ទំព័រ​ហ្វេសប៊ុក​«I Love Cambodia Hot News»​ទាំង​ពីរ បានបាត់ខ្លួន!

បន្ទាប់ពីទំព័រហ្វេសប៊ុក «Thy Sovanntha» ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនោះ នៅពេលចុងក្រោយនេះ (ពីម្សិលម៉ិញ និងថ្ងៃនេះ) ទំព័រហ្វេសប៊ុកធំទាំងពីរ ដែលដាក់ឈ្មោះ «I Love Cambodia Hot News» ដែលមានប្រវត្តិគាំទ្រគណបក្សសង្គ្រោះជាតិ តាំងពីយូរមកនោះ បានបាត់ខ្លួនលែង ឃើញចេញផ្សាយ។
ទំព័រ​ហ្វេសប៊ុក​«I Love Cambodia Hot News»​ទាំង​ពីរ បានបាត់ខ្លួន!
ពីឆ្វេងមកស្ដាំ៖ រូបថតផ្តិត ពីអេក្រង់​ទំព័រហ្វេសប៊ុក «I Love Cambodia Hot News II» និង«I Love Cambodia Hot News»។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 20, 2016
  • ប្រធានបទ: បណ្ដាញសង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការសង្កេត របស់អ្នកតាមដានទំព័រធំៗទាំងពីរ ដែលគាំទ្រគណបក្សប្រឆាំង បានឲ្យដឹងថា ទំព័រ​ហ្វេសប៊ុក «I Love Cambodia Hot News II» បានបាត់ខ្លួន លែងឃើញចេញផ្សាយ តាំងពីថ្ងៃ​ព្រហស្បត្តិ៍​ម្សិលម៉ិញ ខណៈ​​ទំព័រ​«I Love Cambodia Hot News» បានបាត់ខ្លួនថ្ងៃនេះ។

រហូតមកដល់ពេលនេះ គេមិនដឹងថា តើការបាត់ខ្លួនរបស់ទំព័រទាំងពីរ បណ្ដាលមកពីអ្វីទេ។ អ្នកគ្រប់គ្រង​ទំព័រ «I Love Cambodia Hot News II» ដែលសុទ្ធសឹងជាយុវជន​ស្និតនឹង​គណបក្សសង្គ្រោះជាតិ មិនបានឆ្លើយ​នឹង​សំនួរ​របស់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជុំវិញការបាត់ខ្លួននេះទេ។

ប៉ុន្តែ​ប្រមាណជាមួយម៉ោងមុននេះ លោក អេង ពន្លក ដែលអ្នកគ្រប់គ្រងទំព័រ «I Love Cambodia Hot News» ​ទើប​នឹង​បង្ហោះរូបភាពមួយ បង្ហាញថា ក្រុមហ៊ុនហ្វេសប៊ុក បានផ្អាកផ្សាយទំព័ររបស់លោក មិនឲ្យ​ចេញជា​សាធារណៈ ដោយហេតុមកពីហ្វេសប៊ុក រកឃើញថា មានការបង្ហោះមួយចំនួន នៅលើទំព័រនេះ បាន​ធ្វើ​ឡើង​ខុស​​​ពី​លក្ខន្តិកៈ​សហគមន៍ (Facebook Terms and Community Standards) របស់បណ្ដាញសង្គម ដែល​ធំ​ជាង​គេ​មួយ​នេះ។

លោក បានសរសេរអមនឹងការបង្ហោះនោះថា៖ «ហ្វេសប៊ុក រករឿង I Love Cambodia Hot News។ តើ​នេះ ​ទើប​តែ​ជា​ការ​ចាប់​ផ្តើម ឬ​យ៉ាងណា?» បន្ទាប់មក លោកបានពន្យល់បន្តទៀត ជាភាសាអង់គ្លេសថា៖ «ខ្ញុំបាន​តវ៉ា ដើម្បី​ឲ្យហ្វេសប៊ុកធ្វើការអង្កេតឡើងវិញ។ ការបង្ហោះថ្មីៗកន្លងមកនេះ មិនមានអ្វីអាក្រក់​ទេ។ ការ​ផ្សព្វផ្សាយ​ទាំង​នោះ មិន​បាន​រំលោភ ទៅនឹងលក្ខន្តិកៈរបស់ហ្វេសប៊ុកឡើយ បើតាមខ្ញុំពិនិត្យ​មើល​ទៅ។»។

