ខ្សែរអាត់សម្លេងលោក កឹម សុខា ពាក់ពន្ធ័នឹងគុកទួលស្លែងជារឿង«នយោបាយ»?
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 31, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការចាក់ខ្សែរអាត់សម្លេងរបស់លោក កឹម សុខា ថា«គុកទួលស្លែងជាគុកសប្បនិមិ្មត» ដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់រដ្ឋាភិបាល បានក្លាយជាព្រឹត្តិការណ៍នយោបាយមួយថ្មី ដែលនាយករដ្ឋមន្ត្រីលោកហ៊ុនសែន បានយកឱកាសនេះ«វាយសន្ធាប់»ទៅលើមេដឹកនាំបក្សប្រឆាំង។ តើខ្សែរអាត់សម្លេងជារឿងពិត ឬគ្រាន់ជាការ«កាត់ត» ដើម្បីបង្កើតជាឧបករណ៍ក្នុងការវាយប្រហារ?
រូបថតរបស់គណបក្ស ដែលបានផ្ញើរមកមនោរម្យព័ងអាំងហ្វូ បញ្ជាក់ពីវត្តមានលោកកឹម សុខា នៅស្រុកពពាក្រែក ក្នុងខេត្តកំពង់ចាម មិនមែននៅខេត្តតាកែវ ឬនៅខេត្តព្រៃវែងនោះទេ។
រៀងរាល់មុនរដូវកាលនៃការបោះឆ្នោតម្តងៗ គ្រប់គណបក្សនយោយបាយ តែងតែសម្លៀងមាត់ កំដៅសាច់ដុំ និងព្យាយាមស្វែងរកកំហុសពីគូបដិបក្ខ ដើម្បីវាយប្រហារគ្នាទៅវិញទៅមក។ ជាពិសេស ការវាយប្រហារដែលប៉ះពាល់យ៉ាងខ្លាំង ទៅដល់អារម្មណ៍និងបេះដូងនៃប្រជាជាតិខ្មែរទាំងមូលនោះ គឺការយកព្រឹត្តិការណ៍នៃការកាប់សម្លាប់យ៉ាងរង្គាល អស់ជីវិតមនុស្សជាងពីរលាននាក់ ក្នុងរបបរខ្មែរក្រហមប៉ុល ពត មកវាយគងបំពង ជាសម្លេងឲ្យឮឡើង។
បាតុកម្មមួយដែលគេរំពឹងថា មានការចូលរួមពីសំណាក់ជនរងគ្រោះ នៃរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃ កំពុងត្រូវបានរៀបចំធ្វើឡើង ដើម្បីទាមទារឲ្យមានការ«សុំទោស»ពីលោក កឹម សុខា ជាសាធារណៈនៅឯគុកទួលស្លែង ជាពិសេសបន្ទាប់ពីការប្រកាសរបស់លោក ហ៊ុន សែន នៅថ្ងៃទី៣០ខែឧសភាក្នុងខេត្តកំពង់ចាមនោះមក។
ប្រធានសមាគមជនរងគ្រោះ ដោយរបបកម្ពុជាប្រជាធិបតេយ្យ ហៅកាត់ថា “សមាគមក្សេមក្សាន្ត” លោក ជុំ ម៉ី ដែលជាអ្នកផ្តួចផ្តើមគំនិតបាតុកម្មនេះ បានថ្លែងប្រាប់ថា គម្រោងធ្វើបាតុកម្មនេះ មិនមែនធ្វើឡើងក្នុងនាមសមាគមនោះទេ ប៉ុន្តែនឹងធ្វើឡើងក្នុងនាមរូបលោកផ្ទាល់ ដែលជាជនរងគ្រោះម្នាក់ បានរួចជីវិតពីគុកទួលស្លែងនៃរបបប៉ល ពត ហើយឈឺចាប់នឹងសំដីរបស់លោក កឹម សុខា និយាយកាលពីថ្ងៃទី១៨ខែឧសភានេះ។ លោកបញ្ជាក់ថា លោក និងសមាគមរបស់លោក មិនមានប៉ះពាល់នឹងនយោបាយទេ។
