សម រង្ស៊ី ថា ហ៊ុន សែន សម្លុតព្រះរាជាមិនឲ្យយាងទៅពិនិត្យសុខភាព នៅចិន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៣ សីហា ២០១៨
- កែប្រែចុងក្រោយ: August 23, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីលើកឡើង កាលពីពីរសប្ដាហ៍មុនថា «ព្រះមហាក្សត្រមិនយាង ទៅបើករដ្ឋសភានីតិកាលថ្មី នៅដើមខែកញ្ញាខាងមុខទេ» នៅថ្ងៃនេះ ប្រធានចលនាសង្គ្រោះជាតិ បានបន្តភាគករណីដដែល បញ្ច្រាសមកវិញថា ព្រះមហាក្សត្រនឹងយាង ទៅបើករដ្ឋសភានីតិកាលថ្មី ដោយការសម្លុតរបស់លោក ហ៊ុន សែន។
លោក សម រង្ស៊ី បានអះអាងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក តែមិនបានបញ្ជាក់ពីអំណះអំណាង ថាលោកទទួលដំណឹងនេះ បានយ៉ាងដូចម្ដេចនោះទេ។ លោកសរសេរថា៖ «ថ្មីៗនេះ លោក ហ៊ុន សែន បានសម្លុតព្រះមហាក្សត្រ មិនឲ្យព្រះអង្គយាងទៅប្រទេសចិន នៅដាច់ខែសីហានេះ ដូចព្រះអង្គបានគ្រោងទុក»។
គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ របស់បុរសខ្លាំងកម្ពុជា បានបន្តថា៖ «តែក្រោយពីលោក ហ៊ុន សែន សម្លុតព្រះអង្គ ឲ្យនៅបើកសម័យប្រជុំពេញអង្គរដ្ឋសភាទីងមោង ថ្ងៃ ០៤ កញ្ញា នេះសិន ទើបព្រះអង្គសម្រេចព្រះទ័យ ដោយបង្ខំចិត្ត លើកដំណើរព្រះអង្គ រយៈពេលប្រមាណ ២ សប្តាហ៍ ចាប់ពីថ្ងៃនេះទៅ»។
លោក សម រង្ស៊ី ថា៖ «ក្នុងព្រះទ័យព្រះអង្គ ព្រះអង្គយល់ច្បាស់ថា រដ្ឋសភាអាណត្តិថ្មីនេះ មិនមានភាពស្របច្បាប់ទេ ក្រោយពីការបោះឆ្នោតក្លែងក្លាយ ដែលជាការបំភ្លៃ ឆន្ទៈប្រជារាស្ត្រទាំងស្រុង»។
កាលពីថ្ងៃទី១០ ខែសីហា ពីរសប្ដាហ៍មុន អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្សាយដំណឹងថា «ព្រះមហាក្សត្រ មិនយាងទៅបើកសម័យប្រជុំរដ្ឋសភាពេញអង្គ នៅដើមខែកញ្ញា នេះទេ»។ មេដឹកនាំប្រឆាំង បានសរសេរនៅពេលនោះថា៖
«ព្រះអង្គ ប្រហែលជាយល់ឃើញថា ប្រជារាស្ត្រខ្មែរ និងសាធារណមតិ ស្ទើរទូទាំងពិភពលោក ច្បាស់ជាថ្កោលទោសព្រះអង្គយ៉ាងធ្ងន់ធ្ងរ បើព្រះអង្គយល់ព្រមយាង ទៅបើកសម័យប្រជុំរដ្ឋសភាពេញអង្គ ជាត្លុកកំប្លែង នៅដើមខែកញ្ញាខាងមុខនេះ ព្រះមហាក្សត្រ ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ហាក់ដូចជាព្រះអង្គប្រញ៉ាប់ប្រញ៉ាល់ យាងចេញពីប្រទេសកម្ពុជា ឲ្យបានមុនចុងខែសីហានេះ ដើម្បីទៅពិនិត្យសុខភាព នៅប្រទេសចិន»។
ប៉ុន្តែការផ្សាយដំណឹងខាងលើ របស់លោក សម រង្ស៊ី មិនត្រូវបានមន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់នោះទេ៕