នាយករងបដិសេធមិនបានអនុញ្ញាត ឲ្យអ្នកណាមកវាយសិស្សទេ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 04, 2015
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកនាយករង នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង បានលើកឡើង ក្នុងបទសម្ភាស ជាមួយទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ថា លោកមិនបានអនុញ្ញាត ឲ្យអ្នកណាម្នាក់ មកវាយសិស្សលោក ដល់សាលានោះទេ តែបុរសម្នាក់នោះ ស្តាប់ច្រឡំខ្លួនឯង បានជាប្រព្រឹត្តរឿងមិនគប្បី ទៅទះកំផ្លៀងសិស្សស្រីលោក ដល់ក្នុងសាលាបែបនេះ។
ការថ្លែងលើកឡើងរបស់ លោកនាយករង ម៉ម ស៊ីម៉ាន បានធ្វើឡើង ខណៈដែលម្តាយ កូនសិស្សស្រីរងគ្រោះ អ្នកស្រី អុច ភឿន បានទៅដល់សាលា ហើយសួរនាំពីហេតុការណ៍ ដែលអ្នកស្រីបានឃើញ ក្នុងវីដេអូឃ្លីបបង្ហោះ តាមហ្វេសប៊ុក កាលពីពេលថ្មីៗ។ នៅក្នុងវីដេអូនោះ គេឃើញបុរសម្នាក់ បានស្ទុះទៅវាយកូនអ្នកស្រី ហើយត្រឡប់មកនិយាយថា ខ្លូនបានសុំការអនុញ្ញាត ពីនាយករួចហើយ។ អ្នកស្រីបានសួរបញ្ជាក់ ជាមួយលោកនាយករងខាងលើថា តើលោក ពិតជាបានអនុញ្ញាត ឲ្យគេចូលវាយសិស្ស ដល់ក្នុងសាលាមែនឬទេ។
តបទៅនឹងសំនួរនេះ លោកនាយករង ម៉ម ស៊ីម៉ាន បានបញ្ជាក់ថា ពេលនោះ លោកមិននៅក្នុងសាលាទេ ដោយជាប់ជូនសិស្ស ទៅធ្វើទស្សនៈកិច្ចនៅ PPIU។ ប៉ុន្តែលោកទើបនឹងបានដឹងដំណឹង ថាសិស្សនៅវិទ្យាល័យរបស់លោក កំពុងវាយតប់គ្នាខ្លាំង តាមរយៈការហៅទូរស័ព្ទ មកប្រាប់លោក នៅតាមដងផ្លូវប៉ុណ្ណោះ។ លោកបានតបថា ចាំទៅដល់សាលា ចាំដោះស្រាយ ឲ្យវ៉ៃគ្នាសិនទៅ។ នាយកសាលាខាងលើ បានបញ្ជាក់ទៀតថា លោកមិនបានដឹងថា បុរសនោះទូរស័ព្ទទៅលោក ដើម្បីមកវាយកូនសិស្សលោកទេ។
បុរសដៃដល់ ដែលមានឈ្មោះ ទេព ឃួន ហៅ ពៅ អាយុ៤៩ឆ្នាំ និងដែលមានចិត្តលម្អៀង ជួយការពារកូនស្រីខ្លួនឯងនោះ បានបញ្ចេញកំហឹង ទះកំផ្លៀង ទៅលើសិស្សស្រីម្នាក់ ឈ្មោះ ញ៉ែម ចាន់ធីតា ជាគូវិវាទជាមួយកូនស្រីខ្លួន ឈ្មោះ ផុន សុផាវី (ហៅស្រីម៉ៅ)។ សិស្សស្រីទាំងពីរ សិក្សានៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ជាមួយគ្នា ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញថ្នាក់ទី១០ C2 ។
នាយករងបន្ថែមទៀតថា បុរសខាងលើ ត្រូវបានសិស្សានុសិស្ស និងលោកនាយកមួយរូបទៀត ឃាត់ខ្លូនភ្លាមៗ នៅក្នុងសាលា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ រួចបានបញ្ជូនខ្លួន ឲ្យមន្ត្រីប៉ុស្តិ៍នគរបាល សង្កាត់បឹងកេងកង១ ចាត់ការទៅតាមច្បាប់ ដើម្បីឆ្លើយតបនឹងភាពគឃ្លើន ហ៊ានចូលវាយសិស្សក្នុងសាលា ហើយបុរសនេះបានបំភ្លើសថា នាយកសាលាអនុញ្ញាត ឲ្យជនកំហូចរូបនេះវាយសិស្ស។
ទោះគ្មានអំណាច តែមានប្រាក់...