លោកប្រធានសមាគមវ័យ៨៣ឆ្នាំរូបនេះ បានបញ្ជាក់ថា ដោយសារតែបច្ចុប្បន្នលោកទុកពេលដប់ថ្ងៃ សម្រាប់លោក កឹម សុខា (ពីថ្ងៃទី ២៥ ខែឧសភា ថ្ងៃទី៣ ខែមិថុនា) ដូច្នេះពេលវេលានៃការធ្វើបាតុកម្ម នៅមិនទាន់បានកំណត់ជាក់លាក់នោះនៅឡើយ ឯអ្នកចូលរួមវិញលោកក៏មិនបង្ខំឡើយ ពួកគាត់អាចចូលរូមតាមការស្មគ្រ័ចិត្ត។
រហូតមកទល់នឹងម៉ោងនេះ មនោរម្យព័ងអាំងហ្វូ នៅមិនទាន់រកបានប្រភពឯករាជ្យណាមួយបាននៅឡើយ ដើម្បីបញ្ជាក់ពីឯកសារសម្លេងនេះ ក្រៅតែពីសម្លេងដែលចាក់ផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់រដ្ឋាភិបាល។ លោកជុំ ម៉ី បានបកស្រាយថា លោកស្ដាប់បានសម្ដីលោកកឹមសុខា ដោយផ្ទាល់ត្រជៀក តែតាម«វិទ្យុមួយនោះ»ចាក់ផ្សាយប៉ុណ្ណោះ ដោយការនិយាយនោះបានធ្វើ នៅក្នុង«ខេត្តព្រៃវែង» និងបន្ទាប់មកនៅក្នុង«ខេត្តតាកែវ»។ តែនៅពេលអ្នកយកព័ត៌មាន សួរលោកបន្ថែមថា វិទ្យុនោះឈ្មោះអ្វី? លោកថា លោកមិនចាំឈ្មោះរបស់វិទ្យុនោះទេ។
ផ្ទុយទៅវិញ លោក យ៉ែម បុញ្ញារិទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងមកវិញថា ក្នុងថ្ងៃទី១៨ខែឧសភានោះ លោកកឹម សុខាមិនបានទៅខេត្តព្រៃវែង ឬទៅខេត្តតាកែវទេ តែលោកបានទៅខេត្តកំពង់ចាម ដែលមានប្រជាពលរដ្ឋនៅទីនោះរាប់ពាន់នាក់ ជាសាក្សី និងមានឯកសារសម្លេងជាសភ្តុតាងស្រាប់។ បើតាមអ្នកនាំពាក្យរូបនេះ ខ្សែអាត់សម្លេងដែលបង្ហាញដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់រដ្ឋាភិបាល ជាការកាត់ត និងមួលបង្កាច់ទាំងស្រុង។ លោកបន្តថា ព្រោះកាលថ្ងៃទី១៨ នោះ លោក កឹម សុខា បានទៅខេត្តកំពង់ចាម ហើយថែមទាំងមិនបាននិយាយពាក់ពន្ធ័ នឹងរឿងគុកទួលស្លែងនោះផង។
ដោយឡែកចំពោះ លោក ប៊ូ ម៉េង ដែលជាអនុប្រធានសមាគមក្សេមក្សាន្តរបស់លោកប្រធានជុំ ម៉ីវិញ បានលើកឡើងថា រូបលោកផ្ទាល់មិនបានដឹង ពីការលើកឡើងរបស់លោក កឹម សុខា នោះជាការពិត ឬយ៉ាងណាទេ ព្រោះ«ឮតាមតែគេថាដូចគ្នា»។ ឯការចូលរួមក្នុងបាតុកម្មនោះ បុរសចំណាស់៧២ឆ្នាំរូបនេះ បាននិយាយទំនងជាមិនច្បាស់ថា «បើថ្ងៃនោះស្រួលខ្លួនខ្ញុំចូលរួម បើមិនស្រួលខ្លួនខ្ញុំមិនចូលទេ។ ការងារនេះមិនធម្មតាទេ តែងតែមានការលួចជ្រៀតជ្រែកពីនេះពីនោះ អាហ្នឹងខ្ញុំខ្លាចខ្លួនដែរ។»
