ប៉ា សុជាតិវង្ស៖ យុទ្ធនាការពាក់អាវខ្មៅ ជាផ្នែកមួយនៃបដិវត្តន៍ពណ៌
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 21, 2016
- ប្រធានបទ: សិទ្ធិ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្វីទៅជាបដិវត្តពណ៌? មានន័យយ៉ាងដូចម្ដេចទៅ ពាក្យថា«បដិវត្តន៍ពណ៌»? តែបើសិនជាពាក្យ«បដិវត្តន៍ពណ៌» មិនសូវដែលត្រូវបានក្រុមមន្ត្រី មកពីគណបក្សប្រឆាំង ឬក្រុមមន្ត្រី មកពីក្រុងអង្គការសង្គមស៊ីវិល លើកយកមកនិយាយនោះ តែពាក្យនេះ ត្រូវបានក្រុមមន្ត្រីមកពីគណបក្សកាន់អំណាច ទន្ទេញយ៉ាងជាប់មាត់ ថាជាយុទ្ធនាការមួយ ដើម្បីឈានទៅផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់សព្វថ្ងៃ ដូចយ៉ាង យុទ្ធនាការពាក់ពណ៌ខ្មៅ ឬ«ថ្ងៃចន្ទពណ៌ខ្មៅ»ជាដើម។
ជាថ្មីម្ដងទៀត មន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា លោក ប៉ា សុជាតិវង្ស ដែលមានតួនាទីរដ្ឋ ជាអភិបាលរាជធានីភ្នំពេញផង បានប្រកាសច្បាស់ៗថា យុទ្ធនាការពាក់អាវពណ៌ខ្មៅនេះ ជាផ្នែកមួយនៃ«បដិវត្តន៍ពណ៌»។ លោកបានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធស្នាក់ការ គណបក្សប្រជាជនកម្ពុជាព្រែកថ្មី ក្នុងសង្កាត់សំរោង ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៦នេះ។
ប្រសិនជាបដិវត្តន៍ពណ៌ ដែលមានដើមកំណើតមកពីបណ្ដាប្រទេសអារ៉ាប់ នៅក្នុងទ្វីបអាហ្វ្រិកខាងជើង (កើតដំបូងគេ នៅក្នុងប្រទេសទួនេស៊ី) មានការចូលរួមពីពលរដ្ឋស៊ីវិល នៅក្នុងប្រទេសនោះរាប់សិបម៉ឺនសែននាក់ (ឬអាចឈានទៅដល់លាននាក់) នោះ តែសម្រាប់ប្រទេសកម្ពុជាក្នុងពេលពីរសប្ដាហ៍កន្លងមកនេះ ការប្រមូលផ្ដុំមនុស្សចាប់ពី៥នាក់ និងច្រើនបំផុតមិនដល់ចំនួន១០០នាក់ ត្រូវបានគេចាត់ទុកថា ជាការជួបជុំគ្នា ដើម្បីធ្វើបដិវត្តន៍ពណ៌រួចជាស្រេច។
ដូចប្រសាសន៍របស់លោក ប៉ា សុជាតិវង្ស ដែលបានថ្លែងនៅក្នុងពិធីសម្ពោធនោះថា៖ «នាពេលថ្មីៗនេះ មានមនុស្សមួយក្រុម ខ្លះមកពីសហគមន៍ ដីធ្លី បាននាំគ្នាបើកយុទ្ធនាការស្លៀកពាក់ខ្មៅ ដើម្បីទាមទារចង់ឲ្យមានការដោះលែង មន្ត្រីអាដហុក និងមន្ត្រី គ.ជ.ប តែបំណងរបស់ពួក គេមិនបានសម្រេចនោះឡើយ ដោយសារតែមានការទប់ស្កាត់ ពីអាជ្ញាធរ និងសមត្ថកិច្ច។»
សមាជិកគណបក្សប្រជាជនកម្ពុជា និងជាអភិបាលរាជធានីរូបនេះ បានបន្តទៀតថា៖ «តែបញ្ហាទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ កំពុងខិតខំធ្វើការអប់រំណែនាំ ទៅក្រុមយុវជន ទៅអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ក្រោមឱវាទទាំងអស់ត្រូវបន្ដចុះធ្វើការផ្សព្វផ្សាយ អប់រំឲ្យបានញឹកញាប់ ដល់ក្រុមយុវជនទាំងនោះ មិនត្រូវចូលរួមតាមពាក្យញុះញង់គេ នោះឲ្យសោះ»។
