CPP ​ចង់​ធ្វើ​ប្រធាន និង​អគ្គលេខា គ.ជ.ប តាម​រយៈ​បញ្ហា​«សញ្ជាតិ​មួយ»?

តើការកំណត់ច្បាប់ថ្មីរបស់ គ.ជ.ប ដែលតម្រូវឲ្យសមាជិកខ្លួន ត្រូវតែមានសញ្ជាតិតែ«មួយ»នោះ ពិត​ជា​ចេតនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីក្ដោប«អំណាច»បន្ត ក្នុងស្ថាប័នមួយនេះឬ?
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៩ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 19, 2014
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមការបញ្ជាក់ពីសមាជិក នៃ​ក្រុម​ការងារ​បច្ចេកទេស ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ បាន​បង្ហើប​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ចំណុច​សំខាន់ នៃ​ការ​ដាក់​សម្ពាធ​លើ​បញ្ហា​«សញ្ជាតិ​តែ​មួយ»​នេះ មិន​មែន​ជា​ទិស​ដៅ និង​ជា​ចេតនា​«វិជ្ជមាន»​ដែល​ចង់​ដាក់​ស្ថាប័ន គ.ជ.ប នេះ ជា​ស្ថាប័ន​ឯករាជ្យ​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នោះ​ឡើយ។ តែ​ជា​ចេតនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដាក់​សម្ពាធ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ឈាន​ទៅ​ទាមទារ​តំណែង​ជា​ប្រធាន និង​អគ្គលេខាធិការ នៃ គ.ជ.ប តែ​ប៉ុណ្ណោះ។

មន្រ្តីខាងលើ បាន​ថ្លែង​បក​ស្រាយ​ពី​ករណី​ដ៏​រសើប​នេះ ក្នុង​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយ​ហេតុ​ថា​ខ្លួន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ ជា​មួយ​អ្នក​សារព័ត៌មាន​ឡើយ។ លោក​បាន​បន្ត​ពន្យល់​ទៀត​ថា ក្នុង​បរិបទ​កម្ពុជា​សព្វ​ថ្ងៃ មាន​ឥស្សរជន​ជា​ច្រើន​រូប ដែល​មាន​សញ្ជាតិ​ពីរ។ អ្នក​ខ្លះ​មិន​ធ្លាប់​រស់​នៅ​ក្នុង​ប្រទេស ពេល​មាន​សង្គ្រាម​ឡើយ។ ហើយ​ពួក​គេ​ក៏​ទើប​តែ​ត្រឡប់ មក​ពី​ក្រៅ​ប្រទេស និង​កាន់​តំណែង​ធំៗ ក្នុង​ប្រទេស​កម្ពុជា​តែ​ម្តង។

សំនួរសួរថា ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងឯករាជ្យភាព តើគេចាំបាច់ត្រូវមាន​សញ្ជាតិ​តែមួយឬ?

មន្រ្តីដដែលនេះលើកជាឧទាហរណ៏ថា មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី, លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី, លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិជាដើម រួមទាំង​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ផងនោះ សុទ្ធតែមានសញ្ជាតិពីរ។ តើអ្នកទាំងនោះ «ពិត»ជាបានបំពេញ​ការងារ​មិនល្អ ឬគ្មានឯករាជ្យភាព សម្រាប់ប្រទេសកម្ពុជាឬ?

ក្រឡេកមកមើលអ្នកដែលមានសញ្ជាតិ«តែមួយ»វិញ ដូចជាលោក ទ្រី ភាព អ្នករកស៊ីឈើដ៏ល្បីនៅកម្ពុជា, លោក សុខ គង់ អ្នកគ្រប់គ្រងតំបន់ទេសចរណ៍អង្គរ និងបណ្តាជននានា ដែលពាក់ព័ន្ធនឹងការរំលោភដីធ្លី​នៅ​កម្ពុជា។ ពួកគេសុទ្ធតែមានសញ្ជាតិ«តែមួយ» តើពួកគេបានបង្ហាញ នូវស្នាដៃ និង«ផល»ជាវិជ្ជមាន និង​អវិជ្ជមានអ្វីខ្លះ សម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះ?

ផ្ទុយទៅវិញ ដូចលោក ប៊េអាត រីឆឆ្ន័រ (‎Beat Richner) ជាតិស្វីស ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា, លោក អេឡិច ដាវីដសុន (Alex Gonzalez Davidson) ជាតិអេស្បាញ ប្រធានអង្គការមាតាធម្មជាតិ ដែល​ល្បី​ឈ្មោះ​ក្នុង​ការ​ការពារតំបន់អារ៉ែងជាដើម ពួកគាត់សុទ្ធតែស្រឡាញ់ខ្មែរ ខ្លាំងជាងខ្មែរខ្លួន​ឯង (មួយចំនួន) ​ផង។ សំនួរ​សួរ​ទៀតថា តើជនដែលមានសញ្ជាតិបរទេសទាំងនោះ មកប្រទេសកម្ពុជា ដើម្បី​ការពារ​ផល​ប្រយោជន៍​ខ្មែរ បំរើខ្មែ ឬបំផ្លាញខ្មែរ?

បើអញ្ចឹងទេ តើពិតជាមាន«ភាពចាំបាច់»ឬទេ ក្នុងការដឹកនាំស្ថាប័នមួយ ឲ្យមាន«ប្រសិទ្ធភាព» និង​«ឯករាជ្យ»ទៅបាន លុះត្រាតែជននោះមានសញ្ជាតិតែមួយ?

មន្ត្រីដដែលបានថ្លែងបន្តថា ច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់កម្ពុជាបាន ផ្តល់សិទ្ធិទៅ​ប្រជា​ពលរដ្ឋ​ខ្មែរទូទៅ អាចមាន«សញ្ជាតិពីរ»បាន។ ហើយរដ្ឋធម្មនុញ្ញនេះដដែល ក៏បានអនុញ្ញាតជាស្រេច ឲ្យប្រជា​ពលរដ្ឋ​ខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌​របស់​ប្រទេស​ជាតិ មិនថាមានសញ្ជាតិច្រើន ឬតិចឡើយ។ ដូច្នេះសញ្ជាតិរបស់មនុស្សនោះ មិនសំខាន់ទេ តែអ្វីដែល​សំខាន់៖ «តើបុគ្គលនោះជាអ្នកណា? មានកម្រិតវប្បធម៌សិក្សា និងការចេះដឹងកម្រិតណា? អ្នកនោះមានភាព​ស្អាតស្អំ និងការគាំទ្រកម្រិតណា? ហើយធ្វើការ ដើម្បីតែប្រយោជន៍បុគ្គល បក្សពួកនិយម ឬធ្វើដើម្បីជាតិ និង​ប្រជារាស្រ្តទាំងមួល?»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...