៩ចំណុច ដែលហ្វេសប៊ុក«ប៉ះពាល់» ដល់ជីវិតរបស់អ្នក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: November 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សម្រាប់អ្នកដែលមានគណនីហ្វេសប៊ុក ដែលជាគេហទំព័រនៃបណ្ដាញសង្គមធំជាងគេ ក្នុងពិភពលោក តែងតែប្រើប្រាស់គេហទំព័រនេះ សម្រេចនូវបំណងរបស់ខ្លួន ជាពិសេសដើម្បីទំនាក់ទំនងមិត្តភ័ក្រ ចែកផ្សាយអ្វីមួយ ឬស្វែងរកការណាត់ជួបណាមួយនោះជាដើម។ ទាំងអស់នេះហើយ ដែលធ្វើអោយ ហ្វេសប៊ុកបានក្លាយបន្តិចម្ដងៗ ជាផ្នែកមួយ នៃជីវិតរបស់អ្នកប្រើប្រាស់វា។
មនោរម្យព័ងអាំងហ្វូ ធ្លាប់បានជម្រាបរួចមកហើយ ពីការផ្លាស់ប្ដូរទាំង២៨យ៉ាង នៅពេលអ្នកមានគណនីហ្វេសប៊ុក និងគំនិតទាំង៥ ដើម្បីធ្វើការរប្រុងប្រយ័ត្ន សម្រាប់ជីវិតឯកជនរបស់អ្នក នៅពេលអ្នកធ្វើអ្វីមួយ ក្នុងបណ្ដាញសង្គម។ សូមបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ន ហ្វេសប៊ុក (Facebook) មានអ្នកប្រើប្រាស់ច្រើនជាង ១ពាន់លាននាក់ នៅលើពិភពលោក។ តែក្នុងពេលនេះ យើងសូមលើកយកចំណុចខ្លះៗ ដែលហ្វេសប៊ុក កំពុងតែប៉ះពាល់ដល់ការរស់នៅ និងផ្លាស់ប្តូរឥរិយាបថ ឬជីវិតរបស់មនុស្ស។
១. ធ្វើឲ្យអ្នកញៀន៖
បើអ្នកមានគណនេយ្យហ្វេសប៊ុក តើអ្នកអាចមិនបើកមើលវាក្នុងពេល ២៤ម៉ោងបានទេ? បើតាមការស្ទង់មតិ បានឲ្យដឹងថា ៨០% នៃអ្នកប្រើប្រាស់«មិនអាច»ធ្វើបានទេ។ ការសិក្សាមួយ បានបង្ហាញថា តំរូវការការត្រួតពិនិត្យ និងចូលទៅប្រើប្រាស់ហ្វេសប៊ុក គឺមានឥទ្ធិពលជាង ការញៀនសារធាតុស្រវឹង ឬក៏បារីទៀត។
២. វាធ្វើឲ្យអ្នកមានការប្រច័ណ្ឌ៖
នៅពេលដែលអ្នកត្រួតពិនិត្យ នៅលើទំព័រគណនីនៃដៃគូរអ្នក វាងាយស្រួលនឹងឃើញគាត់ ឬក៏នាង កំពុងតែសន្ទនាទៅកាន់អ្នកផ្សេង។ ទាំងនេះវាធ្វើឲ្យអ្នកមានអារម្មណ៏មិនស្ងប់ និងមានការកើនឡើងនៃភាពប្រច័ណ្ឌ ក្នុងផ្លូវស្នេហារបស់អ្នក។ តាមការសិក្សាបានឲ្យដឹងថា ៣៥% នៃអ្នកប្រើប្រាស់បាននិយាយថា ហ្វេសប៊ុកធ្វើឲ្យគេមាន«អារម្មណ៏ប្រច័ណ្ឌ»។ ហើយទាំងនេះវានាំឲ្យមានការបែកបាក់ ឬបញ្ចប់ជីវិតស្នេហាក៏មាន។
៣. ធ្វើឲ្យអ្នកក្លាយជានិយោជក ឬនិយោជិកដ៏ប្រសើរម្នាក់៖
យោងតាមការសិក្សាបង្ហាញថា មនុស្សដែលប្រើប្រាស់ហ្វេសប៊ុក ក្នុងគោលបំណងការងារ និងផ្សាយពាណិជ្ជកម្ម ជាទូទៅទទួលបានលទ្ធផល ៩% ល្អ និងច្រើនជាងអ្នកដែលមិនប្រើប្រាស់។ អ្នកអាចចែករំលែកនូវការងាររបស់អ្នក ឬធ្វើការផ្សព្វផ្សាយផលិតផល នៃសហគ្រាសរបស់អ្នក តាមហ្វេសប៊ុក។ ទាំងនេះវាធ្វើឲ្យអ្នក ជោគជ័យមួយកំរិតថែមទៀត។
៤. វាអាចធ្វើឲ្យអ្នកមិនសប្បាយចិត្ត៖
មនុស្សភាគច្រើន ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ដើម្បីជជែកពីចំណុចវិជ្ជមាន ក្នុងជីវិតរបស់ពួកគេ។ ទាំងនេះជាចំនុចល្អ ប៉ុន្តែនៅពេលដែលអ្នក បើកមើលរូបភាពមិត្តភកិ្តរបស់អ្នក ដែលសប្បាយរីករាយ និងញញឹមដាក់កាម៉ារ៉ានោះ ធ្វើឲ្យអ្នកមានអារម្មណ៏ថា ពួកគេមានអារម្មណ៏រីករាយគ្រប់ពេល។ ចំណុចទាំងនេះ វាធ្វើឲ្យអ្នកមានការ«កើនឡើង» នូវការតានតឹងក្នុងអារម្មណ៏ ដោយសារតែបញ្ហានៅក្នុងជីវិតរបស់អ្នក និងធ្វើឲ្យអ្នកគិតថាជីវិតមនុស្សមិនយុត្តិធម៌។
