វិបត្តិឧបទ្វីបកូរ៉េ៖ ការ​គម្រាម​​តាម​សម្ដី​បាន​កន្លង​ផុត តែ​ដាក់​ឱសានវាទ​ជា​ថ្មី

ការគម្រាម ដាក់ឱសានវាទជាថ្មីរបស់ទីក្រុងព្យុងយ៉ាង បានធ្លាក់មកដល់ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ចន ឃែរី (John Kerry) បានចាកចេញផុតពីតំបន់អាស៊ីខាងកើត។ ក្នុងដំណើរទស្សនកិច្ចបីប្រទេស របស់ប្រមុខការទូត​អាមេរិកលោក ឃែរី បានបញ្ជាក់សារជាថ្មី ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកូរ៉េខាងត្បូង និងជប៉ុន ហើយព្រមទាំង​បានទទូចអោយចិន រំងាប់អារម្មណ៍អ្នកជិតខាង (កូរ៉េខាងជើង) របស់ខ្លួន កុំអោយបង្កហេតុណាបន្ថែមទៀត។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការឆ្លើយតបនឹងបាតុកម្មប្រឆាំងកូរ៉េខាងជើង នៅទីក្រុងសេអ៊ូល កាលពីថ្ងៃច័ន្ទទី១៥ខែមេសាកន្លងទៅ ទីក្រុងព្យុងយ៉ាង​បានដាក់ឱសានវាទ នៅថ្ងៃអង្គារនេះ ទៅលើប្រទេសកូរ៉េខាងត្បូង ថានឹងបើកការវាយប្រហារ ប្រសិនបើទីក្រុងសេអ៊ូល មិនសុំទោសជាផ្លូវការ។


បាតុកម្មប្រឆាំងនឹងរបបក្រុងព្យុងយ៉ាង នៅទីក្រុងសេអ៊ូល ថ្ងៃទី១៥ខែមេសាកន្លងទៅ។ (រូបថត AP)

ការគម្រាម ដាក់ឱសានវាទជាថ្មីរបស់ទីក្រុងព្យុងយ៉ាង បានធ្លាក់មកដល់ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក​ចន ឃែរី (John Kerry) បានចាកចេញផុតពីតំបន់អាស៊ីខាងកើត។ ក្នុងដំណើរទស្សនកិច្ចបីប្រទេស របស់ប្រមុខការទូត​អាមេរិកលោក ឃែរី បានបញ្ជាក់សារជាថ្មី ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកូរ៉េខាងត្បូង និងជប៉ុន ហើយព្រមទាំង​បានទទូចអោយចិន រំងាប់អារម្មណ៍អ្នកជិតខាង (កូរ៉េខាងជើង) របស់ខ្លួន កុំអោយបង្កហេតុណាបន្ថែមទៀត។

បាតុកម្មប្រឆាំងនឹងកូរ៉េខាងជើង នៅសេអ៊ូល

នៅថ្ងៃច័ន្ទទី១៥ខែមេសា ដែលជាថ្ងៃបុណ្យខួបកំណើត នៃលោក គីម អ៊ីលស៊ុង (Kim Il-Sung) មហាស្ថាបនិកកូរ៉េខាងជើង និងជាជីតារបស់មេដឹកនាំវ័យក្មេងបច្ចុប្បន្ននោះ បាតុករប្រមាណជាង ៤០នាក់ បានយករូបថត​របស់មេដឹកនាំ«តពូជ» ទាំង​បី ពីជីតារហូតដល់ចៅ យកមកដុតចោល។ សកម្មភាពនេះ បានបង្កអោយមានការខឹងក្រេបក្រោប ពីសំណាក់​មេដឹកនាំ​កូរ៉េខាងជើង ដោយបានចាត់ទុកថា ជាអំពើ«ជួរជាតិ» និងត្រូវដាក់បណ្ដាសារបីដងបន្ថែមទៀត។ អគ្គមេបញ្ជាការ​កងទ័ព​កូរ៉េខាងជើង បានប្រកាសថា «ការវាយបកនឹងអាចចាប់ផ្ដើម ដោយមិនបានប្រាប់មុន ចាប់ពីពេលនេះទៅ ប្រឆាំងនឹងអំពើ​ឧក្រិដ្ឋកម្ម ដែលនៅតែបានបន្តធ្វើនៅទីក្រុងសេអ៊ូល អោយរបួសដល់ភាពថ្លៃថ្នូរ របស់អគ្គមគ្គុទេសរបស់កូរ៉េខាងជើង»។

