អ្នក​រាយ​ការណ៍​ពិសេស​អ​.ស.ប ស៊ូប៊ែឌី អំពាវ​នាវ​ឲ្យ​មាន​ការ​ស្ងប់​ស្ងៀម និង​ផ្សះផ្សារ

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) បានអំពាវនាវឲ្យស្ថានភាពសព្វថ្ងៃ នៅក្រោយការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ ត្រឡប់មករកភាព​ស្ងប់ស្ងៀម និងការបង្រួបបង្រួមផ្សះផ្សារវិញ។
អ្នក​រាយ​ការណ៍​ពិសេស​អ​.ស.ប ស៊ូប៊ែឌី អំពាវ​នាវ​ឲ្យ​មាន​ការ​ស្ងប់​ស្ងៀម និង​ផ្សះផ្សារ
លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា។
Loading...
  • ដោយ: សេក មនោរកុមារ ប៉ារីស ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: August 01, 2013
  • ប្រធានបទ: សិទ្ធិមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) បានថ្លែងនៅថ្ងៃពុធទី៣១ខែកក្កដានេះ ដោយបានសារទរ​ការ​បោះឆ្នោតជាសកល ប្រព្រឹត្តិទៅនៅថ្ងៃទី២៨ខែកក្កដានៅកម្ពុជា ហើយទទន្ទឹមនឹងនេះ លោកក៏បានធ្វើសេចក្ដីអំពាវនាវ​ផងដែរ នូវការរក្សាភាពស្ងប់ស្ងៀម និងការផ្សះផ្សារនយោបាយមួយ។

លោកបានសាទរការបោះឆ្នោតនៅកម្ពុជា ដោយបានហៅការបោះឆ្នោតនេះថា ជាភស្ដុតាងនៃភាពចាស់ទុំ ខាង​នយោបាយរបស់កម្ពុជា។ លោកបន្ថែមថា «ខ្ញុំសូមសាទរ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានសម្ដែងសិទ្ធិរបស់ពួកគេ ក្នុងការបោះឆ្នោត ប្រកបដោយសន្តិវិធីដ៏អស្ចារ្យ»។

លោក ស៊ូប៊ែឌី បានសង្គត់ធ្ងន់ថា៖ «នៅក្នុងការតម្កល់ផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ ខ្ញុំសូមអំពា​វនាវនៅពេលនេះ នូវការផ្សះផ្សារនយោបាយ និងការស្ងប់ស្ងៀម»។

ហើយលោកក៏បានបញ្ជាក់ផងដែរថា ជាបន្តរទៅទៀត គេត្រូវការបន្ថែម​ល្បឿនឲ្យបានលឿនជាងមុន នូវការកែទម្រង់នៃស្ថាប័នជាតិទាំងឡាយ រួមទាំងគណៈកម្មាការជាតិ​រៀបចំការ​បោះ​ឆ្នោត ហៅកាត់ថា គ.ជ.ប ផង ដើម្បីធានាឲ្យបាននូវការគោរពសិទ្ធិរបស់ពលរដ្ឋ នៅក្នុងនិតិរដ្ឋ និងប្រទេសមួយដែលកាន់លិទ្ធិ​ប្រជាធិបតេយ្យដ៏ពិតប្រាកដ។

អ្នករាយការណ៍ពិសេសនៃអង្គការអន្តរជាតិកំពូលរូបនេះ បានស្នើសុំឲ្យប្រជាជនកម្ពុជា និងអ្នកទទួលខុសត្រូវនយោបាយ​ទាំងអស់ «ត្រូវបញ្ជៀសនូវការស្អប់ខ្ពើមគ្នា ទោះតាមរយៈសម្ដី ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយក៏ដោយ ហើយត្រូវរួមគ្នា​សាងសង់ នូវសង្គមប្រជាធិបតេយ្យមួយ ដែលមានការអត់អោន សាមគ្គីភាព និងសេរី»។

ទាក់ទងនឹងភាពមិនប្រក្រតី ដែលកើតឡើងក្នុងអំឡុងពេលបោះឆ្នោត លោក ស៊ូប៊ែរឌី បានស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ​ដែលមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងច្បាស់លាស់មួយ។ លោកក៏បានទាមទារឲ្យ គជប ត្រូវរាប់​ឲ្យបានល្អិតល្អន់ដូចគ្នា នូវរាលសន្លឹកឆ្នោតទាំងឡាយណា ដែលមិនបានប្រើប្រាស់។

លោកនៅតែបានរំលឹកឡើងវិញ ពីរាល់អនុសាសន៍ទាំងឡាយ ដែលលោកបានបង្ហាញក្នុងកិច្ចប្រជុំ​របស់ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស របស់ អ.ស.ប នៅខែកញ្ញាឆ្នាំ២០១២ ហើយដាក់ជូន​ទៅរដ្ឋាភិបាលកម្ពុជា តែភាពច្រើននៃអនុសាសន៍នោះ មិន​ត្រូវបានរដ្ឋាភិបាលធ្វើតាមនោះទេ នៅមុនការបោះឆ្នោតនេះ។ លោកបានស្ដីបន្ទោសថា៖ «បើអនុសាសន៍ទាំងនោះ ត្រូវ​បានគេធ្វើតាម និងយកមកអនុវត្តន៍ ម្លេះស្ថានភាពសព្វថ្ងៃ ប្រហែលជាអាចប្រសើរជាងនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...