ហោ ណាំហុង៖ រវាងវប្បធម៌សន្ទនា និងបញ្ហានីតិរដ្ឋ... ខុសគ្នា!
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 20, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រដ្ឋាភិបាលកម្ពុជា នៅតែរក្សាទុកវប្បធម៌សន្ទនាដដែល។ តែរវាងវប្បធម៌សន្ទនា និងបញ្ហាច្បាប់ បញ្ហាពីរហ្នឹង វាខុសគ្នា។ នេះជាអ្វី ដែលលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេស តែនៅមានតំណែង ជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកការបរទេស បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីជំនួបមួយ ជាមួយលោក ហ្សាង បៃរូ (Zhang Bairu) អនុប្រធានប្រតិបត្តិគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនខេត្តយូណាន ប្រទេសចិន កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ការថ្លែងរបស់លោក ហោ ណាំហុង ទំនងជាប្រតិកម្ម ទៅនឹងព្រឹត្តិការណ៍នយោបាយចុងក្រោយបង្អស់ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ បានប្រកាន់ជំហរឈប់ជជែក ជាមួយរដ្ឋាភិបាល តែបែរជាផ្ញើរលិខិតមួយ ដើម្បីសុំអន្តរាគមន៍ពីបរទេសមកវិញ។ ហើយបើទោះជាលោក បង្ហាញពីសុទិត្ថិនិយមទាក់ទងនឹងវប្បធម៌សន្ទនាក៏ដោយ តែលោកនៅតែអះអាងបន្ថែមទៀត ពីការអនុវត្តច្បាប់នៅកម្ពុជាដដែល។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «ស្រុកយើង ទាំងអស់គ្នាសុទ្ធតែទាមទារឲ្យជានីតិរដ្ឋ ហើយនីតិរដ្ឋមានន័យថា ជារដ្ឋដែលមានច្បាប់មានទម្លាប់ ហើយច្បាប់នេះទាំងអស់គ្នាត្រូវអនុវត្ត ត្រូវគោរព មិនថា អ្នកណាជាអ្នកណាទេ មិនថាអ្នកធ្វើការសិទ្ធិមនុស្ស ឬអ្នកនយោបាយមានសិទ្ធិគោរពច្បាប់នោះទេ ច្បាប់អ្នកណាក៏ត្រូវគោរពទាំងអស់ គ្មានបុគ្គលណាមួយនៅពីលើច្បាប់បានទេ»។
នៅក្នុងរយៈពេលចុងក្រោយនេះ ការចាប់ចងជាច្រើន តាមរយៈប្រព័ន្ធច្បាប់កម្ពុជា បានធ្វើឡើងយ៉ាងខ្លាំងក្លា ទៅលើសកម្មជនមកពីគណបក្សប្រឆាំង និងមកអង្គការសង្គមស៊ីវិល។ ការចាប់ចងដោយយកទៅឃុំនៅក្នុងពន្ធនាគារនោះ រួមមានតំណាងរាស្ត្រមួយរូប (លោក អ៊ុំ សំអាន) មកពីគណបក្សសង្គ្រោះជាតិ ពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម) និងញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងការចាប់ខ្លួន មន្ត្រីអង្គការសង្គមស៊ីវិល ចំនួន៤ រូប (មានលោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី) និងអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយរូប (លោក នី ចរិយា) ពីបទសូកប៉ាន់សាក្សី និងសមគំនិត នៅក្នុងរឿងអាស្រូវស្នេហារ ដែលគេចោទថា មានជាប់ទាក់ទងនឹងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ជាមួយស្ត្រីជាងធ្វើសក់វ័យក្មេងម្នាក់ឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
ការចាប់ចងខាងលើនេះ គេនៅមិនទាន់រាប់សកម្មជនគណបក្ស និងសកម្មជនបរិស្ថានជាច្រើននាក់ ដែលត្រូវបានចាប់ខ្លួនដាក់ពន្ធនាគាររួចហើយ និងមន្ត្រីគណបក្សបីនាក់ទៀត (លោក កឹម សុខា លោក ពិន រតនា និងលោក តុ វ៉ាន់ចាន់) និងសមាជិក គ.ជ.ប. មួយរូបទៀត (លោក រ៉ុង ឈុន) កំពុងស្ថិតក្នុងសំនុំរឿង ដ៏ចម្រូងចម្រាសជាច្រើន នៅឯតុលាការនោះផង។
នៅចំពោះព្រឹត្តិការណ៍ជាបន្តបន្ទាប់នេះ គណបក្សសង្រ្គោះជាតិ បានផ្ញើលិខិតមួយច្បាប់ ទៅអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (អ.ស.ប) លោក បាន គីមូន (Ban Ki-moon) ដើម្បីស្នើសុំឲ្យលោកធ្វើអន្តរាគមន៍ និងកោះប្រជុំជាបន្ទាន់ រវាងប្រទេសជាហត្ថលេខី នៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស (ឆ្នាំ១៩៩១) ដើម្បីបញ្ចៀសការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា។
លិខិតដែលចុះហត្ថលេខា តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ដោយសមាជិកសភាមកពីគណបក្សសង្រ្គោះជាតិទាំង ៥៥រូប ដែលតំណាងឲ្យអ្នកបោះឆ្នោត ៤៥% បានរៀបរាប់ថា ជិត ២៥ឆ្នាំ តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះមក ប្រជាធិបតេយ្យនៅកម្ពុជា បានគាំងដំណើរស្តូក ដោយហេតុថា ស្ថាប័នសំខាន់ទាំងបីរួមមាន អង្គការនីតិប្បញ្ញត្តិ និតិប្រតិបត្តិ និងតុលាការ ត្រូវបានគណបក្សកាន់អំណាច យកទៅប្រើប្រាស់ដើម្បីរំលាយគណបក្សប្រឆាំង។
ក្រុមសមាជិកសភា៥៥រូបទាំងនោះ បានពន្យល់ នៅក្នុងលិខិតដដែល ពីសកម្មភាពធ្វើទុក្ខបុកម្នេញ ដល់គណបក្សប្រឆាំង ពីសំណាក់គណបក្សកាន់អំណាច ក្នុងនោះមានការកាត់ទោស និងចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ការចាប់ខ្លួនមន្រ្តីការពារសិទ្ធិមនុស្ស មន្រ្តី គ.ជ.ប មន្ត្រីសិទ្ធិមនុស្ស នៃឧត្ដមស្នងការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ ការចាប់ខ្លួនតំណាងរាស្ត្រ និងការធ្វើទុក្ខបុកម្នេញ លើអនុប្រធានគណបក្ស លោក កឹម សុខា ជាដើម៕