មីក្រូសូហ្វ៍ បង្កើត«អាវទ្រនាប់» សម្រាប់វាស់ចង្វាក់បេះដូង
អ្នកស្រាវជ្រាវមួយក្រុម របស់ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យា មីក្រូសូហ្វ៍ ដែលមានការចូលរួមពីសកលវិទ្យាល័យជាច្រើនផង បានធ្វើការផ្សព្វផ្សាយនូវអត្ថបទមួយ នៅសប្ដាហ៍នេះ ដែលបានរៀបរាប់យ៉ាងលំអិតអំពី ឈុតអាវក្នុងរបស់ស្ត្រី ដែលមានបំពាក់ទៅដោយប្រដាប់ប្រដា សម្រាប់វាស់ចង្វាក់បេះដូងរបស់អ្នកពាក់។ គ្រឿងបំពាក់នេះ មានសមត្ថភាពអាចប្រមូលទិន្នន័យ ដែលទាក់ទងនឹងដំណើរបេះដូង និងភាពអត់ធន់នៃស្បែក។
រូបអាវទ្រនាប់ជំនួស របស់ស្ត្រីគំរូមួយរូប។ (រូបថត ឯកសារ)
បច្ចេកវិទ្យា - ដោយភ្ជាប់ដំណើរការទៅនឹងកម្មវិធីពិសេសមួយ គ្រឿងបំពាក់នេះនឹងប្រកាសប្រាប់ជាដំណឹង និងអាចជួយផ្ដល់ជាយោបល់ ទៅអ្នកប្រើប្រាស់របស់វា នៅពេលជួបនឹងស្ថានភាពតឹងតែងក្នុងអារម្មណ៍។ គោលបំណងសំខាន់នៃការបង្កើតថ្មីនេះ ចង់បញ្ជៀសបញ្ហាមួយចំនួន ដូចជាភាពរអៀសចិត្តដែលអាចឈានទៅមានវិបត្តិជាដើម។
ជាមួយនឹងអាវទ្រនាប់ប្រភេទនេះ អ្នកពាក់នឹងមិនចាំខ្វល់នឹងរឿងតម អាហារនោះទេ តែអ្នកពាក់នឹងត្រូវបានជូនដំណឹង ដោយកម្មវិធីពិសេសនោះ ថា«អ្នកកំពុងជួបនូវស្ថានភាពតឹងតែងហើយ» ដោយសារតែការវិភាគនៃចង្វាក់បេះដូង ឬដំណើរឈាម។ កម្មវិធីពិសេសនោះ អាចនឹងជម្រុញឲ្យអ្នកពាក់ ធ្វើការដកដង្ហើមឲ្យវែងៗ ដើម្បីបន្ធូរបន្ថយភាពតឹងតែង និងក្នុងករណីខ្លះ «អ្នកត្រូវធ្វើការលំហែកាយ ឲ្យបានលឿនជាទីបំផុត»។
ប្រើមិនបានយូរ ឆាប់អស់ថ្ម
បញ្ហាមួយចំនួនដែលអាវទ្រនាប់នេះ ជួបប្រទះនោះ គឺមិនមានទំហំទៅតាមតម្រូវការនៃទ្រូងមនុស្សស្រីគ្រប់គ្នានោះទេ ហើយគ្រឿងបំពាក់ត្រូវ តែធ្វើការបញ្ចូលអគ្គិសនី (សាកថ្ម) នៅវេលាបួនម៉ោងម្ដង។ តើអ្នកយល់យ៉ាងណា នៅពេលមានមនុស្សស្រីនិយាយថា «សូមរងចាំមួយភ្លែក ខ្ញុំទៅសាកថ្មឲ្យអាវទ្រនាប់ខ្ញុំសិន»? ប្រាកដជាមិនពិរោះស្ដាប់ទេ ហើយថែមទាំងគួរឲ្យខ្មាសអៀនថែមទៀត សម្រាប់ស្ត្រីដែលប្រកាន់នូវអត្តចរិក តាមបែបប្រពៃណីទំនៀមទំលាប់នោះ។
អ្នកវិទ្យាសាស្ត្រទាំងនេះ កំពុងតែធ្វើគម្រោងដែលមានលក្ខណៈស្រដៀងគ្នានេះ សម្រាប់អស់លោកបុរសៗដែរ។ ប៉ុន្តែបើនិយាយពីខោស្លីបរបស់មនុស្សប្រុសវិញ វាដូចជានៅឆ្ងាយពីបេះដូងបន្ដិច ហើយបង្កការលំបាកដោយការស្រាវជ្រាវនោះបន្តិច ឬលើកលែងតែបុរសត្រូវពាក់អាវមួយទៀត។
រូបថតផ្ដល់ដោយមីក្រូសូហ្វ៍
កាលពីសប្ដាហ៍មុន ក្រុមហ៊ុន សូនីរបស់ជប៉ុន ក៏បានបង្ហាញពីសម្លៀកបំពាក់មួយប្រភេទ ដែលអាចឲ្យគេដឹងពីទីកន្លែង នៃដំណើរដើមទងរបស់អ្នកពាក់ តាមរយៈប្រព័ន្ធរុករកកន្លែង នៃផ្កាយរណប (GPS)។ ការបង្កើតនេះ អាចជួយដល់ស្ត្រី អាចគេចផុតពីការរំលោភបំពាន របស់មនុស្សចិត្តរហ័សដៃហ៊ាន ដែលមានបំណងអាក្រក់មកលើនាង ដោយនាងឲ្យភ្ជាប់ប្រព័ន្ធនេះដោយផ្ទាល់ ទៅនគរបាល។ បើនិយាយឲ្យខ្លី ស្ត្រីៗគួរតែអរគុណដល់បច្ចេកវិទ្យា ដែលខិតខំយកចិត្តទុកដាក់ គិតខ្វល់ពីពួកនាងច្រើនយ៉ាងនេះ៕
-------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