អ.ស.ប បង្កើតក្រុមអ្នកជំនាញ ដើម្បីពិនិត្យមើលឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅកូរ៉េខាងជើង
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មីនា ២០១៦
- កែប្រែចុងក្រោយ: March 26, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កាលពីថ្ងៃពុធកន្លងមកនេះ អង្គការសហប្រជាជាតិ (អ.ស.ប) បានបង្កើតនូវក្រុមការងារមួយ ដែលមានសមាជិកសុទ្ធជាអ្នកជំនាញ (អ្នកជំនាញ លើបញ្ហាកូរ៉េខាងជើង) ឲ្យទទួលបន្ទុក ដើម្បីធ្វើការពិចារណាតាមយន្ដការច្បាប់ ក្នុងការកំណត់ ពីការទទួលខុសត្រូវ របស់ក្រុមមេដឹកនាំ របស់របបកុម្មុយនីសកូរ៉េខាងជើង ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
នៅក្នុងសេចក្ដីសម្រេចមួយ ដែលអនុម័តឡើង ក្នុងក្រុងហ្សឺណែវ (ប្រទេសស្វីស) ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប បានគូសបញ្ជាក់ ពីក្ដីបារម្ភដ៏ជ្រាលជ្រៅរបស់ខ្លួន នៅចំពោះសេចក្ដីសន្និដ្ឋាន របស់គណៈកម្មការអង្កេតរបស់ អ.ស.ប ដែលបានធ្វើឡើង តាមរយៈសាក្សី និងព័ត៌មានជាច្រើន។ សេចក្ដីសន្និដ្ឋាននោះ បានអនុញ្ញាតឲ្យគេយល់ឃើញថា៖ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ត្រូវបានប្រព្រឹត្តិ និងបង្កឡើងដោយ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ (RPDC - ឈ្មោះផ្លូវការ របស់ប្រទេសកូរ៉េខាងជើង) សម្រាប់បម្រើឲ្យនយោបាយ របស់ថ្នាក់ដឹកនាំរដ្ឋជាន់ខ្ពស់ តាំងពីច្រើនទសវត្សន៍មកហើយ»។
អ្នកជំនាញឯករាជ្យពីរនាក់
នៅចំពោះនីទណ្ឌភាព និងភាពងងើល របស់ក្រុមអ្នកប្រព្រឹត្តិឧក្រិដ្ឋកម្មទាំងនេះ សេចក្ដីសម្រេចនោះបានស្នើរ ទៅស្នងការជាន់ខ្ពស់ របស់ អ.ស.ប ដែលទទួលបន្ទុកខាងសិទ្ធិមនុស្ស ឲ្យតែងតាំងច្រើនបំផុត នូវអ្នកជំនាញឯករាជ្យពីរនាក់ សម្រាប់រយៈពេល៦ខែ ដើម្បីជាជំនួយការ ឲ្យអ្នករាយការណ៍ពិសេស របស់អ.ស.ប ស្ដីពីប្រទេសកូរ៉េខាងជើង។
សេចក្ដីសម្រេចដដែល បានបញ្ជាក់ទៀតថា៖ «ក្រុមអ្នកជំនាញឯករាជ្យទាំងនេះ នឹងមានតួនាទី សិក្សាពីនីតិវិធីទាំងឡាយ ដើម្បីកំណត់ពីការទទួលខុសត្រូវ នៃការរំលោភសិទ្ធិមនុស្ស ដែលបានកើតឡើងក្នុងសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ»។ ក្រុមអ្នកជំនាញ ត្រូវលើកឡើង ពីយន្ដការចាំបាច់ និងច្បាស់លាស់ ដើម្បីផ្ដល់ជូននូវការពិត និងយុត្តិធម៌ សម្រាប់ជនរងគ្រោះ ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងប្រទេសកុម្មុយនីស។ យន្ដការនោះ រាប់បញ្ចូលទាំងការប្ដឹង ឡើងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (CPI) នោះផង។
ក្នុងរបាយការណ៍មួយ ដែលត្រូវបានចែកផ្សាយ ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ លោក ម៉ាហ្សូគី ដារូស្មាន (Marzuki Darusman ជាជនជាតិឥណ្ឌូនេស៊ី) អ្នករាយការណ៍ពិសេស របស់អ.ស.ប ស្ដីពីប្រទេសកូរ៉េខាងជើង បានសរសេរថា ស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកុម្មុយនីស មិនមានភាពជឿនលឿនទៅមុខសោះឡើយ រាប់ចាប់តាំង ពីការផ្សាយរបាយការណ៍ស៊ើបអង្កេត លើកមុន (ខែកុម្ភៈ ឆ្នាំ២០១៤) ទាក់ទងនឹងឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ នោះមក។
សូមជម្រាបជូនដែរថា ទន្ទឹមនឹងការបង្កើត នូវក្រុមអ្នកជំនាញពិសេសនេះ ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់ អ.ស.ប ក៏បានសរសេរលិខិតផ្លូវការមួយដែរ ទៅកាន់មេដឹកនាំកំពូល លោក គីម ជុងអ៊ុន (Kim Jong-Un) របស់កូរ៉េខាងជើង ដើម្បីព្រមានលោក និងថ្នាក់ដឹកនាំដទៃទៀត ថាពួកគេ អាចរងនូវការស៊ើបអង្កេតមួយ និងអាចចាប់ឲ្យទទួលខុសត្រូវ ពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងករណីរកឃើញពីទោសកំហុស៕