ទ្រង់ រណឫទ្ធិ ព្រមាន​អ្នក​​ស៊ី​​បាយ​​បោក​​ឆ្នាំង នៅ​ក្នុង​ហ៊្វុនស៊ិនប៉ិច​

ណ៎ែទានហើយ... សូម«កុំទទួលទានបាយហើយ បោកឆ្នាំងចោល»! នេះជាបន្ទូលរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលថ្លែង​ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបមួយ របស់ទ្រង់ជាមួយថ្នាក់ដឹកនាំ និង​សកម្មជន​នៅ​មូលដ្ឋាន ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣០ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: January 30, 2016
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«កុំទទួលទានបាយហើយ បោកឆ្នាំងចោល»។ នេះជាសុភាសិកចាស់បូរាណមួយឃ្លា ដែលព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លើកយកមកមានបន្ទូល ប្រាប់ក្រុមអ្នកកាសែត នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមករានេះ បន្ទាប់ពីចប់កម្មវិធី ជួបប្រជុំពិភាក្សា ការងារ ជាមួយថ្នាក់ដឹកនាំ​គណបក្ស ប្រចាំរាជធានី ភ្នំពេញ និងសកម្មជនមូលដ្ឋាន នាភោជនីយដ្ឋានទន្លេបាសាក់២ ខណ្ឌចំការមន។

ព្រះអង្គម្ចាស់ បានថ្លែងព្រមាន ជន«ស៊ីបាយរួចបោកឆ្នាំងចោល» នោះទៀតថា បើអ្នកណាហ៊ានធ្វើអ្វីខុស ពី​គោលការណ៍របស់គណបក្ស នោះព្រះអង្គដែលជាប្រធានគណបក្ស នឹងចាត់វិធានការតាមផ្លូវច្បាប់។ ព្រះ​រាជ​បុត្រ របស់អតីតព្រះមហាវីរក្សត្រ នរោត្ដម សីហនុ អង្គនេះ បានមានបន្ទូលថា៖ «ប្រាប់អោយច្បាស់។ លក្ខន្តិកៈ​របស់គណបក្ស បើខ្ញុំនៅតែធ្វើជាប្រធានបក្ស ខ្ញុំនឹងចាត់វិធានការ លើមន្រ្តីណាដែលអនុវត្តន៍ ផ្ទុយពីច្បាប់បក្ស។ បើអ្នកណាធ្វើ សូមឲ្យទទួលខុសត្រូវ លើបក្សរាជានិយមជៀសវាង កុំបោកឆ្នាំងបាយ កុំកកូរ រើទៅណារើទៅ។»

បើទោះជាព្រះអង្គម្ចាស់ មិនបានលើកយកមន្ត្រី ដែល«ស៊ីបាយរួចបោកឆ្នាំងចោល»នោះ មកនិយាយ​ឲ្យចំ​ឈ្មោះ​ក៏ដោយ ក៏បន្ទូលនេះរបស់ទ្រង់ បានធ្វើឡើង នៅស្របពេលដែលព្រះអង្គ មានជំលោះ ពាក្យសំដី ជា​មួយ​លោកញឹក ប៊ុនឆៃ ដែលជាអគ្គលេខាធិការ របស់គណបក្ស ក្នុងពេលថ្មីៗនេះទៀត។ សម្រាប់ក្រុមអ្នក​តាម​ដាន​នយោបាយ បាន​ចាត់​ទុក​ថា បន្ទូលនេះទំនងជាទ្រង់ចង់បញ្ឆិតបញ្ឆៀង ឲ្យលោក ញឹក ប៊ុនឆៃ ផ្ទាល់តែម្ដង។

បង្កើតឡើងនៅឆ្នាំ១៩៩១ ចេញពីចលនាតស៊ូសីហនុនិយម គណបក្សហ្វ៊ុនស៊ីនប៉ិច បានរងការរង្គោះរង្គើ ជា​ច្រើន​លើក​ច្រើនសារ ហើយបានរងនូវការធ្លាក់សម្លេងគាំទ្រ យ៉ាងធ្ងន់ធ្ងរ ពី៥៨កៅអីក្នុងរដ្ឋសភានីតិកាលទី១ មក​សូន្យ​កៅអី​ នៅនីតិកាលទី៥នាពេលនេះ។ បន្ទាប់ពីព្រះអង្គបានចាកចេញ ទៅបង្កើតគណបក្សផ្សេង អស់​ជា​ច្រើនឆ្នាំ ព្រះអង្គម្ចាស់ រណឫទ្ធិ បានត្រឡប់​ចូល​មកធ្វើ ជា​ប្រធានគណបក្សនេះវិញ កាលពីដើមឆ្នាំ២០១៥​កន្លង​ទៅ។

យ៉ាងណាក៏ដោយ ក៏នៅក្នុងរយៈពេល១ឆ្នាំ នៃការត្រឡប់មកដឹកនាំគណបក្សនេះឡើងវិញ  គេនៅតែ​លេច​ឮ​ព័ត៌មានមិនឈប់ឈរ ពីជម្លោះផ្ទៃក្នុងរបស់គណបក្ស ជាពិសេស​រវាង​ព្រះអង្គ (នរោត្ដម រណឫទ្ធិ) និង​លោក ញឹក ប៊ុនឆៃ ខណៈពេលដែលព្រះអង្គម្ចាស់ អង្គឯងបានបញ្ជាក់​អះអាង​ ពី​សកម្មភាព​កន្លងមក ថាជា​«កំណែ​ទម្រង់»​​មួយ។

មានបន្ទូលបន្ត ទៅកាន់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែមករាដដែលនេះ ព្រះអង្គបានឲ្យដឹងថា គោលដៅ​របស់​ព្រះអង្គ គឺទីមួយ រៀបចំរចនាសម្ព័ន្ឋគណបក្សឡើងវិញ និងទី២ ការដាក់ស្លាក ព្រមទាំងប្រមែប្រមូល​អ្នក​រាជា​និយមនោះផង។ ព្រះអង្គបានមានបន្ទូលព្រមានទៀតថា៖ «យើងបានធ្វើ២នេះហើយ។ (...) ខ្ញុំមិនដេញ​អ្នកណា​ចេញទេ តែបើគេចង់ចេញទៅ ជាមួយបក្សណាក៏ចេញទៅ»។

មិនទាន់មានប្រតិកម្មពីលោក ញឹក ប៊ុនឆៃ នៅឡើយ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏មិនអាចទាក់ទង​លោក​បានដែរ ដោយហៅទូរសព្ទ័ តែគ្មានការទទួលនិយាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...