ក្រុងព្យុងយ៉ាង កំពុងត្រៀមបាញ់កាំជ្រួចរយៈឆ្ងាយមួយទៀត?
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ មករា ២០១៦
- កែប្រែចុងក្រោយ: January 30, 2016
- ប្រធានបទ: កាំជ្រួច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដំណឹងចេញពីប្រទេសកូរ៉េខាងជើង កាន់តែធ្វើឲ្យពិភពលោក «ញ៉ាក់សាច់» ខ្លាំងឡើង។ ទីក្រុងព្យុងយ៉ាង ទំនងជាកំពុងរៀបចំការបាញ់សាកល្បង នូវកាំជ្រួចរយៈឆ្ងាយមួយទៀត។ នេះបើតាមសេចក្ដីរាយការណ៍នានា របស់សារព័ត៌មានជប៉ុន ចេញផ្សាយក្នុងចុងសប្ដាហ៍នេះ។ ប្រសិនជាគម្រោងសាកល្បង ពិតជាមានមែននោះ បានន័យថា នេះសកម្មភាពថ្មីមួយទៀត នៅក្នុងរយៈពេល តែ៣សប្ដាហ៍ក្រោយ ការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ ជាលើកទី៤ កាលពីដើមខែមករាកន្លងមក របស់ប្រទេសកុម្មុយនីស។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន ដូចយ៉ាងទីភ្នាក់ងារព័ត៌មាន «Kyodo» ជាដើម បានយោងប្រភពពីរដ្ឋាភិបាលជប៉ុន ទាក់ទងនឹងការវិភាគ ទៅលើរូបភាព ដែលចាប់បានដោយប្រព័ន្ធផ្កាយរណប បង្ហាញពីការរៀបចំ នូវការបាញ់កាំជ្រួចមួយ ពីមជ្ឈមណ្ឌល «Dongchang-ri» ភាគខាងលិចនៃប្រទេសកូរ៉េខាងជើង។ ការរៀបចំការបាញ់នេះ អាចនឹងរួចរាល់ នៅក្នុងអំឡុងមួយសប្ដាហ៍ខាងមុខ។ ទូរទស្សន៍ «NHK» របស់ជប៉ុន ក៏បានស្រង់ប្រភពនោះ មកអះអាងទៀតថា ចលនាផ្លាស់ប្ដូរ របស់មនុស្ស និងយានយន្ដជាច្រើន ត្រូវបានមើលឃើញ នៅក្នុង និងជុំវិញមជ្ឈមណ្ឌលនោះ។ យានយន្ដទាំងនោះ ត្រូវបានបិតគ្រប ដោយក្រណាត់។
រូបភាពនោះ មិនត្រូវបានបញ្ចេញដោយដឹងទេ...
ទីភ្នាក់ងារព័ត៌មាន «Kyodo» មិនបានអះអាងឲ្យច្បាស់ ពីប្រភពនៃការវិភាគ ទៅលើរូបភាពទាំងនោះទេ។ ប៉ុន្តែតាំងពីឆ្នាំ២០០៣មក ប្រទេសជប៉ុនបានបង្កើត នូវប្រព័ន្ធ«ឃ្លាំមើល»មួយ ពីលើអាកាស ទៅលើប្រទេសកូរ៉េខាងជើង។ សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ របស់ប្រទេសជប៉ុនវិញ ក៏បានធ្វើការដូចគ្នានេះ ជារឿយៗ ពីលើអាកាសដូចគ្នាដែរ។
ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បង បាញ់កាំជ្រួចជាច្រើនលើកច្រើនគ្រាហើយ នៅក្នុងពេលកន្លងមក។ កាលពីខែធ្នូ ឆ្នាំ២០១២ ប្រទេសនេះបានអះអាងថា បានបាញ់កាំជ្រួចផ្កាយរណប ធុន «Unha-3» មួយ ឡើងទៅលើអាកាស។ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកវិញ បានរកឃើញថា សកម្មភាពនាពេលនោះ គឺជាការបាញ់សាកល្បង កាំជ្រួចរយៈឆ្ងាយមួយ របស់របបកុម្មុយនីស៕
» សកម្មភាពត្រៀមបាញ់កាំជ្រួចផ្កាយរណប ធុន «Unha» របស់ប្រទេសកូរ៉េខាងជើង៖