្រលាយកាត់វៀតណាមរូបនេះ បានបញ្ជាក់ថែមទៀតថា «មូលហេតុដែលខ្ញុំបិទតូបមិនលក់ពីរថ្ងៃនេះ ដោយសារពួកយើងបានហត់នឿយពេញមួយឆ្នាំហើយ ហើយយើងចង់សម្រាកខ្លះ»។
ការកត់សម្គាល់ឃើញថាមិនមែនតែក្រុមហ៊ុន ឬទីផ្សារទេដែលមិនសូវមានមនុស្សច្រើនធ្វើការ និងលក់ដូរនោះ នៅតាមគ្រឹះសា្ថនអប់រំរដ្ឋ និងឯកជននានាក៏មិនមានវត្តមានសិស្ស និងនិស្សិតដែរនៅថ្ងៃនេះ ដោយសិស្សមួយចំនួនបានឈប់សម្រាកសែនព្រេន និង សិស្សមួយចំនួនទៀតបាននាំគ្នាទៅស្រុកកំណើត។ រីឯមន្ត្រីរាជការមួយចំនួនធំក៏មិនទៅក្រសួងរបស់ខ្លួនដែរ ព្រោះតែរវល់ជាប់សែនព្រេនបុណ្យប្រពៃណីរបស់ចិន និងវៀតណាម។
កញ្ញា ឡេង សៀវលី ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបងនោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាជារៀងរាល់ឆ្នាំអោយតែដល់បុណ្យចូលឆ្នាំចិន កញ្ញាតែងមកស្រុកកំណើត ដើម្បីជូបជុំបងប្អូនព្រោះមួយឆ្នាំមានតែម្តង។ និសិត្សរូបនេះបានប្រាប់ទៀតថា «សំរាប់ខ្ញុំដែលមានខ្សែស្រលាយចិន ការមកស្រុកកំណើតដើម្បីសែនព្រេនជារឿងសំខាន់ ព្រោះមួយឆ្នាំមានតែម្តង។ ម្យ៉ាងនៅពេលដែលម៉ាក់របស់ខ្ញុំបានស្លាប់អញ្ចឹង អត់មានអ្នកណាជួយរៀបចំប្រដាប់ប្រដាសែនទេ ដូច្នេះខ្ញុំត្រូវតែមកជួយគ្រួសារក្នុងការរៀបចំ។»
ចំណែកស្ថានភាពចរាចរណ៍នៅក្នុងទីក្រុងភ្នំពេញ ក្នុងថ្ងៃធ្វើពិធីបុណ្យនេះ ក៏មានសភាពស្ងប់ស្ងាត់ជាងសព្វដង ដោយមនុស្សមួយចំនួនជាប់រៀបចំពិធីសែនព្រេន អ្នកខ្លះបានចាកចេញទៅជួបជុំបងប្អូននៅស្រុកកំណើត មួយចំនួនទៀតទៅកំសាន្តតាមបណ្តាខេត្តនានា ឬទៅកម្សាន្តទៅឯបរទេស។
តែផ្ទុយទៅវិញ បើទោះបីជាតូបក្នុងផ្សារភាគច្រើនត្រូវបានបិទ តែអាជីវករដែលនៅលក់ម្ហូបអាហារ នំ និងផ្លែឈើសម្រាប់សែនព្រេនមួយចំនួន នៅតែមានដំណើរការដូចធម្មតា ដោយសារតែពួកគាត់យល់ថា ថ្ងៃនេះវានឹងធ្វើឲ្យពួកគាត់មានចំណូលច្រើនជាងធម្មតា៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៤