សមាសភាព​មើល​ផែនទី UN ព្រឹក​នេះ គ្មាន សុខ ទូច ទេ!

ក្នុងឱកាស នៃការទទួលផែនទីព្រំដែន ពី UN ព្រឹកម៉ិញ នៅទីស្ដីការគណៈរដ្ឋមន្ត្រី មិនមានវត្តមាន របស់​សមាជិក​ក្រុម​ស្រាវ​ជ្រាវ​ផែនទី នៃរាជបណ្ឌិតសភាកម្ពុជា ដែលធ្លាប់មានសកម្មភាពយ៉ាងសកម្ម និង​ដែល​ទទួល​ស្គាល់ ដោយ​រដ្ឋាភិបាល​កម្ពុជា ពី​គណបក្សប្រជាជនកម្ពុជា ក៏ដូចជាពីគណបក្សសង្គ្រោះជាតិ​ដែរ​នោះ​ទេ។ ជា​ពិសេស គឺ​លោក សុខ ទូច ដែល​ជាប្រធានក្រុមស្រាវជ្រាវនោះ មិនឃើញមានវត្តមាន នៅ​ទី​នោះ​ឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២០ សីហា២០១៥
  • កែប្រែចុងក្រោយ: August 20, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងរយៈពេលចុងក្រោយនេះ លោក សុខ ទូច ដែលជាប្រធានក្រុមការងារ នៃរាជបណ្ឌិតសភាកម្ពុជា តែងតែ​បង្ហាញនូវសកម្មភាពយ៉ាងសកម្ម នៃការចុះបេសកកម្ម និងការដើរស្វែងរកផែនទី ពីបណ្តាប្រទេស និង​មហាជន​នានា ក្នុងគោលបំណង ជួយកាត់បន្ថយភាពតានតឹងនៃព្រំដែន រវាងគណបក្សធំៗទាំងពីរ នៅក្នុងរដ្ឋសភា។

តាមសមាសភាព នៃគណៈកម្មការចំពោះកិច្ច សម្រាប់សម្របសម្រួលការងារ ទទួលប្រគល់ និង​ផ្ទៀងផ្ទាត់​ផែនទី នាទីស្តីការគណរដ្ឋមមន្រ្តី នាព្រឹកថ្ងៃទី ២០ ខែសីហានេះ មិនមានវត្តមាន នៃសមាសភាព​តំណាង​ផ្នែក​ស្រាវជ្រាវផែនទី នៃរាជបណ្ឌិតសភាកម្ពុជា ដែលមានលោក សុខ ទូច ជាប្រធាននោះឡើយ។ លោក ផៃ ស៊ីផាន ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហាម្សិលម៉ិញ នៅទីស្តីការគណរដ្ឋមន្រ្តី ក៏មិនបាន​បង្ហើប ពីវត្តមានរបស់ក្រុមស្រាវជ្រាវ រាជបណ្ឌិតសភាកម្ពុជានេះដែរ។ លោកគ្រាន់តែបង្ហាញថា លោក សុខ ទូច ដែលជាប្រធានក្រុមស្រាវជ្រាវនោះ គ្រាន់តែជាអាជ្ញាកណ្តាល សម្រាប់ការផ្ទៀងផ្ទាត់ផែនទី របស់​រដ្ឋាភិបាល និងរបស់គណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលបានព័ត៌មាន ច្បាស់ការណាមួយ ដែលបញ្ជាក់ពីមូលហេតុ ដែល​ធ្វើឲ្យលោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា ផ្នែកផែនទីព្រំដែនកម្ពុជា ជាមួយ​នឹងប្រទេសជិតខាង យ៉ាងសកម្មម្នាក់នេះ «អវត្តមាន»នៅក្នុងពីធីប្រគល់ ផ្ទៀងផ្ទាត់ផែនទីដែល UN ប្រគល់​ឲ្យ​កម្ពុជានោះឡើយ។ ទស្សនាវដ្តីបានទាក់ទង ដើម្បីសុំការបញ្ជាក់ ជុំវិញបញ្ហាខាងលើនេះ ពីលោក សុខទូច នា​ព្រឹក​ថ្ងៃទី២០ ខែសីហា នេះ តែទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាន។

សមាសភាព នៃក្រុមការងារផ្ទៀងផ្ទាត់ផែនទីពី UN របស់រដ្ឋាភិបាល ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួល​បាន រួមមាន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជាប្រធាន ទេសរដ្ឋមន្ត្រីទទួលបន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ជាអនុប្រធាន និងសមាជិកចំនួនប្រាំពីរនាក់ទៀតរួមមាន លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី, លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ, លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌។

ដោយឡែក សមាសភាពចូលរួមពិនិត្យផែនទីខាងលើ មកពីខាងគណបក្សនយោបាយរួមមាន គណបក្ស​ប្រជាជន​កម្ពុជា៖ លោក សុខ ឥសាន្ត, លោក សោម សឿន, លោក អ៊ក គឹមហាន, លោក កែ ប៊ុនឃាង និងលោក ហង្ស ថុល។ គណបក្សសង្គ្រោះជាតិ៖ លោក អ៊ូ ច័ន្ទប្ញទ្ធិ, លោក ឡុង រី, លោក កែវ ភីរម្យ, លោក លិម គិមយ៉ា និងលោក សេង ម៉ារឌី។ គណបក្សហ្វ៊ុនស៊ិនប៉ិច៖ លោក យូ ហុកគ្រី, លោក នុត សុខុម, លោក ផាន់ សិទ្ឋី, លោក ទឹង អ៊ីស៊ាម និងលោក សាយ ហាក់។

រីឯសមាសភាពមកពីស្ថាប័នជាតិរួមមាន អង្គការនីតិបញ្ញត្តិ៖ សមាជិកព្រឹទ្ធសភា ខាងគណបក្សប្រជាជន៖ លោក ជា ជេដ្ឋ, លោក គង់ សារាជ និង លោក ម៉ម ប៊ុននាង។ សមាជិកព្រឹទ្ធសភា ខាងគណបក្ស សម រង្ស៊ី៖ លោក ទាវ វណ្ណុល, លោក សេង ម៉ារឌី និងលោក ចេប គីមអ៊ាង។ សមាជិករដ្ឋសភា ខាងគណបក្ស​ប្រជាជន​កម្ពុជា៖ លោក ឈាង វុន, លោក ប៉ែន បញ្ញា និងអ្នកស្រី និន សា ផុន។ សមាជិករដ្ឋសភា ខាងគណបក្ស​សង្រ្គោះ​ជាតិ៖ លោក គឹមសូរ ភិរិទ្ធ, លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ខឹម ញេង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...