ម៉ម សូណង់ដូ៖ បុព្វហេតុដើម្បីប្រទេសកម្ពជា គ្មានអំណាចផ្ដាច់ការ
អ្នកកាសែតនិងសកម្មជនសិទ្ធិមនុស្សលោក ម៉ម សូណង់ដូ ដែលទើបនឹងចេញពីពន្ធនាគារកាលពីពាក់កណ្ដាលខែមិនាមុន បានថ្លែងថា លោកនឹងបន្តបុព្វហេតុតស៊ូមតិ របស់លោកជាបន្តទៅទៀត។ ក្នុងដំណើរបេសកកម្ម ដែលលោកបានធ្វើនៅសហរដ្ឋអាមេរិក និងនៅប្រទេសកាណាដា លោកបានបញ្ជាក់ថា ប្រទេសរបស់លោក កំពុងដឹកនាំដោយជនផ្ដាច់ការម្នាក់។
ក្រុមអ្នកគាំទ្រ លើកផ្លាកអោយដោះលែងលោកម៉ម សូណង់ដូ នៅខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info Photo/ O. Vary។
«បើមនុស្សម្នាក់នេះធ្វើអ្វីស្រេចតែនឹងចិត្ត មិនគិតពីច្បាប់ទម្លាប់ មិនខ្វល់ពីសម្លេងរបស់ប្រជាពលរដ្ឋ ហើយធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីរក្សាអំណាច ខ្ញុំហៅមនុស្សម្នាក់នេះថា ជាជនផ្ដាច់ការ» នេះជាការលើកឡើងរបស់លោកម៉ម សូណង់ដូ នៅក្នុងកិច្ចសម្ភាសមួយជាមួយអ្នកកាសែត នៃវិទ្យុកាណាដា។
ពាក្យសម្ដីរបស់លោក ទំនងជាសំដៅទៅលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចតាំងពីជាង២៧ឆ្នាំមកហើយ។ ក្រុមអង្គការសិទ្ធិមនុស្ស បានចាត់ទុកលោកហ៊ុន សែន ដែលមានអាយុ៦០ឆ្នាំរូបនេះ ទៅក្នុងចំណោមមេដឹកនាំទាំង១០នាក់ក្នុងពិភពលោក ដែលកាន់អំណាចបានយូរជាងគេបង្អស់។
លោកម៉ម សូណង់ដូ បានបង្កើតវិទ្យុសម្បុកឃ្មុំរបស់លោក នៅឆ្នាំ១៩៩៣ ហើយជាមួយនឹងវោហារស័ព្ទមិនសំចៃមាត់របស់លោក បានធ្វើឲ្យលោកជាប់ពន្ធនាគារ ចំនួនបីលើករួចមកហើយ។ សម្រាប់លើកចុងក្រោយ ការបង្ខាំងខ្លួនរបស់លោកក្នុងពន្ធនាគារព្រៃសរ បានបង្កើតឲ្យមានប្រតិកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ក្រុមអ្នកការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិ និងក៏មានមេដឹកនាំធំៗក្នុងពិភពលោកដែរ ដូចជាលោកបារ៉ាក់ អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក និងលោកហ្សង់ ម៉ាក អារ៉ូល៍ (Jean-Marc Ayrault) នាយករដ្ឋមន្ត្រីបារាំងនោះជាដើម។
បើទោះជាលោកបាននិយាយសំដៅក្នុងករណីខ្លះ ទៅលើបុរសខ្លាំងម្នាក់ ដែលនៅកាន់អំណាចសព្វថ្ងៃនោះក៏ដោយ តែលោកក៏នៅតែបាននិយាយដល់ ទៅក្រុមអ្នកនយោបាយផ្សេងទៀតដូចគ្នាដែរ ដែលកំពុងត្រៀមចូលរួមក្នុងការបោះឆ្នោតនាថ្ងៃទី២៨ខែកក្កដាខាងមុខ។
