តុលាការ​ខ្មែរ​ក្រហម៖ បុគ្គលិក​បក​ប្រែ​ជា​ជន​ជាតិ​ខ្មែរ បន្ត​ធ្វើ​បាតុកម្ម

តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅពេលបើកសវនាការ និងក្នុងខណៈពេលដែល ដែលចៅក្រមត្រៀមនឹងស្ដាប់សក្ខីកម្ម របស់ប្រវត្តិវិទូ និងអ្នកកាសែត​លោកហ្វីលីព ស៊ត (Philip Short) ជំនាញខាងខ្មែរក្រហម និងជាអ្នកនិពន្ធប្រវត្តិរបស់ប៉ុលពតនោះ ក្រុមអ្នកបកប្រែជាជនជាតិកម្ពុជា បាននាំគ្នាធ្វើពហិការ មិនចូលធ្វើការ ដើម្បីទាមទារអោយបើកប្រាក់ខែរបស់ពួកគេ។ រហូតមកទល់ថ្ងៃនេះ រាល់អង្គសវនាការ នៅមិនទាន់អាចដំណើរការបាននៅឡើយ ដោយហេតុគ្មានបុគ្គលិកបកប្រែទាំងនេះ ដើម្បីធ្វើការងារដូចប្រក្រតី។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: March 06, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាទម្ងន់មួយដាក់បន្ថែមទៀត ទៅលើតុលាការដែលទទួលបន្ទុក កាត់ទោសអ្នកទទួលខុសត្រូវនៃរបបខ្មែរក្រហម ខណៈ​ស្ថាប័ននេះ កំពុងតែជួបវិបត្តិក្នុងបញ្ហាថវិកា និងរងនូវការរិះគន់ផ្សេងៗ ស្រាប់ផងនោះ។


ជនជាប់ចោទ អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសនៃរបបខ្មែរក្រហម។ រូបថតសាលាក្ដី។

តាំងពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ នៅពេលបើកសវនាការ និងក្នុងខណៈពេលដែល ដែលចៅក្រមត្រៀមនឹងស្ដាប់សក្ខីកម្ម របស់ប្រវត្តិវិទូ និងអ្នកកាសែត​លោកហ្វីលីព ស៊ត (Philip Short) ជំនាញខាងរបបខ្មែរក្រហម និងជាអ្នកនិពន្ធជីវប្រវត្តិ​របស់​ប៉ុលពតនោះ ក្រុមអ្នកបកប្រែជាជនជាតិកម្ពុជា បាននាំគ្នាធ្វើពហិការ មិនចូលធ្វើការ ដើម្បីទាមទារអោយ បើកប្រាក់ខែ​របស់ពួកគេ។ រហូតមកទល់ថ្ងៃនេះ រាល់អង្គសវនាការ នៅមិនទាន់អាចដំណើរការបាននៅឡើយ ដោយហេតុគ្មានបុគ្គលិក​បកប្រែទាំងនេះ ដើម្បីធ្វើការងារដូចប្រក្រតី។

«មិនមែនជាលើកទីមួយទេ ដែលភាពយឺតយ៉ាវក្នុងការបើកប្រាក់ខែបានកើតឡើង។ រឿងវាដដែលទេ។» ជាការលើក​មក​ថ្លែង របស់លោកនេត្រ ភ័ត្រា អ្នកនាំពាក្យរបស់សាលាក្ដីកូនកាត់ រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិមួយនេះ។ បុគ្គលិកជាជនជាតិខ្មែរ ២៧០នាក់ មិនបានទទួលប្រាក់ខែ តាំងពីខែវិច្ឆិការឆ្នាំ២០១២មកម្លេះ។ «ខ្ញុំសូមអំពាវនាវ អោយ​ម្ចាស់​ជំនួយអន្តរជាតិ ផ្ដល់ថវិការជាថ្មី  ដើម្បីអនុញ្ញាតអោយសាលាក្ដីអាចធ្វើការទៅមុខបាន» លោកនេត្រ ភ័ត្រាបន្ថែម។

ទីក្រុងភ្នំពេញត្រូវមានចំណែកចូលរួម នៅក្នុងថវិការនៃសាលាក្ដីនេះ ក្នុងកម្រិត៩,៣លានដុល្លាអាមេរិក (ប្រមាណជា៧,១៥​លានអ៊ឺរ៉ូ) សម្រាប់ឆ្នាំ២០១៣ ទល់នឹងទឹកប្រាក់២៦លានដុល្លា ដែលជាចំណែករបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែដូចជា​រៀងរាល់ឆ្នាំ រដ្ឋាភិបាលមានការពិបាកក្នុងការស្វែងរក មូលនិធិនេះអោយបានគ្រប់គ្រាន់ ហើយសម្រាប់ឆ្នាំនេះ នៅខ្វះទឹក​ប្រាក់ប្រមាណជា ៧លានដុល្លាទៀត។

