ចាប់ផ្សឹក និង​​ឃុំ​សង្ឃ​ខ្មែរ​ក្រោម​ពីរ​អង្គ ជា​បញ្ជា​ពី​យួន​?

ការចាប់ផ្សឹក និងឃុំឃាំងសង្ឃខ្មែរក្រោមពីរអង្គ ដោយអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យនោះ ត្រូវបានធ្វើឡើង ក្រោម​មូលហេតុ​នយោបាយ និង​ធ្វើ​តាម​ការ​បង្គាប់បញ្ជា ពីរដ្ឋាភិបាល «យួនកុម្មុយនីស»។ នេះបើតាម​ការ​ថ្លែង របស់​ក្រុម​ព្រះ​សង្ឃ និង​សកម្ម​ជន ដែល​ស្និត​នឹង​ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១៩ សីហា២០១៥
  • កែប្រែចុងក្រោយ: August 20, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចាប់ព្រះកាយផ្សឹក និងឃុំព្រះសង្ឃខ្មែរក្រោម ពីរអង្គ ព្រះនាម ដាវ ទេព្យ និង ជា វណ្ណដា ដោយអាជ្ញាធរ​ខណ្ឌពោរសែនជ័យ ត្រូវបានមតិមួយចំនួនចាត់ទុកថា មានចរឹកនយោបាយ ដើម្បីរឹងបន្តឹងសម្លេង របស់​ព្រះ​សង្ឃខ្មែរក្រោម ខណៈព្រះសង្ឃទាំងនោះ មានសកម្មភាពខ្លាំងក្លា ក្នុងការប្រឆាំងនឹងផលប្រយោជន៍​វៀតណាម ក៏ដូចជាបញ្ហាដែលទាក់ទងនឹងព្រំដែន កាលពីពេលថ្មីៗនេះ។

ព្រះសង្ឃទាំងពីរអង្គ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០១៥ នេះ នូវបទល្មើសចំនួនបី ដែលរួមមាន បទគំរាមសម្លាប់, បទរក្សាទុកគ្រឿងញៀន, និងប្រើប្រាស់​លិខិត​ក្លែងក្លាយ។ បទចោទប្រកាន់នេះ ត្រូវបានក្រុមព្រះសង្ឃដែលស្និតនឹងព្រះសង្ឃទាំងពីរអង្គ ធ្វើការ​បដិសេធ​ថា មិនដែលមានករណីទាំងនេះ កើតឡើងឡើយ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ព្រះចៅអធិការវត្ត សាមគ្គីរង្សី ព្រះតេជគុណ ថាច់ ហាសំអាង បាន​ធ្វើការ​បរិហាថា បន្ទាប់ពីការចាប់ខ្លួន មុនមកដល់ការសាកសួរ របស់តុលាការនៅព្រឹកថ្ងៃទី១៩ ខែសីហានេះ ពុំមានការចោទប្រកាន់ នូវបទល្មើសទាំងបីខាងលើនោះឡើយ ដោយក្នុងអំឡុងពេលនោះ គ្រាន់​តែចោទ​ប្រកាន់​លោកថា ក្នុងកុដិមានអាវុធ មានកាំបិទតែប៉ុណ្ណោះ។ ព្រះអង្កបានធ្វើការសន្និដ្ឋានថា ការចាប់ខ្លួន និង​ចោទ​ប្រកាន់នេះ ពាក់ព័ន្ធនឹងនយោបាយ។

ព្រះសង្ឃ ថាច់ ហាសំអាង បានមានសង្ឃដីកាថា៖ «ព្រះសង្ឃទាំងពីរអង្គ ជាខ្មែរក្រោម។ លោកតែងចូលរួម ក្នុងការងារសង្គមដូចជា ការហែរញត្តិ ច្បាប់អង្គការសង្គមស៊ីវិល ចូលរួមទាមទាសិទ្ធិដីធ្លីជូនពលរដ្ឋ ចូលរួម​ទាមទារសិទ្ធិការងារជូនកម្មករ រហូតដល់ដំណាក់ការចុងក្រោយ មុនការចាប់លោកប៉ុន្មានថ្ងៃនោះ លោក​បាន​ទៅមើលព្រំដេន ច្រើនលើក ច្រើនសារណាស់។» (...) ប្រាកដណាស់ ការចាប់ព្រះសង្ឃខ្មែរក្រោមផ្សឹក ចាប់​ព្រះសង្ឃខ្មែរក្រោមដាក់គុក មានការបង្គាប់បញ្ជា ពីមនុស្សមានអំណាចណាមួយ ដែលធ្វើតាមរដ្ឋាភិបាល​យួន​កុម្មនុយនីស។ រឿងទាំងអស់ យើងងាចធ្វើការសន្និដ្ឋានថា ជារឿងនយោបាយ។»

