«បដិសេធប្រាក់រៀល នឹងត្រូវពិន័យ១០០ដងនៃទឹកប្រាក់នោះ»
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 20, 2016
- ប្រធានបទ: ការទូទាត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មានប្រាក់«រៀល» តែគេមិនទទួល។ មានប្រាក់«រៀល» តែមិនមានតម្លៃ សម្រាប់ស្ថាប័នឯកជន ឬហាងអាជីវកម្មជាច្រើន។ មានប្រាក់ តែមិនដឹងថា ទៅចាយនៅឯណា។ តើគេត្រូវធ្វើដូចម្ដេចទៅអញ្ចឹង?
ខាងលើនេះ សុទ្ធសឹងជាចំងល់ ដែលពិបាកនឹងរកចម្លើយ របស់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ទៅនឹងការបង្ហោះរបស់ទំព័រហ្វេសប៊ុកមួយ ដែលលើកឡើងពីការបដិសេធ មិនទទួលយកប្រាក់រៀល របស់ហាង«Suki Soup» នៅក្នុងផ្សារទំនើប«សុវណ្ណា» ដើម្បីធ្វើការទូទាត់នោះទេ។ ទំព័រហ្វេសប៊ុកនេះ បានយករូបភាព និងយោបល់ របស់អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ផ្សេង ឈ្មោះ «Sotheam Sreng» មកធ្វើការបង្ហោះបន្ត តែការបង្ហោះរបស់ទំព័រនោះ ទទួលបានការចែករំលែក ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម មានចំនួនដល់ទៅជាង ១ម៉ឺន១ពាន់ដងហើយ គ្រាន់តែនៅក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ។
លោក «Sotheam Sreng» បានសរសេរអមជាមួយនឹងរូបភាព ថតពីអ្នកបម្រើការនៅក្នុងហាង «Suki Soup» ជាមួយប្រាក់រៀលពីរសន្លឹក យ៉ាងដូច្នេះថា៖ «តើយើងគួរចាយលុយនេះទៀត(ឬ)ទេ បើហាងមួយនេះមិនព្រមយក? តើខែ្មយើងផលិតលុយនេះ ឲ្យនរណាចាយ បើស្រុកខែ្មរខ្លួនឯងមិនចាយផង?»។ តបទៅនឹងចម្ងល់ជាច្រើន របស់ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមនោះ លោក «Sotheam Sreng» គ្រាន់តែឆ្លើយមកវិញ ថាលោកមិនដឹងដែរ ថាហេតុអ្វីបានជាហាងមួយនេះមិនទទួលយកប្រាក់រៀលខ្មែរ។
«លោកដុល្លារ!!!»
សឹងតែជាទូទៅ នៅពាសពេញព្រះរាជាណាចក្រទៅហើយ ដែលប្រាក់រៀលខ្មែរ មិនសូវជាត្រូវបានទទួលស្គាល់ ឲ្យតម្លៃ ដើម្បីធ្វើការទូទាត់ និងការធ្វើចរាចរណ៍ទិញដូរអ្វីឡើយ។ នេះ គេនៅមិនទាន់និយាយដល់គ្រឹះស្ថានមួយចំនួន ដែលធ្វើការតែជាមួយជនបរទេស (ដូចជាសណ្ឋាគារជាដើម) មិនដែលស្គាល់អ្វីទៅ ដែលជាការទូទាត់ដោយប្រាក់រៀលនោះផងទេ។ ផ្ទុយទៅវិញ អ្នកដែលមានប្រាក់រៀលកាន់នឹងដៃ បែរជាត្រូវគេមើលលើមើលក្រោម មិនសូវឲ្យតម្លៃឡើយ ទោះប្រាក់រៀលដែលមានក្នុងដៃម្នាក់នោះ ជាក្រដាសប្រាក់ធំយ៉ាងណាក៏ដោយ។
ជាងនេះទៅទៀត ធនាគារជាតិនៃកម្ពុជា តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ធ្លាប់បានសរសេរព្រមានរួចហើយ កាលពីថ្ងៃទី១៧ ខែកុម្ភៈកន្លងទៅថា នរណាមិនទទួលយកក្រដាស់ប្រាក់«រៀល» អ្នកនោះនឹងប្រឈមការពិន័យជាទឹកប្រាក់ ចំនួន១០០ដងនៃទឹកប្រាក់ ដែលជននោះបដិសេធ ហើយអាចឈានទៅដល់ការដាក់ពន្ធនាគារជននោះផងទៀត។ ប៉ុន្តែសួរថា តើការលើកឡើងរបស់ធនាគារជាតិ មានការយកចិត្តទុកដាក់គោរព ពីអាជ្ញាធរអ្នកអនុវត្តច្បាប់ និងបណ្ដាជនទូទៅ ឬនិយាយឲ្យខ្លី ទទួលបានការគោរព ពីសង្គមបានប៉ុន្មាន?
ការព្រមាននោះ បានសរសេរថា៖ «ដូចមានចែងក្នុងមាត្រាទី៤៣ និង ៦៤ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃធនាគារជាតិ នៃកម្ពុជា ដែលត្រូវបានប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ “ក្នុងពេលដែលមិនបានដកចេញ ពីចរាចរទេនោះ ក្រដាសប្រាក់ [...] ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃនីត្យានុកូល ក្នុងព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាព ធ្វើសេរីកាគ្មានព្រំដែន[...]។”»
សំណេរនៅលើហ្វេសប៊ុក របស់ធានាគារជាតិបានសរសេរទៀតថា៖ «ជនណាពុំព្រមទូទាត់រូបិយវត្ថុ ដែលមានតម្លៃនីត្យានុកូល និងមានតេជានុភាពធ្វើសេរីកា លើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបានផ្តន្ទាទោស ពិន័យជាប្រាក់ស្មើនឹង ១០០ដង នៃទឹកប្រាក់ដែលពុំព្រមទូទាត់នោះ។»៕