ចំណែកកូរ៉េខាងត្បូងវិញ បានវាយតម្លៃ នៅក្នុងចម្លើយរបស់ខ្លួនថា ជាឱសានវាទគួរអោយ«សោកស្ដាយ» ដែល​ឈាន​ទៅដល់ការ«គម្រាម»វាយប្រហារ ប្រសិនបើកូរ៉េខាងត្បូងមិន«សុំទោស»។

សហគមន៍អន្តរជាតិ បានព្រួយបារម្ភតាំងពីច្រើនសប្ដាហ៍មកហើយ ពីការសាកល្បងបាញ់កាំជ្រួចណាមួយ របស់ប្រទេស​កូរ៉េខាងជើង ជាពិសេសនៅថ្ងៃទី១៥ខែមសាកន្លងមកនេះ។ លោកចន ឃែរី បានថ្លែងនៅមុនការចាកចេញ​របស់លោក​ពី​ប្រទេសជប៉ុនថា សហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចារជាមួយរបបព្យុងយ៉ាង។ តែកងទ័ពនៃរបប​កុម្មុយនីស បែរជាដាក់ឱសានវាទជាថ្មី អោយទីក្រុងសេអ៊ូល ដោយអះអាងថា បើកូរ៉េខាងត្បូងចង់ជជែក និង«ចរចារ»មែន​នោះ ប្រទេសនេះត្រូវ«សុំទោស» ជាមុនសិន នៅចំពោះអំពើ«អមិត្ត»ទាំងឡាយ ប្រឆាំងកូរ៉េខាងជើង។

សម្រាប់វ៉ាស៊ីនតោន និងសេអ៊ូល ការរំសាយអាវុធនុយក្លេអ៊ែរ ជាកម្មវត្ថុចម្បង

ទីក្រុងវ៉ាស៊ីនតោនបាននិយាយនៅថ្ងៃច័ន្ទថា លក្ខខ័ណ្ឌក្នុងការចូលជជែកសារជាថ្មី ជាមួយទីក្រុងព្យុងយ៉ាង នៅតែមិន​មាន​ការផ្លាស់ប្ដូរ។ អ្នកនាំពាក្យសេតវិមាត លោកជេ កាណី (Jay Carney)  បានថ្លែងថា​ «វាជាជំហររបស់យើង ជារៀង​រហូត​មក។ (...) កូរ៉េខាងជើងត្រូវប្ដេជ្ញាគោរព កតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដូចដែលបានព្រមព្រៀងរួចហើយ។»

សេតវិមានក៏បានបញ្ជាក់ដែរថា បានអញ្ជើញប្រធានាធិបតីកូរ៉េខាងត្បូង​ ដែលទើបនឹងជាប់ឆ្នោតថ្មី លោកស្រី ប៉ាក ជុកហេ (Park Geun-Hye) នៅថ្ងៃទី០៧ឧសភា អោយធ្វើដំណើរមកកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបជជែកជាមួយ ប្រធានាធិបតី​អាមេរិក លោកបារ៉ាក់ អូបាម៉ា (Barack Obama) ជុំវិញការបន្តកិច្ចសហប្រតិបត្តិការ នៃការរំសាយអាវុធនុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ និងទប់ទល់ នូវរាល់ការគម្រាមទាំងឡាយ របស់កូរ៉េខាងជើង៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៥​ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...