ចាប់ពង្រត់ ដើម្បីទុកធ្វើជាទាសីកាមគុណ ក្នុងទ្រុងរ៉ឺមកសណ្ដោង
- ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 19, 2014
- ប្រធានបទ: ពង្រត់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកបើកបររថយន្ដដឹកទំនិញធុនធ្ងន់មួយរូប ដែលមានរហស្សនាម ថាជាបីសាចជញ្ជក់ឈាមផង ត្រូវបានប្រព័ន្ធយុត្តិធម៌អាមេរិក អង្កេតពីបទបានរក្សាទុក ក្នុងរយៈពេលជិត២០ឆ្នាំ នូវទាសីកាមគុណជាច្រើន នៅក្នុងទ្រុងរ៉ឺមកខាងក្រោយរថយន្ដរបស់ខ្លួន។
សារព័ត៌មានចម្រុះភាសា The Huffington Post បានរាយការណ៍ថា ជនជាប់ចោទ លោក ទីម៉ូធី ចេ វ៉ាហ្វេដេស (Timothy Jay Vafeades) អាយុ ៥៤ឆ្នាំ មកពីរដ្ឋ អ៊ូតា (Utah - ភាគខាងលិចសហរដ្ឋអាមេរិក) ទំនងជាបានបង្ខាំងស្ត្រីទាំងនោះ មិនតិចជាង៦នាក់ឡើយ ដែលក្នុងម្នាក់ៗ ប្រហែលជាបានជាប់នៅក្នុងទ្រុងរ៉ឺមកនោះ អស់រយៈពេលខ្លីឬវែងខុសៗគ្នា។ ស្ត្រីទាំងនោះ ត្រូវបានបុរសនេះ យកមកធ្វើដំណើរតាមរថយន្ដជាមួយ ដើម្បីបម្រើកាមគុណឲ្យខ្លួន នៅតាមផ្លូវ។
យ៉ាងហោចស្ត្រី៦នាក់ ក្នុងម្នាក់ៗ ត្រូវបានចាប់ពង្រត់ច្រើនខែ...
ការចាប់ពង្រត់ បានចាប់ផ្ដើមធ្វើនៅក្នុងទសវត្សរ៍ឆ្នាំ៩០ ជាមួយនឹងស្ត្រីមួយរូប ដែលបុរសអ្នកបើកបររូបនេះបានជួប ក្នុងអំឡុងពេលស្នាក់នៅផ្ទះសំណាក់មួយ។ លោក ទីម៉ូធី ចេ វ៉ាហ្វេដេស បានរៀបការជាមួយនាង មុននឹងបង្ខំឲ្យនាងទៅរស់នៅជាមួយលោក នៅក្នុងរដ្ឋអ៊ូតាជាមួយខ្លួន។ នៅទីនោះ ស្ត្រីរូបនេះបានរងទារុណកម្ម និងការចាប់បង្ខំរំលោភសេពសន្ធវៈ ជាច្រើនដង រហូតដល់នាងបានគេចខ្លួនចេញ នៅ៦ខែក្រោយមក។
នៅឆ្នាំ២០០៥ ស្ត្រីម្នាក់ទៀត ដែលធ្វើការនៅក្នុងផ្សារទំនើបមួយកន្លែង ក៏ត្រូវបានចាប់ពង្រត់ និងរងនូវការចាប់បង្ខំ អស់រយៈពេល៣ខែនោះដែរ។ បន្ទាប់មកទៀត ហេតុការណ៍ដដែលៗនេះ ក៏បានកើតឡើង ចំពោះស្ត្រីចំនួន៤នាក់ផ្សេងទៀត មុននឹងបុរសនេះត្រូវបានឃាត់ខ្លួន បន្ទាប់ពីភ្នាក់ងារនគរបាល បានឃើញនៅក្នុងរថយន្ដរបស់បុរសនេះ នូវវត្តមានយុវតីមួយរូបអាយុប្រមាណជា ១៩ឆ្នាំ មានស្នាមជាំនៅនឹងខ្លួន។
ប៉ុន្តែនៅចំពោះចៅក្រម ក្នុងសវនាការបថមមួយ លោក ទីម៉ូធី ចេ វ៉ាហ្វេដេស បានបដិសេធ និងស្រែករកភាព«គ្មានកំហុស»របស់ខ្លួន។ បើទោះជាហេតុការណ៍មួយចំនួន បានកន្លងផុតទៅយូរឆ្នាំ ដោយគ្មាននរណាម្នាក់ប្ដឹងផ្ដល់នោះក៏ដោយ តែបុរសអ្នកបើកបររថយន្ដនេះ ពិបាកនឹងធ្វើឲ្យចៅក្រមជឿតាមអ្វី ដែលខ្លួនលើកឡើងនោះណាស់។ យ៉ាងណាក៏ដោយ គេនឹងរងចាំមើល នៅក្នុងសវនាការកាត់ក្ដីធំ ដែលនឹងត្រូវបើកធ្វើ នៅថ្ងៃទី១៧ ខែធ្នូខាងមុខ ថាតើបុរសនេះពិតជាព្រានប្រមាញ់នារី ដាក់ក្នុងទ្រុងរ៉ឺមករបស់ខ្លួនមែន ឬគ្រាន់ជាការយល់ច្រឡំ៕