នៅលោកខាងលិច ជា ស៊ីម ជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ២០ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 20, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនបើជានៅក្នុងប្រទេសកម្ពុជា លោក ជា ស៊ីម ត្រូវបានគេលើកតម្កើន ថាជាវីរៈបុរសជាតិ និងត្រូវបានមនុស្សមួយចំនួន ថ្លែងរៀបឫកពារថា ចង់យកតម្រាប់តាមលោកនោះ ប៉ុន្តែសម្រាប់បណ្ដាសារព័ត៌មាននានា នៅបស្ចឹមលោក លោក ជា ស៊ីម មានឈ្មោះល្បីថា ជា«អតីតកម្មាភិបាល រត់ចោលជួរម្នាក់» របស់ក្រុមខ្មែរក្រហម ដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរ អស់ជាង២លាននាក់ ក្នុងអំឡុងកាលនៃការកាន់អំណាច ពីឆ្នាំ១៩៧៥ មកដល់ឆ្នាំ១៩៧៩។
សារព័ត៌មាន នៅបស្ចឹមលោកជាច្រើន បានយកព្រឹត្តិការណ៍ នៃពិធីបុណ្យបូជាសព អតីតប្រធានព្រឹទ្ធសភា លោក ជា ស៊ីម ដែលថត និងរាយការណ៍ដោយ ទីភ្នាក់ងារសារព័ត៌មានល្បីៗ ដូចយ៉ាង អាអេហ្វប៉េស (AFP) រ៉យធើរ (Reuters) ឬអេភី (AP) មកចុះផ្សាយ ទាំងសារព័ត៌មានបោះពុម្ភ ទាំងសារព័ត៌មាននៅតាមគេហទំព័រ។ សារព័ត៌មានទាំងនោះ បានសរសេរនៅលើចំណងជើង សឹងតែទាំងអស់ ដោយហៅលោក ជា ស៊ីម ដែលបានទទួលអនិច្ចកម្ម នៅអាយុ៨២ឆ្នាំ ភ្ជាប់ទៅនឹងអតីភាពរបស់លោក ថាជាអតីតកម្មាភិបាលថ្នាក់តំបន់មួយរូប របស់ក្រុមខ្មែរក្រហម និងបានហៅពិធីបុណ្យបូជាសពនេះ ថាមានលក្ខណៈ«អធិកអធម»។
ប៉ុន្តែនៅក្នុងអត្ថបទវិញ បណ្ដាសារព័ត៌មាន បានសរសេររៀបរាប់ហៅលោក ជា ស៊ីម ថាជាអ្នកនយោបាយសំខាន់មួយរូប ដែលស្និតនៅនឹងលោក ហ៊ុន សែន បុរសខ្លាំងកម្ពុជា ដែលកាន់តំណែងជានាយករដ្ឋមន្ត្រី តាំងពីបីទសវត្សន៍មកហើយ នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅទ្វីបអាស៊ីផ្នែកអាគ្នេយ៍ ដែលនៅល្បីថា ជាប្រទេសជាប់លេខក្រោយគេ ខាងភាពក្រីក្រ របស់ពិភពលោក។ សារព័ត៌មានទាំងនោះ បានរំលឹកពីប្រវត្តិខ្លីៗ របស់លោក ជា ស៊ីម មកបញ្ជាក់ថា លោកមិនគ្រាន់តែជាប្រធានព្រឹទ្ធសភា តាំងពីឆ្នាំ១៩៩៩មកនោះទេ តែលោក ជាប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានអំណាចមួយរូប តាំងពីឆ្នាំ១៩៩១នោះមកផង។
ប៉ុន្តែសារព័ត៌មាន មិនបានភ្លេចរំលឹកមកវិញទេថា មេដឹកនាំដែលកាន់អំណាចសំខាន់ៗ ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ រាប់ទាំងលោក ជា ស៊ីម សុទ្ធសឹងជាអតីតកម្មាភិបាលខ្មែរក្រហម ដែលបានងាកត្រឡប់មកប្រឆាំង នឹងរបបអាវខ្មៅនេះវិញ និងបានឃុបឃិតជាមួយកងទ័ពឈ្លានពាន របស់ប្រទេសវៀតណាម ដើម្បីវាយដណ្ដើមកាន់កាប់ប្រទេសកម្ពុជា ក្រោមផ្លាក«ជួយរំដោះ»ប្រជាជនកម្ពុជា ពីនឹមទារុណកម្ម និងពីការកាប់សម្លាប់ធ្ងន់ធ្ងរ ដែលរបបខ្មែរក្រហមបានប្រព្រឹត្តិ រវាងពីឆ្នាំ១៩៧៥ មកចុងឆ្នាំ១៩៧៨ នោះឡើយ។ ក្រុមអតីតកម្មាភិបាល របស់ខ្មែរក្រហមទាំងនោះ ត្រូវបានប្រទេសវៀតណាមបន្តុប ឲ្យឡើងកាន់អំណាច នៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយពីប្រទេសកុម្មុយនីស ដែលមិនត្រូវជាមួយនឹងប្រទេសចិន វាយយកប្រទេសកម្ពុជា មកដាក់ក្រាមអាណានិគម របស់ខ្លួនរួចជាស្ថាពរ នៅឆ្នាំ១៩៧៩។
