ឈុតឆាកពិតៗហាលវាល នៃចំបាំងចុងក្រោយរបស់ណាប៉ូឡេអុង
- ដោយ: កល្យាណ អត្ថបទ៖ កល្យាណ ( [email protected]) - ប៉ារីស ថ្ងៃទី២០ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 21, 2015
- ប្រធានបទ: ទស្សនីយភាព
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនបើនៅកម្ពុជា គេឧស្សាហ៍បានឃើញ ល្ខោនឈុតឆាកជាច្រើន បានរំលឹកទៅដល់អតីតព្រះមហាក្សត្រធំៗ ដូចយ៉ាងព្រះបាទ ជ័យវរ្ម័នទី៧ ជាដើមនោះ នៅប្រទេសប៊ែលហ្សិកឯណេះ ក៏មានការប្រារព្ធខួប២០០ឆ្នាំ នៃចម្បាំងដ៏ធំមួយ នៅវ័ធើឡូ ដែលរំលឹកទៅដល់អធិរាជបារាំង ក្នុងសម័យមុនៗនោះដែរ។ ឈុតឆាកធ្វើឡើងវិញ ដោយពិតៗ នៅលើទីលានប្រយុទ្ធ វ័ធើឡូ ត្រូវបានបង្កើតឡើង ដោយផ្ទាល់ នៅក្រោមការទស្សនាយ៉ាងជក់ចិត្ត ពីមហាជនមិនតិចជាង ៧ម៉ឺននាក់ឡើយ។
ការប្រារព្ធខួបនេះ បានប្រព្រឹត្តិទៅ កាលពីថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០១៥នេះ ជាមួយនឹងអ្នកចូលរួមសម្ដែងប្រមាណជា ៦០០០នាក់ (មកពីច្រើនជាតិសាសន៍) និងសេះ ៣០០ក្បាល ព្រមទាំងកាណុងកាំភ្លើងតូចធំ ដែលបាញ់ចេញតែភ្លើង និងផ្សែង (មិនអាចបាញ់ចេញ ជាគ្រាប់មែនទែនទេ ព្រោះវាមិនមែន ជាចម្បាំងមែនទែនឡើយ សូមកុំច្រឡំ) នោះទៀត។ ការបង្កើតចម្បាំងនេះឡើងវិញ គឺចង់បង្ហាញពីអធិរាជ ព្រះចៅ ណាប៉ូឡេអុង របស់ប្រទេសបារាំង ដែលបានច្បាំងចាញ់ នៅក្នុងសង្គ្រាមនេះ ហើយលើកនោះ ក៏ជាចម្បាំងចុងក្រោយរបស់ទ្រង់ដែរ។
នៅចំពោះផ្ទាំងទស្សនីយភាពយនេះ អ្នកទស្សនាជាច្រើននាក់ បានសម្ដែងមតិខុសៗគ្នា ជាពិសេសគឺជនជាតិបារាំងតែម្ដង ដែលហាក់ដូចជាមិនចង់ឃើញ ពីប្រវត្តិ«ចាញ់សង្គ្រាម»របស់ខ្លួន ត្រូវបានគេយកមករំលឹក ឡើងវិញដូច្នេះទេ។ ទស្សនិកជនម្នាក់ ជាតិបារាំងបានលាន់មាត់ថា៖ «រំលឹកកាលពីឆ្នាំ១៨១៥ឡើងវិញ ដូចជាយូរពេកហើយ តែវាក៏ជាប្រវត្តិសាស្ត្ររបស់យើងដែរ»។ រីឯទស្សនិកជនម្នាក់ទៀត បានថ្លែងទាំងអំណរថា៖ «ខ្ញុំចូលចិត្តប្រវត្តិសាស្ត្រណាស់ ជាពិសេសគឺជំនក់ចិត្ត នឹងព្រះចៅ ណាប៉ូឡេអុង នេះតែម្ដង។ ខ្ញុំមានអារម្មណ៍រំភើបណាស់ ដែលបានមកមើលផ្ទាល់នៅទីនេះ។» ខណៈទស្សនិកជននៅក្បែរនោះ បាននិយាយយ៉ាងមុតមាំថា៖ «យើងមកទីនេះ មិនមែនដើម្បីមកអបអរជ័យជំនះ របស់ពួកអង់គ្លេសនោះទេ តែសម្រាប់រីករាយរំលឹកឡើងវិញ ពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យ របស់ព្រះចៅ ណាប៉ូឡេអុង»។
យ៉ាងណាក៏ដោយ ទស្សនិកជនភាគច្រើន មានអារម្មណ៍រីករាយ ជាមួយនឹងផ្ទាំងទស្សនីយភាព ដ៏កម្រនេះ។ តែការខកចិត្តមួយ បានកើតឡើង៖ នោះគឺកៅអីអង្គុយរបស់ទស្សនិកជន នៅឆ្ងាយពីការសម្ដែង ហើយសំបុត្រចូលទស្សនា មានតម្លៃថ្លៃហួស៕
» សូមទស្សនាការដកស្រង់ ពីផ្ទាំងទស្សនីយភាពនេះ ដូចខាងក្រោម៖