សូមស្តាប់ការបកស្រាយដូចខាងក្រោម ៖

ព្រះសង្ឃខ្មែរក្រោម ទាំងពីរព្រះអង្គនេះ គង់នៅវត្តអង្គតាមិញ ហើយត្រូវបានអាជ្ញាធរខណ្ឌ ចាប់ផ្សឹក​កាលពី​ថ្ងៃទី១ ខែសីហា តាមការអះអាងរបស់ខ្លួនថា បានរកឃើញនូសម្ភារៈ ដែលជាភស្តុតាងមួយចំនួន ស្ថិតក្នុងកុដិ រួមមាន អាវុធ និងគ្រឿងញៀន លិខិតសម្គាល់(ខ្លួន)សង្ឃ ក្លែងក្លាយជាដើម។ បន្ទាប់ពីការចាប់ខ្លូន របស់​អាជ្ញាធររដ្ឋាភិបាល ធ្វើទៅលើព្រះសង្ឃខ្មែរក្រោម ពីរអង្គ កាលពីម៉ោង១១ និង​៣០នាទី ថ្ងៃទី០១ ខែ​សីហា​នោះ គ្រូចៅអធិការវត្តអង្គតាម៉ិញ បានសង្ឃដីកា ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដែរថា សង្ឃទាំងពីរអង្គនេះ គ្មាន​ព្រះ​ឆាយា​ល័ក្ខ (លិខិតសម្គាល់សង្ឃ) ​ត្រឹមត្រូវទេ។ មកទល់ម៉ោង ជិត១២ព្រឹក ថ្ងៃទី១៩ ខែសីហានេះ ព្រះ​តេជគុណទាំងពីរអង្គ ត្រូវបានបញ្ជូនទៅឃុំខ្លួនបន្ត នៅពន្ធនាគារព្រៃស បន្ទាប់ពីការសាកសួរ ចៅក្រមស៊ើបសួរ​លោក អ៊ី ថាវរៈ។

សម្រាប់លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ បានឲ្យដឹងថា ការចាប់ខ្លួន និងចូលឆែកឆេរ ក្នុងកុដិព្រះសង្គនោះ ពុំបានអនុវត្តតាមនិតិវិធីច្បាប់ឡើយ គឺធ្វើឡើងដោយចិត្ត នៃអាជ្ញាធរ​ដោយឯកឯង គ្មានដីកាក្នុងការឆែកឆេរ ចេញដោយតុលាការ និងសាក្សី។ លោក សំអាត បានអះអាងថា៖ «ជា​រឿងមួយ ដែលមានភាពមិនប្រក្រតី និងមានការរៀបចំទុកជាមុន សម្រាប់ការចាប់ព្រះសង្ឃទាំងពីរអង្គនេះ។ (...) កុដិនោះធ្លាប់ជាកន្លែង ដែលផ្តល់ឲ្យព្រះសង្ឃ សឺន ហៃ គង់នៅ។ ខ្ញុំសន្និដ្ឋានថា គោលបំណងនៃការ​ចុះទៅ​នោះ គឺស្វែងរកចាប់ខ្លួនព្រះសង្ឃ សឺន ហៃ ប៉ុណ្ណោះ តែព្រោះព្រះអង្គ ស៊ឺន ហៃ មិនបានគង់នៅ គេក៏មើលទៅ លើព្រះសង្ឃពីរអង្គនោះជាជំនួសវិញ។»

សូមស្តាប់ការបកស្រាយដូចខាងក្រោម ៖

ចំណែកឯលោក តាំង សារៈ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅកម្ពុជា បានថ្លែងថា តុលាការគួរធ្វើការ​ដោះលែង ព្រោះទាំងអង្គហេតុ និងអង្គច្បាប់ មិនបានធ្វើឡើងតាមច្បាប់ ឬស្របច្បាប់ឡើយ។ រាល់ការចោទ​ប្រកាន់ សុទ្ធតែមិនបានបង្ហាញ នូវភស្តុតាងណាមួយ ដែលស៊ីចង្វាក់ តាមការចោទប្រកាន់នោះឡើយ។ ទាក់​ទងនឹងបទចោទប្រកាន់ «គម្រាមសម្លាប់» លោក តាំង សារៈ បានថ្លែងថា ព្រះសង្ឃខ្មែរក្រោមទាំងពីរអង្គ គ្រាន់​តែបានគិតប៉ុណ្ណោះនោះ មិនបានអនុវត្តឡើយ រីឯច្បាប់ព្រហ្មទណ្ឌ ក៏មិនទាន់បានកំណត់ ឬដាក់ទោស​ទណ្ឌ​នោះ​ដែរ។

ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅកម្ពុជា បានថ្លែងឲ្យដឹងថា៖ «បុគ្គលណា ដែលតុលាការមិនទាន់​បានកាត់ទោស បុគ្គលនោះនៅតែជាមនុស្សគ្នានទោស។ (...) ព្រះសង្ឃពីរអង្គនេះ មិនទាន់ត្រូវបានតុលាការ​សម្រេចថា មានទោសផង ចាប់លោកផ្សឹកបាត់ទៅហើយ។ ការផ្សឹកនេះ ស្មើនឹងទោសឧក្រិដ្ឋ។ (...) នេះជា​ការ​ប្រព្រឹត្តិល្មើស នឹងរដ្ឋធម្មនុញ្ញ... ខ្ញុំមិនយល់ថា រដ្ឋាភិបាលដូចជា មិនមានចំណេញអ្វី ពីចាប់ខ្លួនព្រះសង្ឃ​នោះ​ឡើយ ហើយតុលាការស្រុកខ្មែរ ធ្វើដូច្នេះបានចំណេញអ្វី?»

សូមស្តាប់ការបកស្រាយដូចខាងក្រោម ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...