ពិភពលោកទទួលអំណរឆ្នាំថ្មី ប្រទេសមួយៗធ្វើពិធីរៀងៗខ្លួន (វីដេអូ)
រវាងកាំជ្រួចផ្កាភ្ញី ដែលគេបាញ់បង្ហោះឡើង ទៅលើមេឃ ការប្រគុំតន្ត្រី និងរៀបចំទទួលតាមបែបសាសនា យើងបានឃើញថាពិភពលោកទាំងមូល បានរៀបចំទទួលបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០១៣ យ៉ាងសប្បាយរីករាយ ហើយពួកគេបានបំភ្លេចចោលទុកមួយអន្លឺ នូវវិបត្តិសេដ្ឋកិច្ច ឬវិបត្តិហិរញ្ញវត្ថុ ក៏ការគម្រាមកំហែងផ្សេងៗ។
ការបាញ់កាំជ្រួច នៅតាមបណ្ដោយ ឆ្នេរ«កូប៉ាកាបាណា» នៃទីក្រុងរីយ៉ូ ប្រទេសប៊្រេស៊ីល។ រូបថត RelaxNews។
នៅទីក្រុងញ៉ូយក បណ្ដាជនប្រមាណជា ១លាននាក់ បានប្រមូលគ្នានៅ ថែម៍ ស្កែរ (Times Square) ដើម្បីទទួលឆ្នាំថ្មី ជាមួយនឹងទម្លាប់នៃការទម្លាក់ចុះ នៃដុំពេជ្រចម្រុះពណ៌ ប្រមាណជា៦០វិនាទី រហូតដល់ពាក់កណ្ដាលអាធ្រាត។ ភាពសប្បាយរីករាយ បានកើតមានឡើងតាំងពីមុននេះបន្តិច ជាមួយនឹងកិច្ចព្រមព្រៀងថវិកា ដែលបានធ្វើឡើងរវាងសេតវិមាន នៃលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា និងក្រុមគូប្រជែងរបស់លោក មកពីគណបក្សសាធារណរដ្ឋ។ កិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតអោយអាមេរិក បញ្ជៀសបាននូវចំនាយត្បិតត្បៀត នៃ«ជញ្ជាំងថវិកាមួយ» ដែលអាចឈានទៅរក វិបត្តិសេដ្ឋកិច្ចអន្តរជាតិថ្មីមួយទៀត។
បាញ់កាំជ្រួចចំនួន ១៦នាទី នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល
កាំជ្រួចនេះបានបាញ់ឡើង ហើយត្រូវបានគេមើលឃើញពីឆ្នេរ«កូប៉ាកាបាណា (Copacabana)» ទីកន្លែងដែលមានមនុស្ស ប្រមាណជា២លាននាក់ ដែលភាគច្រើនជាទេសចរណ៍ រងចាំនៅទីនោះ។ នៅប៉ុន្មានម៉ោងមុននេះ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាំជ្រួចអបអរសាទរឆ្នាំថ្មីនេះ ដែលជូនជាផ្ទាំងទស្សនីយភាព ទៅអោយបណ្ដាជនប្រមាណជា ២៥០ ០០០នាក់ ក្នុងន័យជូនដំណើរឆ្នាំចាស់ ដែលជាឆ្នាំយ៉ាងសម្បូរបែបមួយ។ គួរបញ្ជាក់ថា ប្រទេសអង់គ្លេស ឆ្នាំ២០១២ ជាម្ចាស់ផ្ទះ ក្នុងការរៀបចំល្បែងអូឡាំពិក និងខួប៦០ឆ្នាំ នៃការឡើងគ្រងរាជ្យរបស់ ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទីពីរ។