ទំព័រទាំងពីរ «I Love Cambodia Hot News» និង«I Love Cambodia Hot News II» ត្រូវបានបង្កើត​ឡើង​ផ្សេង​គ្នា ដោយ​ក្រុម​យុវជន​ច្រើន​នាក់ ដែលមាននិន្នាការស្និតនឹងគណបក្សសង្គ្រោះជាតិ និងរហូតមក​ដល់​ពេល​នេះ ទំព័រ​ទាំង​ពីរ​មាន​អ្នកតាមដាន (Likes) ដល់ទៅជាង៤សែននាក់។ ទំព័រទាំងពីរបានផ្សាយ និង​បង្ហោះនូវ​សារ រូប​ភាព ខ្សែរ​ភ្ជាប់ ឬអត្ថបទជាច្រើន ដែលធ្វើការរិះគន់ខ្លាំងៗ និងមិនសំចៃមាត់ ​ទៅលើរដ្ឋាភិបាល របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំដោយលោក ហ៊ុន សែន។

ការបាត់រូប នៃទំព័រទាំងពីរ ពីបណ្ដាញសង្គម បានកើតឡើងតែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ ក្រោយ​យុទ្ធនាការ​«Unlike» ធ្វើ​ទៅ​លើ​ទំព័រ​ដ៏​ធំ​មួយ របស់កញ្ញា ធី សុវណ្ណថា រហូតលុះត្រាទំព័រនោះ បានបាត់ខ្លួនឈឹង ចេញ​ពី​ចក្រវាឡហ្វេសប៊ុក។ គេមិនដឹងថា តើការបាត់ខ្លួននៃទំព័រ «Thy Sovantha» ជា​ការ​ផ្អាក​ផ្សាយ ឬជាការ​បិត​ចោល​​ជាសាធារណៈ ដោយ​កញ្ញា ធី សុវណ្ណថា ខ្លួនឯង ឬដោយក្រុមហ៊ុនហ្វេសប៊ុកនោះទេ។ ប៉ុន្តែ​ទំព័រ​ទាំង​ពីរ​​ខាង​លើ ​សុទ្ធ​តែ​បាន​ចូលរួម​នៅក្នុងយុទ្ធនាការនេះ។ អ្នកគាំទ្រទំព័រ «I Love Cambodia Hot News» ម្នាក់​ បាន​សរសេរ​ចោទ​ជា​សំនួរ​ឡើង​ថា៖ «តើគេសងសឹកវិញទេដឹង?»។

លោក សុធា មេត្តា វិស្វករខាងព័ត៌មានវិទ្យា ដែលមានដើមកំណើតខ្មែរ និងកំពុងរស់នៅ​ក្នុង​ប្រទេស​កាណាដា ​បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូយ៉ាងខ្លីថា ការបាត់ខ្លួន ឬការបិតទំព័រណាមួយ អាច​បណ្ដាល​មក​ពី​អ្នក​គ្រប់គ្រង​ទំព័រ​ខ្លួន​ឯង ផ្សាយនូវអ្វីមួយ ដែលមានការរើសអ៊ើង មិនសមរម្យ ឬមានភាព​មិនប្រក្រតី។ ម្យ៉ាង​ទៀត ​ហ្វេសប៊ុក​អាច​បិទ​ទំព័រនោះ នៅក្នុងជំហានទីមួយ ប្រសិនជាមានអ្នក​ប្រើប្រាស់​ច្រើន​នាក់ (Repport) បាន​រាយ​ការណ៍​ឡើង​ទៅ​ហ្វេសប៊ុក។ បានសេចក្ដីថា ទំព័រនោះបានបង្កការក្ដៅ​ក្រហាយ ទៅដល់​សហគមន៍​ហ្វេសប៊ុក ​ដែល​ជា​លំហ​មួយ​​សម្រាប់​​ការ​រស់នៅជុំគ្នា។ ប៉ុន្តែប្រសិនជា​អ្នកគ្រប់គ្រង​បាន​ធ្វើការតវ៉ា និង​ច្បាស់​ថា អ្វីៗ​ដែល​ខ្លួន​ផ្សាយ មិន​មាន​ផល​ប៉ះពាល់ និង​ជា​អ្វី ដែលជា​ការបញ្ចេញ​មតិនោះ ហ្វេសប៊ុកនឹង​ធ្វើការ​អង្កេត ហើយ​បន្ទាប់​មក នឹង​បើក​ទំព័រ​នោះ​​ឲ្យមានដំណើរការ​ឡើងវិញ៕

----------

បញ្ជាក់ជូនចុងក្រោយ៖ នៅ​ពេលដែលអត្ថបទនេះ​ចេញផ្សាយ ទំព័រ «I Love Cambodia Hot News» បាន​មាន​ដំណើរការ​​ធម្មតា​​ឡើង​វិញ​ហើយ។ តែទំព័រ «I Love Cambodia Hot News II» មិន​ទាន់​ឃើញ ត្រឡប់​មក​វិញ​នៅ​ឡើយ។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...