ជារៀងរាល់ថ្ងៃចន្ទ និងចាប់ពីថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦ រហូតមក ក្រុមសមាគមអង្គការក្រៅរដ្ឋាភិបាលជាច្រើន បានប្រកាសបើកធ្វើយុទ្ធនាការ ពាក់អាវពណ៌ខ្មៅ ឬ«ថ្ងៃចន្ទ ពណ៌ខ្មៅ» ដើម្បីជាសញ្ញាមួយទាមទារ ឲ្យមានការដោះលែង មន្ត្រីការពារសិទ្ធិមនុស្សបួននាក់ របស់សមាគមអាដហុក និងមន្ត្រីជាន់ខ្ពស់ម្នាក់ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។ មន្ត្រីសិទ្ធិមនុស្សទាំងបួននាក់ មានលោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី។ រីឯមន្ត្រីជាន់ខ្ពស់ ដែលមានថានៈ ជាអគ្គលេខាធិការរងរបស់ គ.ជ.ប. គឺលោក នី ចរិយា។
ប៉ុន្តែនៅថ្ងៃចន្ទ ទី៩ ខែឧសភានោះ កងកម្លាំងរបស់អាជ្ញាធរបានចាប់ខ្លួន ក្រុមមន្ត្រី និងសកម្មជនរបស់អង្គការសង្គមស៊ិវិល ចំនួន៨នាក់ (មានជនបរទេសពីរនាក់) យកទៅសាកសួរពេញមួយថ្ងៃ និងបានដោះលែងវិញជាបន្តបន្ទាប់ នៅពេលក្រោយមក។ នៅថ្ងៃចន្ទ ទី១៦ ខែឧសភា ដើមសប្ដាហ៍នេះ ស្ត្រីសកម្មជនចំនួន៥នាក់ទៀត ក៏ត្រូវបានកងកម្លាំងអាជ្ញាធរចាប់ខ្លួន យកទៅសាកសួរ អស់រយៈពេលជាច្រើនម៉ោងដែរ មុននឹងត្រូវបានដោះលែង នៅក្នុងយប់ថ្ងៃដដែល។
លោក អំ សំអាត មន្ត្រីទទួលខុសត្រូវមួយរូប ពីអង្គការការពារសិទ្ធិមនុស្ស លីកាដូ បាននិយាយតបនឹងការចោទប្រកាន់ខាងលើថា កុំថាឡើយដល់ទៅមានគម្រោង រៀបចំធ្វើបដិវត្តន៍ពណ៌ បើសូម្បីតែគិត ក៏ពួកលោកមិនដែលគិតដល់ដែរ។
រំលឹកខ្លីៗ ពីបដិវត្តន៍ពណ៌
បដិវត្តន៍ពណ៌ ដែលហៅបានច្រើនយ៉ាង ដូចជា «បដិវត្តន៍ផ្កាម្លឹះ» ឬ«រដូវផ្ការីកអារ៉ាប់» បានកើតឡើងជាដំបូងគេ នៅក្នុងប្រទេសទួរនេស៊ី ដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិកខាងជើង។ បដិវត្តន៍នេះ បានរីកដុះដាល និងកើតឡើងជាបន្តបន្ទាប់ នៅក្នុងប្រទេសអារ៉ាបជាច្រើន ដូចយ៉ាងប្រទេសលីប៊ី អេហ្សីព និងស៊ីរីជាដើម ប៉ុន្តែក៏បានធ្លាយទៅដល់ទ្វីបអ៊ឺរ៉ុបដែរ គឺនៅក្នុងប្រទេសអ៊ុយក្រែន។ បុព្វហេតុដ៏សំខាន់ នៃបដិវត្តន៍«ពណ៌» ត្រូវបានពន្យល់យ៉ាងខ្លីថា ជាកម្លាំងងើបឈរឡើង របស់ពលរដ្ឋស៊ីវិល នៅក្នុងប្រទេសទាំងនោះ ប្រឆាំងនឹងរបបផ្ដាច់ការ ដែលកាន់អំណាចដ៏ចាស់វស្សា និងបានដឹកនាំប្រទេស ទៅរកអំពើពុករលួយ គ្រួសារបក្ខពួកនិយម។ល។ ករណីដែលពិសេស នៃការធ្វើបដិវត្តន៍ពណ៌ នៅក្នុងប្រទេសទាំងនោះ នៅត្រង់ថា ពលរដ្ឋស៊ីវិលដែលបានងើបឈរឡើង មិនបានស្លៀកពាក់អាវ ឬខោ ឲ្យមានពណ៌តែមួយនោះឡើយ។
ផ្ទុយពីការលើកឡើង របស់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងលើកឡើងពីលទ្ធផលដ៏អាក្រក់ កើតចេញពីបដិវត្តន៍ពណ៌នោះ មានប្រទេសចំនួនពីរ «ទួរនេស៊ី និងអ៊ុយក្រែន» ដែលបន្ទាប់ពីបានធ្វើបដិវត្តន៍ពណ៌រួច បានកំពុងដើរទៅមុខ តាមលំអាននៃលិទ្ធិប្រជាធិបតេយ្យ បើទោះជាប្រទេស តួរនេស៊ី បានជួបនឹងការគម្រាមកំហែង ដោយអំពើភេរវកម្មម្ដងម្កាល និងប្រទេសអ៊ុយក្រែន បានជួបនឹងការផ្ទុះអាវុធ នៅភាគខាងកើតប្រទេស ទល់នឹងក្រុមចង់បំបែកទឹកដី ដែលស្និតនឹងប្រទេសរ៉ុស្ស៊ីដ៏ដោយ៕