ចូលឆ្នាំថ្មី ប្រធានាធិបតីចិនសន្យាលប់បំបាត់ភាពក្រីក្រ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ កុម្ភៈ ២០១៨
- កែប្រែចុងក្រោយ: February 16, 2018
- ប្រធានបទ: ភាពក្រីក្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានសន្យា នឹងលប់បំបាក់«បីសាច» នៃភាពក្រីក្រ ដែលនៅតែបន្តលងប្រទេសចិន រហូតមកដល់សព្វថ្ងៃ។ នេះ បើតាមការផ្សព្វផ្សាយឲ្យដឹង របស់ប្រព័ន្ធសារព័ត៌មានរដ្ឋ របស់ប្រទេសចិន នៅមុនបុណ្យចូលឆ្នាំថ្មី ចូលមកដល់បន្តិច។
លោក ស៊ី ជីនពីង ត្រូវបានសារព័ត៌មានស្រង់សំដី មកបញ្ជាក់ថា អាជ្ញាធរចិននឹងតាមប្រមាញ់ «ស្រមោលអន្ទោល» ដ៏អាក្រក់ទាំងនេះ តាមរយៈ«វប្បធម៌ ចំណេះដឹង និងសុខភាព»។
ការលើកឡើង របស់ប្រធានាធិបតីចិន ធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់ព្រៃភ្នំ ដ៏ដាច់ស្រយ៉ាលមួយ នៃខេត្តស៊ីឈ័ន ភាគកណ្ដាលប្រទេស។ តំបន់នោះ មានសហគមន៍ជនជាតិ «យី (Yi)» រស់នៅយ៉ាងច្រើន។ «យី» ជាជនជាតិភាគតិចមួយ ពីក្នុងចំណោមជនជាតិភាគតិចចំនួន៥៥ ដែលទទួលស្គាល់ជាផ្លូវការ ដោយរដ្ឋាភិបាលក្រុងប៉េកាំង។
លោកប្រធានាធិបតី បានយកឱកាសនៃការឈប់សម្រាក ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ដើម្បីធ្វើដំណើរទៅតំបន់ជាច្រើន នៅជុំវិញប្រទេស។ ជាទម្លាប់ ប្រជាជនចិន តែយកឱកាសនៃការឈប់សម្រាកនេះ ដើម្បីវិលត្រឡប់ទៅស្រុកភូមិ និងជួបជុំជាមួយក្រុមគ្រួសារ របស់ពួកគេ។
ប្រសាសន៍របស់លោក ស៊ី ជាចម្លើយទៅនឹងការត្អូញត្អែររបស់អ្នកស្រុក ដែលអះអាងថា ពួកគេបានធ្លាក់ខ្លួនឈឺ បង្កឡើងដោយ«ខ្មោចព្រាយបីសាច»។ លោកថា ការប្រយុទ្ធប្រឆាំង នឹងភាពក្រីក្រ គឺជាអាទិភាពមួយ នៅក្នុងនយោបាយរបស់លោក។ កាលពីឆ្នាំ២០១៥ លោកប្រធានាធិបតី បានសន្យាថា នឹងរំដោះប្រជាជនចិន ចំនួន៧០លាននាក់ ឲ្យរួចចាកផុត ពីភាពក្រីក្រ រាប់ពីពេលនោះ រហូតដល់ឆ្នាំ២០២០៕