អាជ្ញាធរថា ចោរប្លន់ធនាគារអស់ទឹកប្រាក់ប្រមាណ១០ម៉ឺនដុល្លារ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ សីហា ២០១៨
- កែប្រែចុងក្រោយ: August 23, 2018
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នគរបាលជាតិ បានអះអាងថា កម្លាំងអាជ្ញាធរមូលដ្ឋាន បានត្រឹមតែចុះទៅពិនិត្យ នៅកន្លែងកើតហេតុ បន្ទាប់ពីកើតហេតុរួចប៉ុណ្ណោះ។ គឺហេតុការណ៍ នៃការប្លន់ប្រដាប់អាវុធមួយ ដែលបានកើតឡើង ទៅលើធនាគារ ឈ្មោះ «RHB Indochina Bank (អ អេច ប៊ី ឥណ្ឌូឆៃណា)» មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ទំនុបទឹក ខណ្ឌចំការមន ដែលនៅជាប់ ជាមួយវិទ្យាស្ថានគណនេយ្យ វណ្ណដា។
ព័ត៌មានជំហានដំបូង ដែលទទួលបាន ពីប្រភពនគរបាល បានឲ្យដឹងថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ប្រមាណជា ១រសៀល ថ្ងៃព្រហស្បត្តិ៍ ខែសីហា ឆ្នាំ២០១៨នេះ។ ចោរប្រដាប់អាវុធ ដែលប្រហែលជាមានគ្នា ៥នាក់ និងអាវុធ ២ដើម បានដើរចូលទៅក្នុងធនាគារខាងលើ និងប្លន់យកប្រាក់អស់ប្រមាណជា ១០ម៉ឺនដុល្លារ មុននឹងជិះគេចខ្លួនចេញទៅ «ដោយសុវត្ថិភាពបំផុត»។
សន្តិសុខយាមការពារធនាគារ ត្រូវបានសាកសួរ ដោយមន្ត្រីមានសមត្ថកិច្ចក្នុងពេលក្រោយកើតហេតុ និងបានអះអាងថា នៅមុនពេលកើតហេតុ ខណៈដែលពួកគេ កំពុងអង្គុយយាមជាធម្មតា នៅក្រោមឆ័ត្រខាងមុខធនាគារ ស្រាប់តែជនមួយក្រុម ស្លៀកពាក់ស៊ីវិល បានដើរមកក្បែរ រួចធ្វើសកម្មភាពភ្ជង់ក្រៀកពួកគេ នាំចូលទៅក្នុងធនាគារ។ បន្ទាប់មក ជនមួយក្រុមនោះ បានភ្ជង់បុគ្គលិកធនាគារ និងគម្រោមប្រមូលលុយ ឲ្យពួកវា មុននឹងនាំគ្នារត់ចេញ ឡើងជិះម៉ូតូបក្ខពួកខ្លួន ដែលរង់ចាំនៅក្បែរនោះ ជិះគេចខ្លួនបាត់ស្រមោល។
ក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យនរណាម្នាក់ រងរបួសទេ ប៉ុន្តែទឹកប្រាក់ ប្រមាណជា១០ម៉ឺនដុល្លារ ត្រូវបានរាយការណ៍ថា ត្រូវក្រុមជនល្មើសប្លន់យកទៅ។
នគរបាលមូលដ្ឋាន នគរបាលរាជធានី និងនគរបាលក្រសួងមហាផ្ទៃ ត្រូវបានបញ្ជូន ទៅដល់កន្លែងកើតហេតុ។ បុគ្គលិក និងមន្ត្រីសន្តិសុខមួយចំនួន របស់ធនាគារ ត្រូវបាននាំយកទៅសាកសួរ។ អាជ្ញាធរអះអាងថា ការពិនិត្យ និងការស្រាវជ្រាវ ដើម្បីវែកមុខរកក្រុមជនសង្ស័យ កំពុងធ្វើទៅមុខ តាមរយៈបើកមើលកាំមេរ៉ាសុវត្ថិភាព របស់ធនាគារផ្ទាល់តែម្ដង។ បើតាមវីដេអូទាំងនោះ បានបង្ហាញថា ក្រុមជនល្មើស បានពាក់ឃ្លុបបិទមុខជិត ហើយបន្ទាប់ពីធ្វើសកម្មភាពរួច បានឡើងជិះម៉ូតូពីរគ្រឿង ដើម្បីគេចខ្លួន៕