កម្មវិធីមួយនៅលើទូរស័ព្ទដៃ ពន្យល់ពីរឿងរ៉ាវខ្មែរក្រហម
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៩ មករា ២០១៨
- កែប្រែចុងក្រោយ: January 09, 2018
- ប្រធានបទ: កម្មវិធីទូរស័ព្ទ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កម្មវិធីនេះ មានឈ្មោះពេញជាភាសាអង់គ្លេស «Khmer Rouge History» និងមានន័យ ជាខេមរភាសា «ប្រវត្តិសាស្ត្រខ្មែរក្រហម»។ បង្កើតឡើងដោយមជ្ឈមណ្ឌល បុប្ផាណា (Bophana) នៅរាជធានីភ្នំពេញ កម្មវិធីនេះមានទិសដៅសំខាន់បំផុត សម្រាប់យុវជនជំនាន់ក្រោយ (អាយុក្រោម៣០ឆ្នាំ) ប្រមាណជា២ភាគ៣ នៃប្រជាជនកម្ពុជាសរុប ដែលមិនបានកើតទាន់ សម័យប្រល័យពូជសាសន៍ បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ ប៉ុលពត - អៀង សារី - ខៀវ សំផន រវាងពីឆ្នាំ១៩៧៥ មកទល់នឹងឆ្នាំ១៩៧៩។
លោក កែវ ឌួង សហស្ថាបនិកនៃកម្មវិធីខាងលើ និងជាមន្ត្រីមួយរូប របស់មជ្ឈមណ្ឌលបុប្ផាណា បានថ្លែងនៅក្នុងពិធី ធ្វើបទបង្ហាញនានា ស្ដីពីកម្មវិធីខាងលើថា យុវជនជំនាន់ក្រោយ ក្នុងពេលបច្ចុប្បន្នមិនចូលចិត្តអានច្រើននោះទេ ប៉ុន្តែពួកគេទាំងនោះភាគច្រើន សុទ្ធតែមានទូរស័ព្ទរបស់ពួកគេ រៀងៗខ្លួន។ ដូច្នេះហើយ កម្មវិធីមួយដែលសម្រាប់បំពាក់ នៅក្នុងទូរស័ព្ទទំនើប ដោយមានទាំងសម្លេង វីដេអូ និងរូបថតផងនោះ នឹងអនុញ្ញាតឲ្យពួកគេ យល់ដឹងកាន់តែច្រើនឡើង ពីប្រវត្តិសាស្ត្រខ្មែរក្រហម។
ក្រុមខ្មែរក្រហម ដែលនិយមកុម្មុយនីស្ដ៍ បែបម៉ៅសេទុង (ប្រទេសចិន) បានចូលកាន់អំណាច នៅឆ្នាំ១៩៧៥ និងត្រូវបានបណ្ដេញចេញ ពីអំណាច នៅចុងឆ្នាំ១៩៧៨ (និងចូលមកដើមឆ្នាំ១៩៧៩) ដោយការវាយលុកឈ្លានពាន ពីសំណាក់កងទ័ព នៃប្រទេសវៀតណាម។ នៅក្រោយមការគ្រប់គ្រង របស់ក្រុមនេះ ប្រជាជនកម្ពុជាជិត២លាននាក់ បានស្លាប់បាត់បង់ជីវិត ដោយសារការស្រេកឃ្លាន ការបាក់កម្លាំង ការធ្វើទារុណកម្ម និងការវាយកម្ទេចចោល៕
នៅក្នុងកម្មវិធីខាងលើ មានធ្វើចេញជាភាសាខ្មែរ និងជាភាសាអង់គ្លេស។ លោកអ្នកអាចរកបានកម្មវិធីនេះ នៅលើបណ្ដាកម្មវិធី របស់ «Google» និងរបស់ «Apple»៕