ស្ត្រីនគរបាលរូបនេះបានបំបៅសង្គ្រោះជីវិតទារិកាជិតស្លាប់ម្នាក់
- ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី៣០ មករា ២០១៦
- កែប្រែចុងក្រោយ: January 30, 2016
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីនគរបាលជាតិកូឡំប៊ី អ្នកស្រី ល្វីសា ហ្វែណង់ដា អៀរ៉េអា (Luisa Fernanda Urrea) ទើបនឹងទទួលបានការកោតសរសើរ ពីសំណាក់ថ្នាក់លើ់របស់អ្នកស្រី និងពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទាក់ទងនឹងកាយវិការមួយរបស់អ្នកស្រី ដើម្បីធ្វើការសង្គ្រោះ ជនរងគ្រោះម្នាក់ ដែលទើបនឹងមានអាយុ ប៉ុន្មានម៉ោងប៉ុណ្ណោះ។ អ្នកស្រី ល្វីសា ដែលទើបនឹងក្លាយ ជាអ្នកម្ដាយវ័យក្មេងដែរនោះ ត្រូវបានបញ្ជូន ឲ្យទៅធ្វើអន្តរាគមន៍ នៅក្នុងភូមិ «Tuluà» ដែលជាតំបន់ព្រៃភ្នំដាច់ស្រយ៉ាលមួយ នៅភាគខាងលិច នៃប្រទេសកូឡំប៊ី។ នៅទីនោះ អ្នកស្រុកទើបនឹងរកឃើញ ទារិការដ៏តូចមួយរូប ដែលត្រូវបានយកមក«ផ្លុងចោល» យ៉ាងអាណោចអធម ក្នុងគុម្ពោតព្រៃ។
អ្នកដែលឃើញទារិកានេះមុនគេ គឺអ្នកស្រី អេឌីណូរ៉ា ជីមើណេស (Edinora Jimenez) អាយុ៥៩ឆ្នាំ ខណៈពេលអ្នកស្រី កំពុងបេះផ្លែក្រូច នៅក្នុងចំការមួយ។ អ្នកស្រី បានរៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា៖ «ខ្ញុំបានឮសម្លេងយំ នៅខណៈពេល ដែលខ្ញុំកំពុងតែបេះ និងប្រមែប្រមូលផ្លែក្រូច។ ដំបូងខ្ញុំគិតថា ជាសម្លេងឆ្មារយំ។ តែនៅពេលខ្ញុំដើរទៅជិត ខ្ញុំភ្ញាក់ព្រើត ព្រោះជាទារិការដ៏តូចមួយរូប។»
នៅពេលមកដល់កន្លែងកើតហេតុ អ្នកស្រីភ្នាក់ងារនគរបាល បានឃើញទារិការ ដែលទើបចេញពីផ្ទៃម្ដាយ កំពុងស្រែកយំខ្លាំងឡើង ហើយកំពុងរងគ្រោះ នឹងកង្វះជាតិទឹក (រាប់ទាំងទឹកដោះ ទាំងការងូតទឹក...)។ ជម្រើសតែមួយគត់ ដែលអ្នកស្រីត្រូវជួយទារិការ បានភ្លាមៗនោះ គឺផ្ដល់ទឹកដោះ ឲ្យនាងតូចនេះបៅ មុននឹងក្រុមអ្នកជួយសង្គ្រោះ ធ្វើដំណើរមកដល់។ អ្នកស្រី ល្វីសា បានថ្លែងឲ្យដឹងថា៖ «ខ្ញុំក៏ទើបតែមានកូនដែរ អញ្ចឹងខ្ញុំមានទឹកដោះ ហើយខ្ញុំយល់ពីអ្វី ដែលទារិការដ៏កំសត់នេះ ត្រូវការ។ ខ្ញុំគិតថា នៅក្នុងស្ថានភាពបែនេះ ទោះស្ត្រីណាក៏ដោយ ក៏ត្រូវតែធ្វើដូចគ្នាដែរ។»
ក្រុមអ្នកជួយសង្គ្រោះ ដែលបានមកដល់កន្លែងតាមក្រោយ ហើយបានយកទារិការទៅ កាន់មន្ទីរពេទ្យ។ រីឯគ្រូពេទ្យវិញ បាននិយាយថា ប្រសិនជាគ្មានទឹកដោះ របស់អ្នកស្រី ល្វីសា នោះទេ ទារិការអាចនឹងស្លាប់។ នាយនគរបាលតំបន់ លោក ហ្សាវីយ៉េ ម៉ាតាំង (Javier Martin) បានថ្លែងសារទរកាយវិការ របស់អ្នកស្រី ល្វីសា ដែលនៅក្រោមបង្គាប់របស់លោក។ នាយនគរបាលឲ្យដឹងថា នៅពេលអ្នកស្រុកបានរកឃើញទារិការនោះ នាងតូចនៅមានទងផ្ចិត នៅជាប់នឹងពោះនៅឡើយ។ ប៉ុន្តែមកដល់ពេលនេះ ទារិការបានឆ្លងផុតគ្រោះថ្នាក់ មានសុខភាពល្អ និងត្រូវបានបញ្ជូន ទៅកាន់មជ្ឈមណ្ឌលគាំពារទារក ដើម្បីរងចាំការទទួល យកទៅចិញ្ចឹម។
ចំពោះម្ដាយបង្កើតរបស់ទារិការ ដែលដាច់ចិត្តបោះបង់កូន ដែលទើបនឹងកើត ចោលនៅកណ្ដាលព្រៃបែបនេះ កំពុងត្រូវបានអាជ្ញាធរកូឡំប៊ីរ តាមស្វែងរកចាប់ខ្លួន។ ស្ត្រីរូបនោះ អាចមានទោស ពីបទប៉ុនប៉ង សម្លាប់ជីវិតមនុស្ស៕