បាល់ទាត់អេស្ប៉ាញ៖ អាប៊ីដាល់ និយាយលាក្រុមបាសេឡូណា ទាំងទឹកភ្នែក
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតខ្សែការពារឆ្វេងជម្រើសជាតិបារាំង អេរិក អាប៊ីដាល់ (Eric Abidal) បាននិយាយទាំងទឹកភ្នែក ខណៈដែលគាត់បានប្រកាសថា គាត់នឹងចាកចេញពីកីឡាដ្ឋាននូខេម (Nou Camp) នៅរដូវក្តៅនេះ បន្ទាប់ពីចំណាយពេលអស់៦ឆ្នាំ ជាមួយនឹងក្រុមបាសេឡូណា (Barcelona)។
កីឡាករអេរិក អាប៊ីដាល់ ប្រកាសចាកចេញពីក្រុមទាំងក្រៀមក្រំ។
កីឡាករដ៏មានប្រជាប្រិយភាពវ័យ៣៣ឆ្នាំរូបនេះ បានត្រឡប់មកជួយក្រុមវិញ បន្ទាប់ពីធ្វើការវះកាត់ថ្លើមទទួលបានជោគជ័យកាលពីឆ្នាំមុន។ ប៉ុន្តែពេលនេះ គាត់បានសម្រេចចិត្តចាកចេញ ដោយសារតែគាត់ ពុំមែនជាកីឡាករជម្រើសដំបូងសម្រាប់ក្រុមទៀតទេ។
គាត់បានមកចូលរួមជាមួយក្លឹប ដោយសារតែលោកម្ចាស់ក្លឹបសាន់ដ្រូ រ៉ូស្សែល (Sandro Rosell) និងនាយកកីឡាលោកអេដូនី ស្ស៊ូប៊ីស្សារ៉េតា (Andoni Zubizarreta) មានការពេញចិត្តគាត់ ហើយបានសរសើរគាត់ថា ជាកីឡាករក្លាហាន និងមានការអនុគ្រោះខ្ពស់ជាងគេ។
អាប៊ីដាល់បាននិយាយថា «ខ្ញុំមានគោលដៅធំៗពីរ។ ទីមួយខ្ញុំចង់ធ្វើអ្វីៗសម្រាប់កូនស្រីទាំង២ របស់ខ្ញុំ ចង់ឃើញពួកគេធំឡើងដោយមានការរីកចំរើន និងចង់នៅជិតរបស់ប្រពន្ធខ្ញុំ។ ទីពីរខ្ញុំចង់លេងបាល់។ ខ្ញុំចង់នៅបន្ត និងចង់លេងនៅទីនេះ ប៉ុន្តែក្លឹបមិនគិតដូច្នោះទេ។ ដូច្នេះខ្ញុំត្រូវតែគោរព តាមការសម្រេចចិត្តរបស់គេ។»
កំឡុងពេលដែលគាត់ នៅជាមួយក្រុមបាសេឡូណា អាប៊ីដាល់បានឈ្នះពានរង្វាន់ឡាលីកា (La Liga) ៤ដង, ឈ្នះពានរង្វាន់កំពូលអ៊ឺរ៉ុបឆែមពានលីក (Champions League) ២ដង និងឈ្នះពានរង្វាន់របស់ស្តេច (King’s Cup) ចំនួន២ដង។
ក្រុមបាសេឡូណា បាននិយាយថា នៅពេលដែលគាត់ (អាប៊ីដាល់) ចូលនិវត្តន៏ពេលណា ពួកគេបើកទ្វារជានិច្ច ដើម្បីឲ្យអាប៊ីដាល់ត្រឡប់មកកាន់ក្លឹបវិញ ក្នុងដំណែងមួយជានាយកបច្ចេកទេស នៃក្រុមយុវជនឈុតតូច។
អាប៊ីដាល់ ត្រូវបានបុគ្គលិករបស់ក្រុមបាសេឡូណាជាច្រើន មានការគាំទ្រយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តមួយនេះ។ រីឯកីឡាករមិត្តរួមក្រុមវ័យចំណាស់មួយចំនួនទៀតដូចជា ចឺរ៉ាដ ពីហ្គេ (Gerard Pique), កាឡេស ប៉ូយ៉ុល (Carles Puyol), ស្ស៊ាវី (Xavi) និងអ្នកចាំទីវិកទ័រ វ៉ាល់ដេស (Victor Valdes) ក៏ត្រៀមប្រកាសចាកចេញពីក្លឹបដែរ។
ក្រុមម្ចាស់ជើងឯកអេស្ប៉ាញបាសេឡូណា នឹងបញ្ចប់រដូវកាលរបស់ពួកគេក្នុងការប្រកួតចុងក្រោយក្នុងផ្ទះខ្លួនឯង ដែលត្រូវជួបជាមួយក្រុមម៉ាឡាកា (Malaga) នៅថ្ងៃសៅរ៏នេះ។ បើពួកគេអាចទទួលបានជ័យជំនះនេះ ពួកគេនឹងមាន ១០០ពិន្ទុក្នុងរដូវកាល២០១២-២០១៣។ ហើយនោះជាកំណត់ត្រាថ្មីមួយទៀត ក្នុងក្របខ័ណ្ឌឡាលីកា ដែលពុំទាន់មានក្រុមណាមួយធ្វើបានឡើយ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