ប្រច័ណ្ឌនឹងរូបលើហ្វេសប៊ុកមានគេចូលចិត្តច្រើន វ៉ៃបាក់ក្ដោងច្រមុះ
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 08, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជន់ជោរដោយក្ដីប្រច័ណ្ឌ បុរសម្នាក់បានបំបាក់ខ្ទង់ច្រមុះ របស់នាងជាសង្សារស់នៅជាមួយគ្នា បន្ទាប់ពីនាងបានដាក់រូបថតដ៏ស្រស់ស្អាត នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហើយសម្បូរទៅដោយ អ្នកចុច«ចូលចិត្ត»ច្រើនពេក។
រូបថតជំនួស ស្ត្រីយកដៃខ្ទប់ច្រមុះ។ (រូបថត MONOROOM.info/ D. KEO)
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូនប្រិយមិត្តអ្នកអានរបស់ខ្លួន។
ប្រច័ណ្ឌ - ហេតុតែក្ដីប្រច័ណ្ឌ បានធ្វើឲ្យមនុស្សក្លាយជា មានមោហ៍បាំង លែងដឹងអ្វីទាំងអស់។ ប៉ុន្តែជំហានដែលឈាន ទៅដល់បំបាក់ខ្ទង់ច្រមុះរបស់សង្សាខ្លួន ទំនងជាបណ្ដាលមកពីយោបល់ វាចា ដែលសរសេរឡើងដោយ បុរសអតីតសង្សាចាស់របស់នាង ទៅលើរូបថតនោះ។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានអង់គ្លេស Daily Mirror។
បុរសឈ្មោះ ដេវិដ រីឆារដ៍ (David Richards) អាយុ៤១ឆ្នាំ រស់នៅជាមួយសង្សារបស់ខ្លួន នាង អាលីសុន វីល្លីយ៉ាម (Alison Williams) ក្នុងតំបន់ភាគខាងត្បូង នៃប្រទេសអង់គ្លេស បានខឹងក្រេវក្រោវ ផ្ទុះកំហឹងឡើង ដោយសារតែទ្រាំមិនបាននឹង យោបល់វាចា ដែលប្រិយមិត្តរបស់នាង អាលីសុន សរសេរនៅលើរូបថតរបស់នាង។
រូបនៅលើជញ្ជាំង ប្រូហ្វាល់ (profil) របស់នាង អាលីសុន អាយុ៣៩ឆ្នាំ មិនត្រឹមតែទទួលបានការចូលចិត្ត និងយោបល់វាចាសរសើរ ពីសំណាក់ប្រិយមិត្តរបស់នាងប៉ុណ្ណោះទេ តែថែមទាំងសង្សាចាស់របស់នាង ក៏បានចូលមកសរសេរជាមួយគេឯងដែរថា៖ «អ្នកឯង ចំជាស្អាតអស្ចារ្យមែន»។ នាង អាលីសុន បានឆ្លើយតបទៅវិញថា៖ «អរគុណ»។
ប៉ុន្តែការឆ្លើយឆ្លងគ្នាខាងលើ ទំនងជាបានដុតបញ្ឆេះសង្សាថ្មី រហូតទ្រាំមិនបាន ក៏ស្ទុះមកវាយនាង បណ្ដាលឲ្យបាក់ខ្ទង់ច្រមុះភ្លាមមួយរំពេច។ នៅក្នុងសវនាការកាត់ក្ដី លោក ដេវិដ រីឆារដ៍ បានទទួលស្គាល់កំហុស និងបានថ្លែងប្រាប់ចៅក្រមថា ខ្លួនបានឲ្យក្រណាត់ទៅនាង អាលីសុន ដើម្បីជូតឈាមដែលហូរពីរបួស។ នៅទ្វីបអ៊ឺរ៉ុប អំពើហិង្សាក្នុងគ្រួសារ បានជំរុញឲ្យច្បាប់ ដាក់កំហិតយ៉ាងតឹងតែងទៅលើជនបង្ក។ ប៉ុន្តែសាលក្រម ដាក់ទោសលើលោក រីឆារដ៍ នឹងត្រូវប្រកាសឲ្យដឹង នៅថ្ងៃខាងមុខ៕