វត្តមាន ហ៊ុន សែន បង្ហាញ​ពី​ភ្លើង​ខៀវ​សម្រាប់​ជំនួប​ជា​មួយ សម រង្ស៊ី

បន្ទាប់ពីបាត់មុខ មួយរយៈចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត លោក ហ៊ុន សែន បានបង្ហាញខ្លួនជាថ្មី តាម​កញ្ចក់ទូរទស្សន៍នានាក្នុងស្រុក ដោយបានបង្ហាញនូវផ្លួវវិជ្ជមានមួយ ជាមួយនិងលោក សម រង្ស៊ី ក្នុងការរៀបចំ​រដ្ឋាភិបាល​ថ្មី​នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: August 01, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ បន្ទាប់ពីបាត់មុខ មួយរយៈចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោត លោក ហ៊ុន សែន បានបង្ហាញខ្លួនជាថ្មី តាម​កញ្ចក់ទូរទស្សន៍នានាក្នុងស្រុក ដោយបានបង្ហាញនូវផ្លួវវិជ្ជមានមួយ ជាមួយនិងលោក សម រង្ស៊ី ក្នុងការរៀបចំ​រដ្ឋាភិបាល​ថ្មី​នេះ។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (រូបខាងស្តាំ) ចាប់ដៃមដឹកនាំគណបក្សប្រឆាំងលោក សម រង្សី នៅមុខរដ្ឋសភា រាជធានីភ្នំពេញ កាលពីឆ្នាំ២០០៦។ (រូបថត AFP/PhnomoPenh Post)

ថ្លែងទៅកាន់អ្នកសារព័ត៌មានលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងចុះទៅពិនិត្យការសាងសង់ ស្ពានអាកាសក្នុង​ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃពុធទី៣១ ខែកក្កដា ម្សិលម៉ិញនេះ លោកហ៊ុន សែន ក្នុងនាមនាយករដ្ឋមន្រ្តីចាំផ្ទះ បាន​បកស្រាយបញ្ជាក់ទៅនឹងពាក្យចចាមអារ៉ាម ចំពោះអវត្តមានរបស់លោកថា លោកមិនមានការចាកចេញទៅក្រៅប្រទេស ឬក៏លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនោះឡើយ។ លោកស្ថិតក្នុងការកាន់ទុក្ខនៃការស្លាប់របស់ឪពុកលោក ហើយក៍​ជាអំឡុងពេលមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតដែរ ដូច្នេះលោកមិនអាចបង្ហាញមុខ ឬក៏ធ្វើសេចក្តីថ្លែងការណ៍អ្វី​បាននោះដែរ។

ក្នុងការបង្ហាញមុខជាលើកទីមួយនេះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ដូច្នេះថា«ឥឡួវនេះខ្ញុំស្ថិតនៅក្នុងប្រទេស និងកំពុង​ស្ថិតនៅក្នុងការកាន់អំណាច ជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលនីតិកាលទី៤»។ លោកបន្តរអះអាងថា «តើមានអ្នកណា​មួយដែលមានសិទ្ធិ មកបង្ខំនាយករដ្ឋមន្ត្រីក្នុងតំណែង ដែលជានាយករដ្ឋមន្ត្រីជាប់ឆ្នោត បោះបង់ចោលការងារ ហើយ​ទទួលយកតំណែងនោះ មិនថាកាងទ័ព មិនថាកំលាំងដទៃទៀត ឬឥស្សរជននយោបាយដទែទៀតនោះទេ។ នេះជាការ​ដើរផ្ទុយជាមួយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។(...) ឯការបោះឆ្នោតជូនគណបក្សប្រជាជន មានន័យថាជា​ការ​គាំទ្រឲ្យរូបលោកជានាយករដ្ឋមន្ត្រី។»

លោកបានបន្តរថា ការបោះឆ្នោតនីតិកាលទីប្រាំនេះមានគណបក្សនយោបាយចំនួនប្រាំបីចូលរូម។ «បញ្ហាធ្លាក់ច្រើន ឬតិច​វាជាសិទ្ធិដែលប្រជាពលរដ្ឋផ្តល់ឲ្យ ជាការសម្រេចរបស់ប្រជាពលរដ្ឋដែលយើងត្រូវតែគោរព»។ ប៉ុន្តែទោះជាយ៉ាងណា​ក៏ដោយ បើតាមសេចក្តីប្រកាសពីលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាល​ពីយប់ថ្ងៃទី២៨ ខែកក្កដាកន្លងមក មានតែគណបក្សនយោបាយពីរប៉ុណ្ណោះដែលមានអាសនៈក្នុងរដ្ឋសភា គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។

