អ្នកសារព័ត៌មានបារម្ភ ចំពោះការ«បិទបាំងព័ត៌មាន»នៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៣០ មករា ២០១៥
- កែប្រែចុងក្រោយ: January 30, 2015
- ប្រធានបទ: ព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកសារព័ត៌មានអាជីពមួយចំនួន បានសម្ដែងនូវក្ដីព្រួយបារម្មណ៍របស់ពួកគេ ពីការយកព័ត៌មានសង្គមជាតិមកធ្វើអាជិវកម្ម និងការបិទបាំងព័ត៌មាន សម្រាប់ផលប្រយោជន៍របស់ស្ថាប័នខ្លួនមួយ។ ពួកលោកចង់បានការពង្រើក នូវព័ត៌មានពិសេសៗ របស់សង្គមទាំងមូល ដោយតុល្យភាព និងធ្វើការផ្សព្វផ្សាយជាបណ្តាញព័ត៌មាន«ពិត»មួយ តាមគ្រប់មធ្យោបាយ ដើម្បីបានទៅដល់ប្រជាពលរដ្ឋទាំងអស់បានដឹង នៅទូទាំងប្រទេស។
លោក សាយ មុន្នី អ្នកសារព័ត៌មានមកពីវិទ្យុសម្លេងសហរដ្ឋអាមេរិក វីអូអេ បានថ្លែងឡើងថា សព្វថ្ងៃនេះ មានព័ត៌មានជាច្រើនត្រូវបានបិទបាំង ដោយអ្នកសារព័ត៌មានមួយចំនួនទាំងអាជីព និងមិនមែនអាជីព។ នាព្រឹកថ្ងៃទី៣០ ខែមករានេះ ក្នុងជំនួបអ្នកសារព័ត៌មានវ័យក្មេងក្នុងស្រុក លោក សាយ មុន្នី បានលើកឡើងថា មួយចំនួនធំនៃទូរទស្សន៍ និងវិទ្យុជាដើម មិនត្រូវបានបើកទូលាយ ឬផ្សាយនូវព័ត៌មានដែលសំខាន់ ឬមិនហ៊ាននិយាយព័ត៌មានណា ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំរដ្ឋធំៗ ឬប្រធានស្ថាប័នរបស់ខ្លួនឡើយ។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «អ្នកការសែតអាជីពមួយចំនួន ចង់ធ្វើការតាមបែបផ្តាច់មុខ។ ហើយព្យាយាមលាក់មិនចង់ឲ្យស្ថាប័នដូចគ្នាផ្សេងទៀត មានរឿងដូចដែលខ្លួនមាននោះទេ។ (...) យើងចង់ធ្វើអ្វី ដែលអ្នកសារព័ត៌មានដទៃទៀតមិនមាន មិនចង់ធ្វើ ឬមិនហ៊ានធ្វើជាដើម។ (...) យើងចង់បានរឿងធំៗ និងធ្វើការផ្សព្វផ្សាយតាមបណ្តាញមួយ... ជាបញ្ហាមួយដែលយើងយល់ថាសំខាន់មែនទែន រហូតអាចដល់កម្រិតជាតិ (បានជ្រាបដល់ពលរដ្ឋទូទៅ) តាមការដែលអាចធ្វើបាន។»
អ្នកសារព័ត៌មានមកពីខេមបូឌាដេលី លោក នូ វណ្ណារិទ្ធិ បានគាំទ្រចំពោះការលើកឡើងខាងលើ។ លោកចង់ឃើញអ្នកសារព័ត៌មានអាជីពទាំងអស់ បញ្ជៀសខ្លួនពីការលាក់បាំងនូវព័ត៌មានពិតៗ ព័ត៌មានពិសេសៗរបស់សង្គម និងជាពិសេសព័ត៌មានទាក់ទងអំពើពុករលួយ។ លោកថារាល់ការផ្តល់ ឬទទួលដំណឹង ត្រូវតែចូលរួមទប់ស្កាត់អំពើពុលរលួយ។ យ៉ាងណា លោកចង់បានការធ្វើព័ត៌មានពិសេសមួយចំនួន តាមរយៈការធ្វើជុំគ្នា។ ហើយប្រយោជន៍នៃការផ្តល់ព័ត៌មានទាំងនោះ នឹងបានជាប្រយោជន៍ ទៅដល់ប្រទេសជាតិ និងសង្គមវិញ។ លោកបានបន្ត ថាអ្វីដែលលោកចង់បានធ្វើយ៉ាងណា ឲ្យអ្នកសារព័ត៌មានទាំងនោះមានសិទ្ធិ និងអំណាចក្នុងការទទួល និងផ្តល់ព័ត៌មាន។ លោកបញ្ជាក់ថា «ប្រព័ន្ធច្បាប់ធំៗទាំងបី (នីតិបញ្ញត្តិ នីតិប្តិបត្តិ និងតុលាការ) របស់ប្រទេសកម្ពុជា នៅមិនទាន់មានភាពឯករាជ្យ តុល្យភាព និងការផ្តាច់អំណាចចេញពីគ្នានៅឡើយ។»
