ព្យុងយ៉ាងបាញ់កាំជ្រួចជាថ្មី ស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងទើបជាប់ឆ្នោត

- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 14, 2017
- ប្រធានបទ: ឧបទ្វីបកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការបាញ់កាំជ្រួចអន្តរទ្វីប ជាថ្មីទៀត និងជាលើកទីមួយ បើគេរាប់តាំងពីលោក មូន ជេ-អ៊ីន (Moon Jae-In) បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃប្រទេសកូរ៉េខាងត្បូងនោះមក។ លោក ជេ-អ៊ីន បានថ្លែងបរិហារការបាញ់នេះ ថាជា«ការបង្កហេតុដ៏គ្រោះថ្នាក់»មួយ។
សេចក្ដីប្រកាសព័ត៌មានមួយ របស់មន្ត្រីជាន់ខ្ពស់ នៃកងទ័ពកូរ៉េខាងត្បូង ដែលទើបនឹងចេញផ្សាយ បានបញ្ជាក់ឲ្យដឹងថា ការបាញ់កាំជ្រួច របស់ប្រទេសកូរ៉េខាងជើង បានធ្វើឡើងពីមូលដ្ឋានយោធាមួយ ឈ្មោះ «Kusong» ស្ថិតក្នុងខេត្ត «Pyongan ខាងជើង» នៅថ្ងៃអាទិត្យនេះ វេលាព្រឹកម៉ោង៥ និង៣០នាទី ម៉ោងក្នុងស្រុក និងបាញ់បានចម្ងាយ ៧០០គីឡូម៉ែត្រ។ ការបាញ់កាំជ្រួច ដែលទទួលបានជោគជ័យ កាលពីលើកមុន ត្រូវបានធ្វើឡើងតាំងពីខែកុម្ភៈ ចេញពីមូលដ្ឋានយោធាតែមួយ និងបាញ់បានចម្ងាយ ៥០០គីឡូម៉ែត្រ។
រីឯកងទ័ពអាមេរិក នៅក្នុងមហាសាគរបាស៊ីភិកវិញ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន អះអាងពីការបាញ់នេះដែរ តែបានបញ្ជាក់ថា ការហោះរំលង របស់គ្រាប់កាំជ្រួចនេះ មិនមែនជាការហោះរំលង របស់កាំជ្រួចអន្តរទ្វីបនោះទេ។
នេះជាការបាញ់លើកទីពីរ ក្នុងអំឡុងពេលពីរសប្ដាហ៍ចុងក្រោយ និងជាលើកទីមួយ រាប់ចាប់តាំងពីថ្ងៃព្រហស្បត្តិ៍ នៃការស្បថចូលកាន់តំណែង របស់លោក មូន ជេ-អ៊ីន ជាប្រធានាធិបតី របស់ប្រទេសកូរ៉េខាងត្បូងនោះមក។
អ្នកនាំពាក្យរបស់លោក មូន បានអះអាងថា នៅពេលទទួលបានដំណឹង ពីការបាញ់កាំជ្រួចនេះភ្លាម ប្រមុខរដ្ឋថ្មី នៃរបបក្រុងសេអ៊ូល បានកោះប្រជុំជាបន្ទាន់ ជាមួយនឹងទីប្រឹក្សាផ្នែកសន្តិសុខរបស់លោក។ បន្ទាប់ពីកិច្ចប្រជុំនេះរួច លោក មូន បានវាយតម្លៃការបាញ់កាំជ្រួចនេះ ថាជា«ការបង្កហេតុ យ៉ាងគ្រោះថ្នាក់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលថ្មីរបស់លោក ទើបនឹងចូលកាន់តំណែង នៅកូរ៉េខាងត្បូង»។
លោក មូន ជេ-អ៊ីន ជាអ្នកនិយមប្រើការជជែក ដើម្បីដោះស្រាយបញ្ហា ជាមួយប្រទេសកូរ៉េខាងជើង ដែលខុសពីប្រធានាធិបតីមុន។ លោកបានប្រកាស នៅក្រោយការស្បថ ចូលកាន់តំណែងថា លោកគ្រោងនឹងធ្វើដំណើរ ចូលទៅកាន់ប្រទេសកុម្មុយនីស នៅក្នុង«បរិយាកាសដ៏ល្អ»ណាមួយ ដើម្បីកាត់បន្ថយភាពតានតឹង។
សម្រាប់នាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាប៊េ (Shinzo Abe) វិញ បានវាយតម្លៃ ការបាញ់កាំជ្រួចជាថ្មីនេះ ថា«ជាការទទួលយកមិនបាន» ហើយវាជា«ការគម្រាមដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសជប៉ុន»។ លោកបានថ្លែងនៅព្រឹកថ្ងៃអាទិត្យនេះថា៖ «យើងជំទាស់ដាច់ខាត ទល់នឹងការបាញ់នេះ ពីសំណាក់ប្រទេសកូរ៉េខាងជើង»។
បើតាមនាយខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក «Yoshihide Suga» បានបញ្ជាក់បន្ថែមថា កាំជ្រួចរបស់របបក្រុងព្យុងយ៉ាង បានហោះក្នុងរយៈពេល ប្រមាណជា ៣០នាទី មុននឹងធ្លាក់ចូលក្នុងសមុទ្រជប៉ុន នៅចន្លោះរវាងកោះជប៉ុន និងឧបទ្វីបកូរ៉េ។
ប្រទេសកុម្មុយនីសកូរ៉េ បានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ចំនួនពីគ្រាប់ និងកាំជ្រួចរយៈមធ្យម ប្រមាណជា១២គ្រាប់ រាប់ចាប់តាំងពីដើមឆ្នាំ២០១៦មក។ ការសាកល្បងជាបន្តបន្ទាប់នេះ ធ្វើឡើងក្នុងក្ដីសង្ឃឹមថា គម្រោងកាំជ្រួចអន្តរទ្វីបរបស់ខ្លួន ដែលមានរយៈឆ្ងាយ និងដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នឹងអាចពន្លេចជារូបរាង ដើម្បីវាយប្រហារ ឲ្យដល់ទឹកដីភាគខាងលិច នៃសហរដ្ឋអាមេរិក។
មហិច្ឆតាផលិតកាំជ្រួចអន្តរទ្វីប របស់ក្រុងព្យុងយ៉ាង មិនបានធ្វើឲ្យក្រុមអ្នកជំនាញ ជឿជាក់តាមនោះទេ។ ប៉ុន្តែក្រុមអ្នកជំនាញទាំងនោះ បានទទួលស្គាល់ថា តាំងពីលោក គីម ជុង-អ៊ុន (im Jong-Un) ឡើងស្នងតំណែងឪពុក នៅឆ្នាំ២០១១នោះមក មហិច្ឆតានេះមានដំណើរលឿនទៅមុខ ជាងការរំពឹងទុកពិតប្រាកដមែន៕