គម្រោងការធ្វើបាតុកម្មនេះ ត្រូវបានអ្នកវិភាគមួយចំនួន ចាត់ទុកថាជារឿងពាក់ពន្ធ័នឹងនយោបាយ បើទោះជាតំណាងអ្នករៀបចំបាតុកម្ម បានអះអាងថាខ្លួននិងក្រុមរបស់ខ្លួន មិនជាប់ទាក់ទិនអ្វីនឹងនយោបាយនោះក៏ដោយ និងជាពិសេសនៅពេលដែលគម្រោងការនេះ បានកើតឡើងនៅក្រោយប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីនោះ។ បណ្ដាញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនធំ ត្រូវបានរឹតត្បិត និងគ្រប់គ្រងដោយរដ្ឋាភិបាល ដែលគេមិនអាចសង្ឃឹមបាន ពីភាពឯករាជ្យត្រឹមត្រូវ នៃប្រភពព័ត៌មាននានា ថានឹងយកជាការបាន។
អ្នកវិភាគសង្គម និងនយោបាយលោក ឡៅ មុងហៃ បាននិយាយថា ក្នុងបរិបទនយោបាយ អ្នកនយោបាយគេមានបុរេគំនិត (ការគិតទុកជាមុន) ហើយមានការតតាំង និងក៏អាចមានការបកស្រាយជ្រុលជ្រួសដែរ។ ក្នុងប្រទេសដែលប្រកាន់លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បើភាគីណាមួយនិយាយខុស ភាគីមួយទៀត អាចធ្វើការកែតម្រូវបាន។ អ្នកវិភាគរូបនេះ បានផ្ដល់ជាយោបល់ថា ដោយលោក កឹម សុខា ជាសមាជិកសភាស្រាប់ ដូច្នេះអាចបង្កើតគណកម្មការមួយ ធ្វើការស៊ើបអង្កេតមើលថា តើការនិយាយនោះត្រឹមត្រូវ ឬមិនត្រឹមត្រូវ ជៀសវាងការបកស្រាយផ្សេងៗ អាចធ្វើឲ្យមានការជ្រុលជ្រួស ឬកើតមាននូវបាតុភាពផ្សេងៗ។
លោក ឡៅ មុងហៃ បានបន្តថា ការប្រសើរជាងនេះនោះ លោកនាយករដ្ឋមន្ត្រី អាចធ្វើការបង្គាប់បញ្ជា កុំទាន់ឲ្យមានការបកស្រាយដោយក្រុមខ្លួន តែត្រូវរង់ចាំគណកម្មការពិនិត្យថា ការនិយាយនោះយ៉ាងណា ហើយការបកស្រាយរបស់គណកម្មការនោះវាយ៉ាងម៉េចសិន នោះទើបអាចរកខុសត្រូវឃើញ។ ការប្រកាសធ្វើបាតុកម្មដោយយោងតាម ការវិនិច្ឆ័យលើសម្លេងនេះ វាគ្រាន់តែបង្កើតឲ្យមាន «ភាពច្របូកច្របល់» តែប៉ុណ្ណោះ។ លោកបញ្ជាក់ថា បើកើតមានបាតុកម្មនេះមែន ក៏មិនមានអ្វីជាបញ្ហាដែរ ព្រោះវាជាសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ តែអ្វីដែលសំខាន់នោះ កុំឲ្យមានការលូកលាន់ ឬជម្រុញពីថ្នាក់ដឹកនាំទៅបានហើយ។
សាធារណមតិទូទៅបានលើកឡើងថា អ្នកនយោបាយ គួបង្ហាញពីសមត្ថភាព ឬពីគោលនយោបាយរបស់ខ្លួន ក្នុងការដឹកនាំប្រទេសទៅថ្ងៃមុខ ជៀសជាងសង្គ្រាមវាយប្រហារគ្នា តាមពាក្យសម្ដី ឬតាមបាតុកម្ម ដែលអាចជះឥទ្ធិពលមិនល្អ ដល់ការបោះឆ្នោត ហើយវាក៏ពុំមែនជាជម្រើសដ៏ល្អ របស់អ្នកនយោបាយនោះដែរ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