នេត្រ ភ័ត្រាបាននិយាយបន្ថែមថា «ទាំងអស់គ្នាយល់ស្របជាមួយ នឹងបាតុករ។ គ្មាននរណាម្នាក់យល់ថា យើងត្រូវបង្ខំ​អោយពួកគាត់ ធ្វើការងារ ដោយគ្មានប្រាក់ឈ្នួលនោះទេ។» សូមបញ្ជាក់ថា រាល់សវនាការនៅក្នុងសាលាក្ដី តែងត្រូវ​បាន​បកប្រែជាបីភាសា៖ ខ្មែរ អង់គ្លេស និងបារាំង។ ហើយការជជែកដេញដោលនានា ត្រូវធ្វើការបកប្រែភ្លាមៗ នៅនឹងកន្លែង។

នាយករដ្ឋមន្ត្រី ចោទ អ.ស.ប

ហេតុការណ៍របស់បុគ្គលិកធ្វើបាតុកម្មនេះ ជាឱកាសអោយលោក ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា តម្លើងសម្លេងធ្ងន់ៗ ជុំវិញការងាររបស់សាលាក្ដី ដែលសម្រាប់លោក សាលាក្ដីហាក់ចង់មានបំណង ចង់នាំ«សង្គ្រាមស៊ីវីល»ត្រឡប់មកវិញ បន្ទាប់ពីកងទ័ពវៀតណាម ក្រោមផ្លាក«សង្គ្រោះជាតិកម្ពុជា»  បានចូលឈ្លានពានប្រទេសកម្ពុជា ដើម្បីទម្លាក់របប​ខ្មែរ​ក្រហមពីអំណាច នៅថ្ងៃ៧មករាឆ្នាំ១៩៧៩រួចមក។

នៅថ្ងៃច័ន្ទទី០៤ខែមិនាកន្លងមកនេះ លោកហ៊ុន សែនបាននិយាយដាក់ទម្ងន់អោយ អង្គការសហប្រជាជាតិ ដោយបាន​ចោទស្ថាប័នកំពូលអន្តរជាតិ មួយនេះ ថាបានទទួលស្គាល់ចលនាខ្មែរក្រហម អោយអង្គុយនៅលើអសនះកម្ពុជា ប្រចាំនៅ​ទីក្រុងញ៉ូយក រហូត១០ឆ្នាំក្រោយការដួលរលំ នៃរបបកុម្មុយនីសនិយមម៉ៅមួយនេះ។

ស្រង់សម្ដីដោយ ទីភ្នាក់ងារសារព័ត៌មានបារាំង អ្នកសង្កេតការទៅលើសាលាក្ដីម្នាក់ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បាន​និយាយថា «ការជាប់គាំងនេះ ជាបញ្ហារបស់រដ្ឋាភិបាល ដែលត្រូវដោះស្រាយ តែរដ្ឋាភិបាលអាច​នឹងឆក់យក​ឱកាសនេះ ដើម្បីមិនធ្វើអ្វីទាំងអស់»។ អ្នកសង្កេតការណ៍នោះគិតថា រដ្ឋាភិបាលអាចនឹងប្រើប្រាស់ បាតុកម្មនេះ ដើម្បីជាយុទ្ធានការ​នយោបាយរបស់ខ្លួន។

សាលាក្ដីបានចាប់ផ្ដើមដំណើរការរបសខ្លួន ដំបូងនៅឆ្នាំ២០០៦ បន្ទាប់ពីការចរចារដែលប្រើរយះពេលយ៉ាងយូរ រវាង​រដ្ឋាភិបាលក្រុងភ្នំពេញ នឹងអង្គការសហប្រជាជាតិ។ ជារឿយៗ សាលាក្ដីតែងរងនូវការរិះគន់ ថាមានភាពយឺតយ៉ាវ ក្នុង​ដំណោះស្រាយក្ដី កង្វះឯករាជ្យភាព នៃរាជអាជ្ញាជាជនជាតិខ្មែរ មួយចំនួន និងបញ្ហាដែលកើតមានមិនចេះឈប់ឈរ ទាក់ទងនឹងថវិការ សម្រាប់អោយសាលាក្ដីនេះដំណើរការ។

ក្រៅពីបានចេញសាលក្រម អោយអតីប្រធានពន្ធនាគារទួលស្លែង ឬមន្ទីសរ២១ ឈ្មោះ​ កាំ ហ្គេចអៀវ ហៅឌុច ជាប់​ពន្ធនាគារអស់មួយជីវិតមក សាលាក្ដីនៅមិនទាន់បានសម្រេចក្ដី ទៅលើសំនុំរឿងដទៃទៀត ទាក់ទងនឹងអតីតប្រមុខរដ្ឋ​ខ្មែរក្រហម ខៀវ សំផន មេដឹកនាំខាងមនោគមវិជ្ជា នួន​ ជា និងរដ្ឋមន្ត្រីក្រសួងការបរទេស អៀង សារីនៅឡើយ។ ភរិយា​ចំណាស់របស់លោក អៀង សារី ឈ្មោះអៀង ធីរិទ្ធ អតីស្ត្រីទីមួយ និងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃរដ្ឋាភិបាល​របស់​ប៉ុលពត ត្រូវបានសម្រេចថា មិនអាចប្រឈមមុខនឹងការកាត់ក្ដី ដោយមូលហេតុសុខភាព៕

-----------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...