៥. វាធ្វើឲ្យអ្នកពេញចិត្តនឹងខ្លួនឯង៖
យើងទើបតែនិយាយថា ហ្វេសប៊ុកធ្វើឲ្យអ្នកមិនសប្បាយចិត្ត ប៉ុន្តែនោះគ្រាន់តែជាផ្នែកមួយតែប៉ុណ្ណោះ។ បើអ្នកក្រឡេកទៅមើល ទំព័រផ្សេងៗទៀត អ្នកនឹងអាចទទួលបានពត៌មាន ដ៏ល្អៗបំផុតសំរាប់អ្នក នោះវាប្រាកដជាធ្វើឲ្យអ្នករីករាយ និងមានអារម្មណ៏ចំពោះខ្លួនអ្នកផ្ទាល់។ ប៉ុន្តែអ្នកចាំបាច់ ត្រូវតែរើសយកនូវទំព័រណា ដែលប្រកបដោយភាពវិជ្ជមានមកដាក់សម្រាប់ទុកទស្សនា ឧទាហ៍រណ៍៖ ទំព័រអប់រំ ទំព័រសារពត៌មានទស្សនាវដ្ដីឯករាជ្យ ឬទំព័រសម្រាប់កំសាន្ដ ប្រកបដោយការត្រិះរិះនោះជាដើម។
៦. វាធ្វើឲ្យមិត្តភក្តិរបស់អ្នកមិនចូលចិត្តអ្នក៖
នៅពេលដែលមានមនុស្សជាច្រើន បានបង្ហាញពីរឿងល្អៗ ក្នុងជីវិតរបស់គេ ហើយអ្នកគ្រប់គ្នាមានមិត្តភក្តិម្នាក់ ឬពីរនាក់ ដែលតែងតែបង្ហាញ ពីភាពបរាជ័យក្នុងជីវិតរបស់គេក្នុងមួយថ្ងៃៗ។ តាមការសិក្សាបង្ហាញថា មនុស្សដែលបង្ហាញ ពីអារម្មណ៏មិនសប្បាយចិត្ត នៅក្នុងហ្វេសប៊ុកញឹកញាប់ពេក វាធ្វើឲ្យមិត្តភក្តិជាច្រើនផ្សេងទៀត មិនចូលចិត្ត និងយល់ថា ជាការរំខានដល់គេ។
៧. វាធ្វើឲ្យអ្នកមានអារម្មណ៏ថាធាត់៖
វាប្រហែលជាគ្មានការភ្ញាក់ផ្អើលទេ នៅពេលដែលដឹងថា ៧៥%នៃអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់និយាយថា ពួកគេមិនសប្បាយចិត្ត ចំពោះខ្លួនប្រាណរបស់គេ។ មនុស្សជាច្រើនចូលចិត្តថតរូប ដូច្នេះអ្នកអាចសង្កេតឃើញថា រូបភាពទាំងនោះមានភាពខុសប្លែកគ្នា។
៨. ធ្វើឲ្យអ្នកមានអារម្មណ៏តានតឹង (ស្រ្តេស)៖
នៅពេលដែលអ្នក ចង់មានទំនាក់ទំនងជាមួយមិត្តភកិ្តអ្នក ប៉ុន្តែពួកគេមិនទទួល ឬមានការយឺតយ៉ាវ នោះវានឹងធ្វើឲ្យអ្នកមានអារម្មណ៏តានតឹង។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ៦៣% នៃអ្នកប្រើប្រាស់ហ្វេសប៊ុកទាំងអស់ បានពន្យាពេលឆ្លើយតប សំណើរសុំធ្វើជាមិត្តភកិ្ត។ ៣០%ជាង បាននិយាយថា ពួកគេបដិសេដសំណើរទាំងនោះ។ ទាំងនេះធ្វើឲ្យអ្នក ដែលស្នើរសុំធ្វើជាមិត្តភក្តិនោះ មានអារម្មណ៏ឈឺចាប់ និងសោកសៅណាស់ បើទោះបីជាវា មិនមែននៅក្នុងឥរិយាបថជីវិតពិតក៏ដោយ។
៩. ធ្វើឲ្យអ្នកបាត់បង់កិត្តិយស៖
ការសម្តែងនៅតាមកញ្ចក់ទូរទស្សន៏ និងសាច់រឿង បានជ្រាបចូលក្នុងអារម្មណ៏របស់មនុស្ស ដែលធ្វើឲ្យអ្នកភ្លេចខ្លួនធ្វើអ្វី ដើម្បីកិត្តិយសខ្លួន។ តាមការសិក្សាបានឲ្យដឹងថា ៣៦% នៃអ្នកប្រើប្រាស់ហ្វេសប៊ុក ដែលមានវ័យក្រោម ៣៥ឆ្នាំ ជាទូទៅ មានការបង្ហាញពីបញ្ហាភេទ ដូចជាបង្ហាញដើមទ្រូង រូបរាងស៊ិចស៊ី ស្លៀកខ្លីជ្រុល ... នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬ ធ្វីតថឺ (Twitter)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