ធី សុវណ្ណថា គំរាមប្ដឹងអ្នកសារព័ត៌មាន សាន្ដ ប៊ុនធឿន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 23, 2017
- ប្រធានបទ: តារាហ្វេសប៊ុក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានអ្វីថ្មី មកពីម្ដុំ ធី សុវណ្ណថា? មាន! នោះគឺការគម្រាម ដាក់ពាក្យបណ្ដឹងជាថ្មី ដើម្បីប្ដឹងប្រឆាំងអ្នកសារព័ត៌មានមួយរូប ដែលយុវតីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារូបនេះ និយាយថា បានធ្វើឲ្យការអត់ធ្មត់របស់នាង «ដល់ដែនកំណត់ហើយ»។ កញ្ញា ធី សុវណ្ណថា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាង កាលពីយប់ម្សិលម៉ិញថា៖ «ខ្ញុំអធ្យាស្រ័យឲ្យអ្នក អ្នកកាន់តែមើលងាយខ្ញុំ។ ការអត់ធ្មត់របស់ខ្ញុំ ដល់ដែនកំណត់ហើយ។ ជួបគ្នា [នៅ]សាលាដំបូង សាន្ត ប៊ុនធឿន...»។
នៅមុននេះបន្តិច កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សប្រឆាំង បានសរសេរសួរទៀតថា៖ «បងប្អូនណាខ្លះគាំទ្រខ្ញុំ... ប្តឹង សាន្ត ប៊ុនធឿន ? ចុច Like !»។
គេមិនដឹងថា តើយុវតីវ័យជាង២០ឆ្នាំរូបនេះ ប្ដឹងប្រឆាំងលោក សាន្ដ ប៊ុនធឿន ពីរឿងអ្វីទេ។ ប៉ុន្តែនៅក្នុងវីដេអូ ចេញផ្សាយចុងក្រោយ ដែលអ្នកសារព័ត៌មានរូបនេះបានធ្វើសម្ភាស ជាមួយបេក្ខនារីជាប់ឆ្នោត មកពីគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ីន រ៉ូហ្សែត គេបានឮលោក សាន្ដ ប៊ុនធឿន លើកឡើងជាញយដង ភ្ជាប់កញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រគណបក្សប្រឆាំង ទៅនឹង «ការលក់ក្បាល ដើម្បីលាភសង្ការៈ» និងអ្វីទៀតជាច្រើន។
សម្រាប់លោក សាន្ដ ប៊ុនធឿន វិញ មិនបានបង្ហាញភាពតក់ស្លុតអ្វីទេ តែបានអំពាវនាវឲ្យតុលាការ យកច្បាប់ស្ដីពីរបបសារព័ត៌មានមកប្រើ ដើម្បីដោះស្រាយការមិនសុខចិត្តណាមួយ បើសិនជាមានពាក្យបណ្ដឹង របស់យុវតីអតីតតារាហ្វេសប៊ុកនោះមែន។ លោកថែមទាំងបានអំពាវនាវ ស្នើកុំឲ្យអ្នកនយោបាយ នៅពីក្រោយពាក្យបណ្ដឹង របស់កញ្ញា ធី សុវណ្ណថា នោះទៀតផង៕