ទោះជាមានការប្រកាសពីគណបក្សសង្គ្រោះជាតិ ក៏ដូចពីអង្គការសង្គមស៊ីវិលមួយចំនួន បានបង្ហាញពីភាពមិន​ប្រកក្រតី​ជាច្រើនដែលអាចនាំឲ្យលទ្ធផលនៃការបោះឆ្នោតនេះថា មិនត្រឹមត្រូវក៏ដោយ ក៏នៅមានការទទួលស្គាល់​ថាការបោះឆ្នោត​នេះប្រកមដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពីបណ្តាប្រទេសជាច្រើន ពីអង្គការសហប្រជាជាតិ ក៏ដូចជាពីរអ្នក​រាយការណ៍​ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិ លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) ដែរ។ ស្របពេលជាមួយគ្នានេះគណបក្សសង្គ្រោះជាតិក៏បានប្រកាសទទួលពាក្យបណ្តឹងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១០ ខែសីហា ពីប្រជាពលរដ្ឋដែលមានបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោត និងរាប់សន្លឹកឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា​កន្លងមកនេះ។

ក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ នៅព្រឹកថ្ងៃទី២៩ កក្កដា គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ មួយដោយមិន​ទទួលយកការប្រកាសលទ្ធផលដោយ គ.ជ.ប ដោយសារតែគណបក្សនេះបានរកឃើញនូវភាពមិនប្រក្រតីជាច្រើន។ ក្នុង​ថ្ងៃជាមួយគ្នានេះ គណបក្សហ្វុនស៊ីនប៉ិចក៏បានសេចក្តីថ្លែងការណ៍មួយ ស្នើរឲ្យមានការបង្កើតគណម្មាធិការចំរុះ​ដើម្បី​ត្រួត​ពិនិត្យភាពមិនប្រក្រតីទាំងនេះដែរ។

សម្រាប់ការដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួន ដែលបានស្នើសុំដោយគណបក្សសង្គ្រោះជាតិនោះ កន្លងមកក៏ធ្លាប់​បានបដិសេធដោយ គ.ជ.ប ដែរ ដោសម្អាងថា មិនមែនជាសមត្ថកិច្ចរបស់ខ្លួន(គ.ជ.ប)នោះ។ តែករណីនេះត្រូវបាន​លោក​ហ៊ុន សែន បង្ហាញថា គ.ជ.ប កំពុងរៀបចំនូវយន្តការមួយ ដែលអាចមានសមាសភាពចូលរួមពីគណបក្សនយោបាយ និង​អង្គការសង្គមស៊ីវិល ហើយលោកគាំទ្រនូវយន្តការនេះផងដែរ ដើម្បីជាគោលការណ៍នៃការបង្រួបបង្រួមជាតិ។ «សម្រាប់​រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន សូមស្វាគមន៍នូវការបើកទូលាយបែបនេះ ដើម្បីបង្ហាញពីតម្លាភាព និង​ដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា។ បញ្ហាសំខាន់របស់ជាតិយើងនៅពេលនេះមិនថា អ្នកណាឈ្នះ អ្នកណាចាញ់ទេ ត្រូវធ្វើឲ្យជាតិឈ្នះ ហើយបង្រួបបង្រួមជាតិឲ្យបាន។»

អនុប្រធានគណបក្សប្រជាជនកម្ពុជារូបនេះក៏បានលើកឡើងថា គណៈកម្មការអចិន្ត្រៃនៃគណបក្សប្រជាជនកម្ពុជា បាន​ប្រជុំរួចហើយកាលពីថ្ងៃចន្ទទី២៩ ខែកក្កដានេះ ដោយបានសម្រេចចេញនូវយន្តការមួយ ដែលមានសមាសភាព​បីរូប​មក​ពីគណបក្សប្រជាជនកម្ពុជា លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និង​លោកសាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា ក្នុងការត្រៀមចរចាជាមួយគណបក្ស​សង្គ្រោះជាតិដើម្បី​រៀបចំ​បង្កើតរដ្ឋសភាថ្មី សម្រាប់និតិកាលទី៥នេះ។ លោកបានបញ្ជាក់ជាចុងក្រោយថា«ក្នុងករណីចាំបាច់ ខ្ញុំក៏អាច នឹងប្រើ​ពេល​វេលាដ៏លំបាករបស់ខ្ញុំ ដើម្បីសន្ទាមួយដែរ»។

សូមរម្លឹកថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣ លោក ស ខេង បានសរសេរលិខិតមួយច្បាប់ ទៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានអនុញ្ញាតិ និងទទួលស្គាល់ពីការធ្វើបាតុកម្ម តវ៉ាលើលទ្ធផលបោះឆ្នោត​នៅទីលាន​ប្រជាធិបតេយ្យ។ តែលោកក៏ស្នើរឲ្យរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ស្ថិតក្នុងស្ថានភាពល្អប្រសើរ ដែល​ជាលក្ខខណ្ឌចាំបាច់ សំដៅធានាបាននូវនិរន្តភាព ជីវភាពសង្គម សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ និងដំណើរការ​វិវត្តន៍រីកចំរើនរបស់ប្រទេសជាតិ ជៀសវាងបាននូវការប្រទូស្តរ៉ាយ ឬអសន្តិសុខណាមួយជាយថាហេតុ នាំឲ្យមាន​ហានិភ័យដល់ប្រទេសជាតិ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០១ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...