«នគរបាលចំណាយពេលជាង១០នាទី ទម្រាំរកបុរសនេះឃើញ»
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៦ សីហា ២០១៥
- កែប្រែចុងក្រោយ: August 08, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលដែលសម្លឹងតាមបង្អួច មើលទៅក្រៅ បុរសចំណាស់ម្នាក់ ដែលជាអ្នករស់នៅ ក្នុងក្រុង «Grand Rapids» នៃរដ្ឋមីឈីហ្គែន បានប្រទះឃើញ នូវឈុតឆាកដ៏កម្រមួយ ដែលបានកើតឡើង នៅចំពោះមុខគាត់ កាលពីថ្ងៃសុក្រមុន។ ក្រាបនៅរាបស្មើ លើដំបូលផ្ទះរបស់ខ្លួន យុវជនអ្នកជិតខាងមួយរូប ដែលនៅផ្ទះជាប់ទល់មុខ កំពុងលេងបិតពួន ជាមួយនឹងក្រុមនគរបាល។ បុរសចំណាស់ ដែលបានថតរូបនេះ យកមកដាក់បង្ហោះ នៅលើគេហទំព័រចែករំលែករូបភាព «Imgur» បានសរសេរអមនឹងរូបថតថា៖ «នគរបាលចំណាយពេលជាង១០នាទី ទម្រាំរកបុរសនេះឃើញ»។ រូបថត(ខាងក្រោម)នេះ គ្រាន់តែបានដាក់បង្ហោះភ្លាម មានមនុស្សចុចចូលទៅមើល ចំនួនដល់ទៅជាង៣លានដង៕
ភ្នាក់ងារនគរបាល ប្រចាំតំបន់មួយរូប លោក តេរី ឌីស៊ុន (Terry Dixon) បានសរសេរ នៅលើទំព័រហ្វេសប៊ុកថា៖ «មើលទៅ រូបថតនេះបានក្លាយជា រូបថតដ៏អស្ចារ្យ ហើយមនុស្សម្នាចង់ដឹងថា តើមានរឿងអ្វីកើតឡើង»។ ហើយដើម្បីបំពេញចិត្ត អ្នកដែលចង់ដឹងរឿងរ៉ាវនេះ ភ្នាក់ងារនគរបាលយើង បានថ្លែងរៀបរាប់ ពីរឿងរ៉ាវនេះ ប្រាប់សារព័ត៌មាន «New York Daily News»។
នៅក្នុងអត្ថបទរបស់សារព័ត៌មាន ភ្នាក់ងារ តេរី ឌីស៊ុន បានបញ្ជាក់ថា នគរបាលបានចេញ ទៅធ្វើអន្តរាគមន៍ នៅក្នុងគេហដ្ឋានរបស់យុវជន អេវ៉ាដ៍ ម៉ាតាំង (Edward Martin) អាយុ២៥ឆ្នាំ ដោយសារនគរបាល ទទួលបានការហៅទូរស័ព្ទដ៏បន្ទាន់មួយ ទាក់ទងនឹងជម្លោះទាស់ទែង ក្នុងគ្រួសារមួយនេះ។ នៅពេលនគរបាលមកដល់ យុវជន អេវ៉ាដ៍ ម៉ាតាំង បានបើកទ្វាឃើញនគរបាល ក៏បានបិទទ្វាវិញភ្លាម ដោយទុកឲ្យភ្នាក់ងារអាជ្ញាធរ ទាំងពីរនាក់នេះ នៅខាងក្រៅរហូតដល់នាងជាសង្សា បានមកបើកទ្វា។
ល្បែងបិតពួន ដែលត្រូវចាយដើមទុនច្រើន!
នៅខាងក្នុងផ្ទះ នគរបាលបានស្វែងរកយុវជន អេវ៉ាដ៍ មួយសន្ទុះធំ ប្រមាណជាង១០នាទី តែរកមិនឃើញសោះ។ នៅទីបំផុតភ្នាក់ងារនគរបាលម្នាក់ បានចេញមកខាងក្រៅផ្ទះ ហើយបានសម្លឹងទៅផ្នែកខាងលើផ្ទះ ទើបឃើញយុវជនកំពុងក្រាប នៅលើដំបូល។ នគរបាលបានបង្ខំ ឲ្យយុវជនចុះពីលើដំបូលផ្ទះ និងបាននាំខ្លួនទៅឃុំអស់មួយយប់ ពីបទរារាំងនឹងការឃាត់ខ្លួន ហើយបង្កការរ៉ៅឆាន ដល់ការងារនគរបាល។ យុវជនត្រូវបានដោះលែង ឲ្យមានសេរីភាពនៅថ្ងៃស្អែកឡើង តែនឹងត្រូវត្រឡប់ ចូលទៅសវនាការកាត់ទោសវិញ នៅថ្ងៃទី១០ ខែសីហានេះ៕
» នេះជារូបភាពទាំងស្រុង នៃការលាក់ខ្លួន របស់យុវជន«កំហិល»៖