ចំណែកនៅអាឡឺម៉ង់ឯណេះវិញ បណ្ដាជនច្រើនជាង ១លាននាក់ បានប្រារព្ធពិធីបុណ្យឆ្លងឆ្នាំនេះ នៅពីមុខទ្វា ប៊្រេនដឺប៊ួរ (Brandebourg) នៃទីក្រុងប៊ែរឡាំង ជាមួយនឹងការប្រគុំតន្ត្រីដ៏ធំសម្បើម «ស្វាគមន៍ឆ្នាំ២០១៣» ដែលមានសិល្បៈករចូលរួមសម្ដែង ២៦០នាក់។ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីឯណោះវិញ ក៏មានការប្រគុំតន្ត្រីដូចគ្នា នៅកណ្ដាលទីក្រុង ដែលមានមនុស្សមកទស្សនាប្រមាណជា ៣០០ ០០០នាក់។
មនុស្សរាប់សិបពាន់នាក់ នៅមហាវិថី ឆម អេលីហ្សេរ (Champs-Elysées) ក្នុងទីក្រុងប៉ារីស
ទោះជាមានខ្យល់ និងភ្លៀងធ្លាក់ជាតំណក់ៗ យ៉ាងណាក៏ដោយ ក៏មនុស្សម្នាមកពីគ្រប់ជ្រុង នៃពិភពលោក បានសង្វាតមកកាន់ទីនេះ ដើម្បីទទួលអំណរឆ្នាំថ្មីតាមរបៀបបារាំង។ ប៉ុន្តែអ្នកទេសចរណ៍ទាំងនោះភាគច្រើន បានសម្ដែងការសោកស្ដាយ ដោយប្រទេសបារាំង មិនបានរៀបចំអោយមានការរជើបរញ្ជួល អោយខ្លាំងជាងនេះ ជាពិសេសគ្មានការបាញ់កាំជ្រួច។
នៅអេស្ប៉ាញ បណ្ដាជនរស់នៅក្នុងទីក្រុងម៉ាឌ្រីដ ដែលបើទោះបី ធុញទ្រាន់នឹងស្ថានភាពឧត្តុនិយម ដែលប្រែក្លាយជាចុះត្រជាក់ខ្លាំង មានភ្លៀងផងនោះ ក៏នៅតែចុះមកជួបជុំគ្នា នៅទីលាន ពូអេរតា ដេល សុល (Puerta del Sol) ដ៏ធំរបស់ទីក្រុង ហើយបានជល់កែវគ្នា ជា«និមិត្តរូបនៃ សុភមង្គល» សម្រាប់ឆ្នាំថ្មី ឆ្នាំសកល២០១៣។
ការប្រារព្ធបុណ្យចូលឆ្នាំថ្មី នៅអ៊ឺរ៉ុប ចាប់ផ្ដើមមុនគេនៅប្រទេសរ៉ូស្សី ដែលមានទីតាំង នៅចុងខាងកើតបំផុតនៃទ្វីបនេះ។ នៅលើទីលានក្រហម កណ្ដាលទីក្រុងម៉ូស្គូ ភ្លើងបាញ់កាំជ្រួចយ៉ាងសន្ធឹកសន្ធាប់ សម្រាប់មនុស្សម្នា ជាច្រើនសិបពាន់នាក់ ដែលប្រមូលគ្នាមកឈរចាំទស្សនា។
បាញ់ភ្លើងហ្វាបំភ្លឺទៅលើមេឃ នៅទីក្រុងហុងកុង ប្រទេសចិន ដើម្បីទទួលឆ្នាំថ្មី។
អ្នកចម្រៀងល្បី ឃីលី មីណូក បាននិយាយ «ស្វាគមន៍ឆ្នាំថ្មី» នៅទីក្រុងស៊ីនី
នៅពីមុខមនុស្សរាប់សិបរយពាន់នាក់ នៅទីក្រុងស៊ីនី នៃប្រទេសអូស្ត្រាលី អ្នកចម្រៀងឃីលី មីណូក (Kylie Minogue) បានចុចប៉ូតុងមួយ ដែលបញ្ជាបាញ់កាំជ្រួច ដែលមានទម្ងន់ជាសរុបប្រមាណជា ៧តោន ដើម្បីលំអរមេឃដ៏ទូលំទូលាយ ស្ថិតនៅពីលើទីក្រុង។ បន្ទាប់ក្រោយមកបីម៉ោង នៅទីក្រុងហុងកុង ប្រទេសចិនឯណេះ ក៏បានធ្វើពិធីទទួលឆ្នាំថ្មីបន្តពីនោះដែរ ជាមួយនឹងការប្រគុំតន្ត្រី យ៉ាងគគ្រឹងគគ្រេង។ ក្នុងប្រទេសចិនដដែល នៅទីក្រុងសៀងហៃ ក៏ការរៀបចំទទួលអំណរឆ្នាំថ្មី ត្រូវបានធ្វើឡើង នៅចំពោះមុខអ្នកមកចូលរួមរាប់សិបរយពាន់នាក់ ដែលមកប្រជុំគ្នានៅតាមបណ្ដោយទន្លេ ហ៊ូអេងពូ ដើម្បីទស្សនារូបភាពជាលក្ខណៈ 3D បាញ់បញ្ចាំងទៅលើអាគារដ៏ធំមួយ។
