អៀង ធីរិទ្ធ អតីតស្ត្រីទីមួយ នៃរបបខ្មែរក្រហម បានស្លាប់ហើយ
- ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២២ សីហា ២០១៥
- កែប្រែចុងក្រោយ: August 23, 2015
- ប្រធានបទ: ខ្មែរក្រហម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីត«ស្ត្រីទីមួយ» នៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម អ្នកស្រី អៀង ធីរិទ្ធិ បានស្លាប់នៅថ្ងៃសៅរ៍ទី ២២ ខែសីហានេះ។ នេះបើតាមការប្រកាសឲ្យដឹង របស់សាលាក្ដីវិសមញ្ញ ដែលបង្កើតឡើង រវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងអង្គការសហប្រជាជាតិ ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម។ សាលាក្ដីបានឲ្យដឹងថា៖ «ជនជាប់ចោទ បានស្លាប់នៅវេលាម៉ោងប្រមាណជា ១០និង៣០នាទី ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០១៥ នៅខេត្តប៉ៃលិន ប្រទេសកម្ពុជា»។ នៅមុនមរណភាពនេះ ព័ត៌មានបានឲ្យដឹងថា អ្នកស្រី ធីរិទ្ធិ ត្រូវបានបញ្ជូនទៅព្យបាល នៅប្រទេសថៃ អស់រយៈពេលជាច្រើនខែ។
អតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នៃរបបខ្មែរក្រហម និងជាប្អូនថ្លៃរបស់ប៉ុលពត (ឬសាឡុតស) អ្នកស្រី ធីរិទ្ធិ ដែលមានឈ្មោះដើម ខៀវ ធីរិទ្ធិ ត្រូវបានចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ បង្កឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម ដោយសាលាក្ដីកូនកាត់ខាងលើនេះ។ ប៉ុន្តែចៅក្រមនៃសាលាក្ដីបានទម្លាក់ចោល ការចោទប្រកាន់ និងបានដោះលែងអ្នកស្រី នៅឆ្នាំ២០១២ បន្ទាប់ពីបានរកឃើញថា អ្នកស្រីមានជំងឺភ្លេចភ្លាំងវង្វេងវង្វាន់។
ការដោះលែងនេះ មិនបានធ្វើឲ្យក្រុមជនរងគ្រោះ នឹងរបបកាប់សម្លាប់ដ៏រង្គាល សប្បាយចិត្តនោះឡើយ។ យ៉ាងណាក៏ដោយ អ្នកស្រី អៀង ធីរិទ្ធិ ដែលជាភរិយារបស់លោក អៀង សារី (ស្លាប់កាលពីឆ្នាំ២០១៣) ត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ ពីសំណាក់តុលាការ រហូតដល់ថ្ងៃស្លាប់។ នេះបើតាមការប្រកាសព័ត៌មាន របស់សាលាក្ដីដដែល។
អ្នកស្រី អៀង ធីរិទ្ធិ មានដើមកំណើតចេញពីត្រកូលអភិជន ហើយបានទទួលការរៀនសូត្រយ៉ាងជ្រៅជ្រះ ផ្នែកអក្សរសាស្ត្រនៅសកលវិទ្យាល័យស៊កប៊ន (Sorbonne) ប្រទេសបារាំង។ នៅឆ្នាំ១៩៥១ អ្នកស្រីបានជួបលោក អៀង សារី (ដែលក្រោយមកក្លាយជាស្វាមីអ្នកស្រី) ដែលត្រូវបានគេស្គាល់ថា ជាសកម្មជននិយមលិទ្ធិម៉ាក្ស និងប្រឆាំងអាណានិគមនិយម។ នៅបន្ទាប់ពីក្រុមខ្មែរក្រហម បានឡើងកាន់អំណាច នៅឆ្នាំ១៩៧៥ លោក អៀង សារី បានក្លាយជារដ្ឋមន្ត្រីការបរទេស ខណៈអ្នកស្រីជាភរិយា បានក្លាយជារដ្ឋមន្ត្រីសង្គមកិច្ច។
អ្នកស្រីត្រូវបានចាត់ទុក ជាស្ត្រីទីមួយ ដោយសារតែក្នុងសម័យកាលនោះ មានតែស្ត្រីពីរនាក់ប៉ុណ្ណោះ ដែលជាអ្នកទទួលខុសត្រូវជាន់ខ្ពស់ ជាមួយមេដឹកនាំសំខាន់ៗ របស់របបអាវខ្មៅ៖ នោះគឺអ្នកស្រី ខៀវ ប៉ុញ្ញារី (ត្រូវជាបងស្រី) និងរូបអ្នកស្រី។ ប៉ុន្តែអ្នកស្រី ខៀវ ប៉ុញ្ញារី ភរិយារបស់ប៉ុលពត ដែលឆាប់រងគ្រោះ នឹងជំងឺវង្វេងវង្វាន់មុនគេនោះ មិនអាចដើរតួនាទីសំខាន់ នៅក្នុងនយោបាយជាន់ខ្ពស់ របស់របបកម្ពុជាប្រជាធិបតេយ្យបានទេ។
លោក អៀង សារី និងអ្នកស្រី ត្រូវបានឃាត់ខ្លួន នៅក្នុងគេហដ្ឋាន នារាជធានីភ្នពេញ ក្នុងឆ្នាំ២០០៧ បើទោះជាក្រុមមេដឹកនាំខ្មែរក្រហមទាំងនេះ បានចុះចូលនឹងរដ្ឋាភិបាល ហើយត្រូវបានព្រះមហាក្សត្រ នរោត្ដម សីហនុ លើកលែងទោស ហើយក៏ដោយ។ នៅឆ្នាំ២០០៩ អ្នកស្រីបានស្បថនៅចំពោះចៅក្រមថា អ្នកស្រីនឹងស្លាប់ចុះនរក៧ជាន់ ប្រសិនជាអ្នកស្រីជាឃាតករ មានបាតដៃប្រលាក់ឈាម។
លោក ឆាំ យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានថ្លែងថា អ្នកស្រីជាអ្នកទទួលខុសត្រូវដោយផ្ទាល់ នៅក្នុងមន្ទីរព្យាបាលប្រជាជនកម្ពុជា ខណៈបណ្ដាជនជាច្រើន នៅក្នុងរបបនោះ នៅតែហេវហត់អស់កម្លាំង និងស្លាប់ដោយសារជំងឺតម្កាត់។ បើតាមឯកសាររបស់សាលាក្ដី បានឲ្យដឹងទៀតថា អ្នកស្រីបានបញ្ជា ឲ្យមានការចម្រាញ់ចោល នូវជនទាំងឡាយណា ដែលរងការសង្ស័យ ថាបាន«ក្បត់» ហើយអ្នកស្រីក៏បានដឹងដែរ ពីការកំចាត់ចោល នូវមនុស្សជាច្រើននាក់ ដែល«អង្គការ»គិតថាជា«ខ្មាំង»៕