«បញ្ហាវាមកពីពួកគណបក្សប្រឆាំងដូចគ្នា ដែលគ្មានការកំណត់ឲ្យបានច្បាស់លាស់ ពីការបម្រើប្រទេសជាតិ និងពីផលប្រយោជន៍ជាតិ។ ពួកគេគិតតែពីអំណាច។» នេះជាការបរិហាឡើង របស់លោកនៅក្នុងកិច្ចប្រជុំមួយ ជាមួយបណ្ដាជនកាណាដា ដែលភាគច្រើនមានដើមកំណើតខ្មែរ។
អំពាវនាវកុំចូលរួមការបោះឆ្នោត
បើតាមលោកម៉ម សូណង់ដូ គណកម្មាធិការរៀបចំការបោះឆ្នោត ឬគ.ជ.ប. សព្វថ្ងៃ ស្ថិតនៅក្រោមការគ្រប់គ្រងចាត់ចែងរបស់ គណបក្សកាន់អំណាច។ ក្រុមគណបក្សប្រឆាំង ក៏ដឹងពីរឿងនេះដែរ ហើយបានលើកពីបញ្ហានេះ ដើម្បីទាក់ទាញអ្នកទៅបោះឆ្នោតឲ្យចាប់អារម្មណ៍ និងបន្ទាប់មកបានធ្វើយុទ្ធនាការ ស្រែកបំពងសម្លេងឲ្យគេឮ។ តែទីបផុតទៅ គឺគណបក្សប្រឆាំងនេះខ្លួនឯង ដែលនៅតែចូលរួម ការបោះឆ្នោត«លួចបន្លំ»នេះដដែល។
លោកផ្ដល់ជាគំនិតថា «បើគ.ជ.ប មិនមានការផ្លាស់ប្ដូរទេ គណបក្សប្រឆាំងត្រូវបដិសេធ កុំចូលរូមការបោះឆ្នោតនេះ»។
តែខ្លួនលោកផ្ទាល់ លោកបានអះអាងថា ចង់បន្តបុព្វហេតុរបស់លោក ដើម្បីឲ្យប្រទេសកម្ពុជាមួយក្លាយជានិតិរដ្ឋ តាមរយៈវិជ្ជាជីវះរបស់លោក ជាអ្នកកាសែត ជៀសជាងធ្វើជាអ្នកនយោបាយ។ លោកថ្លែងថា «រឿងអំណាច ខ្ញុំមិនខ្វល់ជាមួយទេ។ ផលប្រយោជន៍ផ្ទាល់ខ្លួន ក៏ខ្ញុំមិនរវល់ដែរ។ ខ្ញុំគ្រាន់តែចង់សាកល្បង ពន្យល់ប្រជាពលរដ្ឋកម្ពុជា ឲ្យស្គាល់ពីសិទ្ធិរបស់ពួកគាត់។ បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ពី៣០ទៅ៤០% មិនចេះអក្សរ។ ពួកគាត់ភ័យនឹងការគម្រាម ហើយរដ្ឋាភិបាលបានធ្វើអាជីវកម្ម ពីលើភាពល្ងង់ខ្លៅរបស់ពួគគាត់។»
«មនុស្សដែលភ័យខ្លាចជាងខ្ញុំ»
ទាក់ទងនឹងបញ្ហាពន្ធនាគារដែលសព្វថ្ងៃ លោកស្ថិតជាទណ្ឌិតដោយការព្យួរទោស នោះនៅឡើយ លោកម៉ម សូណង់ដូ បាននិយាយថា «ខ្ញុំមិនភ័យនឹងគុកច្រវ៉ាក់ទេ។ មិនមានន័យថា ខ្ញុំចង់នោះទេ។ តែបើខ្ញុំមិនមានធ្វើអ្វីខុសទាល់តែសោះ ហើយគេចាប់ខ្ញុំដាក់គុក គឺមនុស្សដែលចាប់ខ្ញុំដាក់គុកនោះទៅវិញទេ ដែលភ័យខ្លាចជាងខ្ញុំទៅទៀត។» លោកបានបន្ថែម យ៉ាងមុតមាំថា «បើខ្ញុំភ័យ រីខ្ញុំបិតមាត់ គឺខ្ញុំក្បត់វិជ្ជាជីវះរបស់ខ្ញុំ ជាអ្នកសារព័ត៌មានហើយ»។
នៅពេលឆ្លើយនឹងសំនួរ ស្ដីពីក្ដីសង្ឃឹមក្នុងបុព្វហេតុ ម្ចាស់វិទ្យុរូបនេះបានថ្លែងប្រកបដោយសុទិដ្ឋិនិយមថា «នៅពេលគេកាត់ឈើខ្លឹម វាពិបាកកាត់ណាស់។ តែបើឈើវាពុកហើយស្អុយនោះ ត្រឹមតែដាក់មួយកាំបិត វានឹងដាច់អស់ជាមិនខាន។ ហើយខ្ញុំរងចាំពេលវេលានេះមកដល់៕»
---------------------------------------------------------
ដោយៈ សុបិន្ត - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