រីឯទីក្រុងព្យុងយ៉ាង នៃប្រទេសកុម្មុយនីស កូរ៉េខាងជើង ប្រមុខដឹកនាំវ័យក្មេង ដ៏«មហិមា» របស់ប្រទេសនេះ លោក គីម ជុង-អ៊ុន (Kim Jong-Un) បានចេញមកថ្លែងការជួនពរ ជាមួយនឹងការបាញ់កាំជ្រួច ដើម្បីជាសារមួយ នៃ«ភាពទុកចិត្ត និងក្ដីសង្ឃឹម ទៅរកអនាគតដ៏ប្រសើរមួយ» ខណៈនៃការកាន់អំណាចរបស់លោក មានអាយុបានមួយឆ្នាំហើយ។
នៅជប៉ុន គ្រួសារជនជាតិប្រទេសនេះរាប់សិបរយគ្រួសារ បានធ្វើដំណើរទៅកាន់ព្រះវិហារ មុននឹងមកអង្គុយទស្សនាកម្មវិធីទូរទស្សន៍មួយ ដែលរៀបចំឡើងសម្រាប់ទទួលអំណរឆ្នាំថ្មី មានបណ្ដាជនជាទូទៅ ទស្សនាកម្មវិធីនេះប្រមាណជា៤០%។
សូមទស្សនាខ្សែរវីដេអូ ដែលមានរយះពេល៣នាទី និយាយអំពីការបាញ់កាំជ្រួច នៅជុំវិញពិភពលោក៖
ជាលើកទីមួយ នៅភូមា
នៅទីម័រខាងកើត រដ្ឋដ៏តូចជាងគេក្នុងមហាសមុទ្រប៉ាស៊ីភីក ការប្រារព្ធបុណ្យចូលឆ្នាំសកលនៅឆ្នាំនេះ មានរសជាតិមួយដោយឡែក ដោយហេតុថា កងកម្លាំងអន្តរជាតិរបស់អង្គការសហប្រជាជាតិ នឹងត្រូវដកចេញជាផ្លូវការ នៅថ្ងៃច័ន្ទខាងមុខនេះ បន្ទាប់ពីទទួលឯករាជ្យបាន១០ឆ្នាំកន្លងមកនោះ។
បន្ទាប់ពីផ្ដាច់ខ្លួនរស់នៅតែឯង អស់រយះពេលជាច្រើនទស្សវត្តន៍កន្លងមក ប្រទេសភូមាដែលកាន់សាសនាព្រះពុទ្ធ បានប្រារព្ធជាលើកទីមួយ បុណ្យចូលឆ្នាំសកល២០១៣នេះ ដោយមានការបាញ់កាំជ្រួចយ៉ាងពិសេស។ នៅប្រទេសឌុយបៃ កាំជ្រួចត្រូវបានគេបាញ់ពី អាគារ ប៊ៀរីខាលីហ្វា (Burj Khalifa) ដែលមានកំពស់ខ្ពស់ជាងគេក្នុងពិភពលោក មកបំភ្លឺផ្ទៃមេឃសម្រាប់ឆ្នាំ២០១៣។
ចំណែកប្រទេសឥណ្ឌា ដែលកំពុងតែវក់វី នឹងចលនាងើបប្រឆាំង ការរំលោភសេពសន្ធវះលើស្ត្រីភេទនោះ គ្រប់គម្រោងដែលបានត្រៀម ដើម្បីរៀបចំទទួលអំណេរឆ្នាំថ្មី ត្រូវបានលប់ចោលសឹងតែទាំងអស់។ ពិធីបុណ្យទទួលឆ្នាំថ្មីនេះ ក៏ត្រូវបានគេលប់ចោលដែរ នៅទីក្រុងការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា ដោយមូលហេតុសុខភាព របស់ប្រធានាធិបតីរបស់ប្រទេសនេះ លោកហ៊ុយហ្គោ ឆាវ៉េស (Hugo Chavez) បន្ទាប់ពីការវះកាត់ចំនួន ៤ដងមក នៅមិនទាន់ដឹងខ្លួននៅឡើយ ក្នុងមន្ទីពេទ្យនៃទីក្រុងឡាហាវ៉ាន ប្រទេសគុយបា៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