«លោក ជា ស៊ីម អតីតលេខាតំបន់របស់បក្ស ក្នុងរបបខ្មែរក្រហម បានដឹងពីឧក្រិដ្ឋកម្មនានា»
សារព័ត៌មានខ្លះបានដកស្រង់ យករបាយការណ៍មួយ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេសថា «Human Rights Watch» បានរាយការណ៍បន្ថែមទៀតថា ក្នុងនាមជាលេខាបក្សប្រចាំតំបន់ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោក ជា ស៊ីម បានដឹងពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានកើតឡើង នៅក្នុងតំបន់របស់ខ្លួន ហើយតុលាការវិសមញ្ញា ដែលកំពុងកាត់ទោស អតីតមេដឹកនាំខ្មែរក្រហមសព្វថ្ងៃ នៅរាជធានីភ្នំពេញ គួរតែធ្វើការអង្កេតទៅលើ អតីតកម្មាភិបាលខ្មែរក្រហមម្នាក់នេះ ដូចគ្នាដែរ។
អង្គការអន្តរជាតិមួយនេះ បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា មរណៈភាពរបស់លោក ជា ស៊ីម នៅខណៈនេះ ជា«បរាជ័យរបស់សាលាក្ដីខ្មែរក្រហម» ដោយអង្គការនេះ បានចង្អុលទៅលោក ជា ស៊ីម ថាធ្លាប់បានគ្រប់គ្រង មន្ទីរសន្តិសុខតំបន់ក្នុងរបបខ្មែរក្រហម ធ្វើការដោយឈ្លប ដែលបានធ្វើទារុណកម្ម និងសម្លាប់បណ្ដាជនខ្មែរ ដែលត្រូវបានចាប់ខ្លួន។ លោក ជា ស៊ីម ក៏មានជាប់ពាក់ព័ន្ធ ក្នុងការដាក់ពលរដ្ឋខ្មែរជាច្រើននាក់ ទៅជា«ទាសករ»នៅក្នុងតំបន់បូព៌ានោះដែរ។ ហើយភស្ដុតាងទាំងនេះ អាចឲ្យសាលាក្ដីវិសមញ្ញ ឬសាលាក្ដី«កូនកាត់» ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ យកមកប្រើប្រាស់ ដើម្បីនាំអ្នកទទួលខុសត្រូវផ្សេងទៀត នៅក្នុងរបបវាលពិឃាត មកជម្រះក្ដី។
ប៉ុន្តែការប៉ុនប៉ង ចង់បើកសំនុំរឿងណាផ្សេងទៀត នៅក្នុងសាលាក្ដីនេះ តែងត្រូវបានរារាំង ដោយលោក ហ៊ុន សែន នៅក្នុងសេចក្ដីប្រកាសជាសាធារណៈ ជាញ៉យដងរបស់លោក។ ចំពោះការផ្សាយរបស់សារព័ត៌មាននានា ដែលបានស្រង់ការលើកឡើង របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សខាងលើនេះ ក៏ត្រូវបានបដិសេធចោលដោយរដ្ឋាភិបាលកម្ពុជាដែរ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយដោយក្រសួងមហាផ្ទៃកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ បានហៅការភ្ជាប់មរណភាព លោក ជា ស៊ីម ទៅនឹងភាពបរាជ័យរបស់សាលាក្ដីខ្មែរក្រហម គឺជាយុទ្ធនាការ«គ្រោងទុកជាមុន» និងបង្កប់«នូវគំនុំគំកួនជាលក្ខណៈបុគ្គល» មកលើលោក ជា ស៊ីម ពីសំណាក់អង្គការមួយនេះ ជាពិសេសពីសំណាក់លោក ប្រេដ អាដាម (Brad Adams) ដែលជានាយកទទួលបន្ទុកកិច្ចការអាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស។
កាលពីពេលថ្មីៗនេះ លោក ខៀវ កាញារឹទ្ធិ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ក៏បានប្រតិកម្មដែរ ទៅនឹងសារព័ត៌មានក្នុងស្រុកមួយ ដែលចេញផ្សាយជាភាសាអង់គ្លេស ដែលបានរំលឹកបើកកកាយ ពីអតីតភាពរបស់លោក ជា ស៊ីម តាមរយៈរបាយការណ៍រស៊ើបៗជាច្រើន របស់អង្គការអន្តរជាតិខាងលើ មកចុះផ្សាយ។ លោករដ្ឋមន្ត្រី បានថ្លែងវាយតម្លៃការចុះផ្សាយនោះ ថាមាន«ភាពឈ្លើយ» និងអះអាងពីឱកាស ដែលក្រុមគ្រួសារលោក ជា ស៊ីម អាចប្ដឹងសារព័ត៌មាន ពីបទ«រំខានការកាន់ទុក្ខ»នោះទៀតផង៕