ប៊ូតុង «ចាប់ផ្តើម /Start /Démarer» របស់វីនដូវ ត្រឡប់មកវិញហើយ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 01, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនមីក្រូស្សូហ្វ (Microsoft) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៏ម្សិលមិញថា ក្រុមហ៊ុនបានធ្វើកំណែប្រែប្រព័ន្ធប្រតិបត្តិការវីនដូវ (Windows) ថ្មីមួយ ដែលនាំមកជាមួយនូវប៊ូតុង «ចាប់ផ្តើម» (Start) ត្រឡប់មកវិញ បន្ទាប់ពីបាត់មុខមួយរយះ សម្រាប់អ្នកដែលប្រើប្រាស់វីនដូ៨ កន្លងមក។
ការបង្ហាញនូវផលិតផលថ្មីរបស់ក្រុមហ៊ុនមីក្រុសូហ្វ ជាពិសេសវីនដូវ កូនសម្លាញ់របស់ខ្លួន។
ប្រព័ន្ធប្រតិបត្តិការវីនដូជំនាន់ថ្មីនេះ មានរហ័សនាមថា «វីនដូខៀវ» (Windows Blue)។ ក្រុមហ៊ុននឹងចេញនូវវីនដូនេះ នៅថ្ងៃទី២៦ខែមិថុនា ហើយអ្នកប្រើប្រាស់វីនដូ៨ ទាំងអស់អាចធ្វើបច្ចុប្បន្នកម្ម (update) បានដោយឥតគិតថ្លៃ នូវស៊េរី៨.១នេះ។
នាយករងទទួលបន្ទុកគ្រប់គ្រងខាងសរសេរកម្មវិធីវីនដូ លោកអេនតុញ ឡេប្លូន (Antoine Leblond) បាននិយាយថា «វីនដូ៨ មានលក្ខណៈប្រសើរហើយ ប៉ុន្តែវីនដូ៨.១នេះ កាន់តែពិសេសបន្ថែមទៀត ជាមួយនឹងការរចនាខុសគ្នាបន្តិចបន្តួច នឹងធ្វើឲ្យចំណេញពេលដល់អ្នកប្រើប្រាស់។»
គួរបញ្ជាក់ថា វីនដូ៨របស់ក្រុមហ៊ុនមីក្រូស្សូហ្វ ដែលចេញលក់កាលពីឆ្នាំ២០១២មកនោះ ពុំមានប៊ូតុង «ចាប់ផ្តើម» ដូចវីនដូ៧ ដែលនៅខាងក្រោមឆ្វេងដៃនៃអេក្រង់កុំព្យូទ័រនោះទេ ពោលគឺវាមាននៅខាងស្តាំអេក្រង់ ហើយទាល់តែរំកិលកូនកណ្តុរទៅដាក់ជ្រុងលើ ឬក្រោមទៀត ទើបវាបង្ហាញចេញមក។
លោកឡេប្លូន បានបន្តថា «ពេលនេះ វីនដូ៨.១ បាននាំប៊ូតុង «ចាប់ផ្តើម» មកវិញហើយ។ ហើយវាបានបន្ថែមនូវមុខងារ និងតួនាទីថ្មីមួយចំនួនទៀត និងអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងទូរស័ព្ទដៃយ៉ាងងាយស្រួលផងដែរ។»
អ្នកវិភាគរបស់ក្រុមហ៊ុនមីក្រូស្សូហ្វ លោកមីឆែល ឆឺរី (Michael Cherry) បាននិយាយថា «បើតាមខ្ញុំដឹង អ្វីៗទាំងអស់នឹងត្រឡប់មកវិញ ប៉ុន្តែទាល់តែរូបខ្ញុំ បានចុចផ្ទាល់នៅលើវីនដូ៨.១នោះសិន ទើបខ្ញុំដឹងថាមានអ្វីពិសេសទៀត។»
កាលពីពេលថ្មីនេះ ក្រុមហ៊ុនមីក្រូស្សូហ្វ បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនបានលក់វីនដូ៨ បានជាង១០០លានអាជ្ញាបណ្ណ (licenses) ហើយក្រុមហ៊ុនរំពឹងថាការចេញនូវវីនដូ៨.១នេះ នឹងទទួលបានជោគជ័យបន្ថែមទៀត៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