ពិភពលោក​នាំគ្នា​សោកស្ដាយ មរណភាព​នៃ​អតីត​អគ្គលេខាធិការ អ.ស.ប

មរណភាពក្នុងជន្មាយុ ៨០ឆ្នាំ នៃលោក កូហ្វី អាណាន់ (Kofi Annan) កាលពីម្សិលម៉ិញ ដោយរោគាពាធដ៏ខ្លីមួយ បានបណ្ដាលឲ្យមានភាពសោកស្ដាយ នៅជុំវិញពិភពលោក។ លោក កូហ្វី អាណាន់ ជាអតីតកំពូលអ្នកការទូត ធ្លាប់មានតំណែងជាអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព។
ពិភពលោក​នាំគ្នា​សោកស្ដាយ មរណភាព​នៃ​អតីត​អគ្គលេខាធិការ អ.ស.ប
លោក កូហ្វី អាណាន់ អតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជាម្ចាស់ពានរង្វាន់ណូបែល​សន្តិភាព។ (រូបថត អ.ស.ប)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៩ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 19, 2018
  • ប្រធានបទ: ជីវិត-វីរភាព
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មេដឹកនាំនៅក្នុងពិភពលោក នាំគ្នាសំដែងការសោកស្ដាយ និងរំលឹក ពីវីរភាពនៃអតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជាម្ចាស់ពានរង្វាន់ណូបែល​សន្តិភាព លោក កូហ្វូ អាណាន់ ដែលមានដើមកំណើត ជាជនជាតិហ្គាណា ហើយទើបនឹងទទួលមរណភាព ក្នុងជន្មាយុ ៨០ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសស្វីស។

គឺមូលនិធិរបស់លោក ឈ្មោះ «Kofi Annan Fondation» ជាអ្នកប្រកាសឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពី«មរណភាពដ៏សោកសៅ កាលពីថ្ងៃសៅរិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ម្សិលម៉ិញ ដោយសាររោគាពាធ ដែលមានរយៈពេលដ៏ខ្លីមួយ»។ សេចក្ដីប្រកាសព័ត៌មាន​នោះ បានអះអាងថា ភរិយា និងកូនចៅរបស់លោក បានស្ថិតនៅក្បែរលោក ក្នុងប្រទេសស្វីសដែលលោករស់នៅ រហូតលុះត្រាដង្ហើមចុងក្រោយ។

ភ្លាមៗ ក្រោយដំណឹងដ៏ក្រៀមក្រំ មេដឹកនាំទាំងឡាយ នៅជុំវិញពិភពលោក នាំគ្នាសំដែងភាពក្ដុកក្ដួល និងការរំលែកមរណទុក្ខ ចំពោះអតីតអគ្គលេខាធិការ នៃអង្គការពិភពលោក និងចំពោះក្រុមគ្រួសាររបស់លោក។ ជាពិសេសលោក អង់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការ អ.ស.ប សព្វថ្ងៃ បានហៅលោក អាណាន់ ថាជា«កម្លាំងមួយ ដែលដឹកនាំ ឆ្ពោះទៅរកសេចក្ដីល្អ»។ 

អ្នកស្រី «Nikki Haley» ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងឡើងថា លោក កូហ្វី អាណាន់ បានបូជាជីវិតរបស់លោក ដើម្បីប្រែក្លាយពិភពលោក ឲ្យទៅជាពិភព ដែលមានសន្តិភាពជាងមុន។ អ្នកស្រីបានបញ្ជាក់ថា លោកគឺជាអ្នកការទូត ដែលបានធ្វើការមិនឈប់ឈរសោះឡើយ ក្នុង​«ការបង្រួបបង្រួមពួកយើង»។

សម្រាប់លោក បារ៉ាក់ អូបាម៉ា (Barack Obama) អតីតប្រធានាធិបតីអាមេរិក បានលើកឡើង ពីការប្ដេជ្ញាចិត្ត ជំនឿចិត្ត និងទិសដៅរបស់លោក កូហ្វី អាណាន់ សម្រាប់«មនុស្សលោកទាំងមូល ដែលចាំបាច់ ឲ្យមានការរួមចំណែក»។ លោក អូបាម៉ា បានអះអាងថា លោក អាណាន់ បានផ្ដល់ «ជាកម្លាំងចិត្ត និងជាគំរូ» សម្រាប់មេដឹកនាំជំនាន់ក្រោយ។

«យើងមិនភ្លេចសោះឡើយ ពីក្រសែភ្នែកដ៏ស្ងប់ស្ងៀម និងពោរពេញ ដោយដំណោះស្រាយ របស់លោក ក៏ដូចជាកម្លាំង នៅក្នុងការប្រយុទ្ធតស៊ូរបស់លោក» នេះ ជាការលើកឡើង របស់លោក អេម៉ានុយអែល ម៉ាក្រុង (Emmnuel Macron) ប្រធានាធិបតីបារាំង ខណៈសមភាគីរ៉ូស្ស៊ី​របស់លោក គឺលោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានប្រកាសថា លោកពិតជាកោតសរសើរ ចំពោះ«ប្រាជ្ញាដ៏ឆ្លាតវៃ និងភាពក្លាហាន» របស់លោក អាណាន់។

ចំណែកអ្នកស្រី ថេរីសា មេ (Theresa May) នាយករដ្ឋមន្ត្រីអង់គ្លេស បានឧទ្ទិសជូនលោក នូវវីរភាព នៃមេដឹកនាំដ៏កំពូល និងជាអ្នកកែទម្រង់ ដ៏អស្ចារ្យម្នាក់ សម្រាប់ស្ថាប័ន អ.ស.ប។ រីឯអ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) អធិការបតីអាល្លឺម៉ង់ បានបញ្ជាក់ពី «សម្លេងរបស់លោក កូហ្វី អាណាន់» ថាបានផុតរលត់ទៅ នៅចំសម័យកាលមួយ ដែលការស្វែងរកដំណោះស្រាយ ទៅនឹងបញ្ហាពិភពលោក កំពុងស្ថិតក្នុងសភាពបន្ទាន់ ជាងពេលណាៗទាំងអស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...