អ្នកសារព័ត៌មានអាជីព ធ្វើការផ្តល់ព័ត៌មានត្រូវឈរលើគោលការណ៍អព្យាក្រិត្យ មានតុល្យភាព និងមិនលំអៀង។ នេះជាការលើកឡើងរបស់លោក ព្រាព កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ដោយបានបញ្ជាក់ទៀតថា អំណាចនៃអ្នកសារព័ត៌មាន ជាសសរ«ស្តុកទីបួន» បន្ទាប់ពីអំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ មេដឹកនាំអង្គការសង្គមស៊ីវិលរូបនេះ បានស្នើរឲ្យមានការចូលរួមជាពិសេស ពីបណ្តាអ្នកសារព័ត៌មាន ទោះអាជីពក្តី មិនអាជីពក្តី ក្នុងការទប់ស្កាត់ ឬប្រឆាំងនូវអំពើពុករលួយ។ លោកបានធ្វើការវាយតម្លៃថា អ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួនធំ នៅមិនទាន់មានភាពឯករាជ្យនៅឡើយ។ លោកពន្យល់ថា៖ «មានអ្នកសារព័ត៌មានខ្លះ មានភាពលំអៀងបន្តិចបន្តួច ខ្លះទៀតលំអៀងខ្លាំង និងខ្លះទៀតបានទទួលរងនូវឥទ្ធិពល ពីបុគ្គលអ្នកមានអំណាច ឬពីអាជ្ញាធរ។»
ប្រធានអង្គការតម្លាភាព បានលើកយកឧទាហរណ៍មួយពាក់ព័ន្ធនឹងអំពើពុករលួយថា មានទូរទស្សមួយចំនួនធំនៅកម្ពុជា មិនហ៊ានធ្វើបទសម្ភាសន៍ពីលោកឡើយ ព្រោះថាថ្នាក់លើរបស់ពួកគេ មិនអាចធ្វើការចាក់ផ្សាយ នូវអ្វីដែលលោកត្រូវលើកឡើង ពាក់ព័ន្ធបញ្ហាពុករលួយនៅកម្ពុជា ពាក់ព័ន្ធនឹងមន្រ្តីធំៗ ឬស្ថាប័នសំខាន់ៗរបស់ជាតិជាដើម។
យ៉ាងណាក៏ដោយ ក្រៅពីលោក សាយ មុន្នី មកពីវីអូអេ លោក មៃ ទិត្យថារ៉ា មកពីភ្នំពេញប៉ុស្តិ៍ លោក ស៊ុន ណារិន មកពីវីអូឌី និងលោក ណៅ វណ្ណារិន មកពីខេមបូឌាដេលី នៅមានអ្នកសារព័ត៌មានមួយចំនួនធំទៀត ដែលបានចូលរួមផ្តល់ជាគំនិតថា សារព័ត៌មានជាអំណាចមួយ ដែលអាចជួយជម្រុញឲ្យប្រជាពលរដ្ឋ មាន«អំណាច»ពិតប្រាកដ ក្នុងការសម្រេចចិត្ត។ ប៉ុន្ដែសួរថា តើសព្វថ្ងៃនេះប្រជាជនគ្រប់ជាន់ថ្នាក់ ទទួលបានព័ត៌មានពិតជាក់ស្ដែងគ្រប់គ្នាឬទេ? ពោល អំណាចនៃការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ នៅមិនទាន់បានទូលំទូលាយ ព្រោះការទទួលព័ត៌មាន នៅមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយ ក្រៅពីអ្នកដែលនៅទីក្រុង ឬទីប្រជុំជននោះ។ ហើយជាពិសេសទៅទៀត ពលរដ្ឋដែលរស់នៅតាមតំបន់ធំៗទាំងនោះ ទទួលព័ត៌មានបានតាមរយៈតែអ៊ីនធើណេត អ៊ីម៉ែល ឬពីបណ្តាញសង្គមប៉ុណ្ណោះ។ តែសម្រាប់ពលរដ្ឋរស់នៅតាមទីជនបទ ស្រែចំការ ពិបាកណាស់ ក្នុងការទទួលបានព័ត៌មាន«ពិត»៕