បុរស ទេព ឃួន ត្រូវបានសារព័ត៌មាន ក្នុងស្រុកមួយចំនួន ផ្សាយថា ជាមន្ត្រីធ្វើការ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ ប៉ុន្តែដំណឹងនេះ ត្រូវបានទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើការបដិសេធ កាលពីថ្ងៃទី០៣ ខែកក្កដាម្សិលម៉ិញ។
ករណីនេះហាក់ដូចជា ហៀបនឹងបានបញ្ចប់ទៅហើយ ដោយបុរសដៃដល់នោះ សុខចិត្តសងជំងឺចិត្ត ទៅឲ្យភាគីជនរងគ្រោះ ចំនួន៥០០ដុល្លា។ យុវតី ញ៉ែម ច័ន្ទធីតាអាយុ ១៦ឆ្នាំ ដែលជាសិស្សស្រី រងការទះកំផ្លៀង បានប្រាប់ឲ្យដឹងថា បុរសដែលបានចូលវាយនាង ដល់ក្នុងសាលានោះ បានសុំបញ្ចប់រឿង ជាមួយគ្រួសារនាង ប៉ុន្តែរហូតមកដល់រសៀល ថ្ងៃទី០៣ ខែកក្កដានេះ គ្រួសាររបស់នាង ទើបនឹងទទួលបានប្រាក់ តែ២០០ដុល្លាប៉ុណ្ណោះ។
ប៉ុន្តែដំណឹងចុងក្រោយ នៅព្រឹកថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ទោះជាការសងជំងឺចិត្ត អាចធ្វើឲ្យបណ្តឹងរដ្ឋប្បវេណីរំលត់ នៅចំពោះមុខសមត្ថកិច្ច នគរបាលខណ្ឌក្តី ក៏សំណុំរឿង និងបុរសរូបនោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូង រាជធានីភ្នំពេញរួចហើយ។ បានសេចក្ដីថា បុរសមហាកម្លាំង នៅជាប់បណ្តឹងព្រហ្មទណ្ឌមួយទៀត ពីបទបង្ករបួសស្នាម ដោយចេតនា។ ហើយនៅទីបំផុតទៅ នៅល្ងាចថ្ងៃទី៣ ខែកក្កដា ចៅក្រមសាកសួរសាលាដំបូងរាជធានីលោក ហេង សុខ ណា បានចេញដីកាបង្គាប់ ឱ្យឃុំខ្លួនបុរស ទេព ឃួន ហៅ ពៅ នៅពន្ធនាគារព្រៃ.ស ក្នុងបទចោទហិង្សាដោយចេតនានា។
គួរបញ្ជាក់ដែរថា បើតាមដីកាសាលាដំបូង បានបង្ហាញច្បាស់ថា ឈ្មោះ ទេព ឃួន ហៅ ពៅ នេះ ជាមន្ត្រីជាប់កិច្ចសន្យា នៅនាយកដ្ឋានសិទ្ធិមនុស្ស និងអង្គការក្រៅរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយគ្រាន់តែមន្ត្រីរូបនេះ មិនមែនជាមន្ត្រីពេញសិទ្ធិ នៅទីនោះប៉ុណ្ណោះ៕
» វីដេអូបង្ហាញ ពីសកម្មភាពមហាកម្លាំង របស់បុរស ទេព ឃួន៖