អាដហុក៖ ការ​ចាប់​រំលោភ​នៅ​កម្ពុជា មាន​តួ​លេខ​កើន​ឡើង

តាមរបាយការណ៍ អង្កេត តាមដាន និងអន្តរាគមន៍ របស់សមាគមអាដហុក បានចាត់ទុកថា «ស្រ្តី និងកុមារី» រងនូវការរំលោភសេពសន្ថវៈ ក្នុងឆមាសទី១ ឆ្នាំ២០១៥នេះ មានការកើនឡើង ជាង៦ខែ ចុងឆ្នាំ២០១៤ ប្រមាណ៥០ករណី។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 06, 2015
  • ប្រធានបទ: សេពសន្ធវៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ធន សារ៉ាយ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានលើកឡើងថា ឆមាសទីមួយឆ្នាំ២០១៥ ស្រ្តីនៅកម្ពុជា កំពុងប្រឈមមុខ នឹងការ«រំលោភសេពសន្ថវៈ» មិនថាក្មេង ចាស់នោះឡើយ។ បទល្មើសសេព​សន្ថវៈនោះ រួមមាន១៣១ករណី។ ក្នុងនោះ ជនរងគ្រោះជាកុមារី អាយុក្រោមប្រាំឆ្នាំ មាន៥ករណី, កុមារីអាយុ​ក្រោម១០ឆ្នាំមាន៣២ករណី, និងស្រ្តីអាយុក្រោម១៨ឆ្នាំមាន៦៣ករណី។ ជាមួយគ្នានេះ ស្រ្តីចាប់ពីអាយុ​លើ​១៨​ឆ្នាំឡើង មាន៣១ករណី ហើយករណីរំលោភរួចសម្លាប់ មានចំនួន៣ករណី រំលោភបូកមាន៦ករណី និងរំលោភ​ជនពិការ មាន១៥ករណី។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៥ ខែសីហានេះថា ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក បាន​បញ្ជាក់ទៀតថា ករណីទាំងអស់ខាងលើនេះ កើតឡើងបណ្តាលមកពីការធ្លាក់ចុះ នូវក្រមសីលធម៌​របស់នៃអ្នក​ទាំងនោះ ការងប់ងុលនឹងគ្រឿងស្រវឹងថ្នាំញៀន ដែលបណ្តាលឲ្យមានហិង្សាមួយ កើតឡើង ដែលក្នុងនោះ រួម​មានហិង្សាក្នុងគ្រួសារជាដើម។

លោកថាហិង្សាក្នុងគ្រួសារ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែកើតមានខ្លាំងឡើងៗ ឈានពីការវាយតប់ រហូតដល់​ការកាប់សម្លាប់ជាដើម។ ក្នុងនោះ រួមមានការសម្លាប់សមាជិកក្នុងគ្រួសារ ដូចជាឪពុកម្តាយ និងបងប្អូនជា​ដើម។ លោកថា ហិង្សានេះអាចឈានដល់ការសម្លាប់ អ្នកដទៃក្រៅគ្រួសារក៏មាន។ ហើយមូលហេតុ នៃអំពើ​ហិង្សានេះ ភាគច្រើនកើតមកពីការធ្លាក់ចុះ នៃសីលធម៌សង្គម ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន។

» សូមស្តាប់ និងទស្សនាការបកស្រាយ ដូចខាងក្រោម៖

ដោយឡែកអ្នកស្រី លឹម មុន្នី មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ នៃសមាគមដដែលនេះ បានលើកឡើងថា ករណី​រំលោភ​សេពសន្ធវៈ ទាំងនោះភាគច្រើន កើតមាននៅតាមបណ្តាខេត្តនានា ក្នុងតំបន់ដាច់ស្រយ៉ាល និងបាន​កើនឡើងខុសប្រក្រតី បើធៀបទៅនឹងឆ្នាំ២០១៤កន្លងទៅ។ មូលហេតុ មកពីការសេពសុរ៉ា និងគ្រឿងញៀន ដែលពលរដ្ឋទូទៅទាំងក្មេង និងចាស់ចាត់ទុកថា ជាទម្លាប់ និងប្រពៃណីទៅហើយនោះ។ ហើយពួកគេ ក៏តែង​ចាត់ទុកថា ការចេះផឹក នូវគ្រឿងស្រវឹង ជាកិត្តិយសរបស់បុរសនោះ។ អ្នកស្រីបានចាត់ទុកការសម្របសម្រួល របស់តុលាការ ឬអាជ្ញាធរមានសមត្តកិច្ច ចំពោះបទឧក្រិដ្ឋរំលោភសេពសន្ថវៈ មកជាសំណងលុយកាក់នោះ ជា​ការមើលងាយស្រ្តី និងកុមារី ដែលនាំឲ្យនីទណ្ឌភាពកើតឡើង សីលធម៌មនុស្សធ្លាក់ចុះ ប្រសិទ្ធិភាពនៃការ​អនុវត្តន៍ច្បាប់ ត្រូវគ្មានតម្លៃ។

» សូមស្តាប់ និងទស្សនាការបកស្រាយដូចខាងក្រោម៖

ឯអ្នកស្រី ចន សុគន្ធា ប្រធានផ្នែកស៊ើបអង្កេតផ្នែកស្រ្តី នៃសមាគមអាដហុកបានលើកឡើងថា និន្នាការប្រកាន់​គណបក្សនយោបាយ អាចជាផ្នែកមួយ នៃមូលហេតុដែលនាំឲ្យមានការកើនឡើង នៃបទរំលោភសេពសន្ធវៈ​នេះ។ អ្នកស្រីថា ការមិនចំណាត់ការលើករណីនេះ បានធ្វើឲ្យជនល្មើសបានចិត្ត ហ៊ានប្រព្រឹត្តបន្ត ដោយគ្មាន​ខ្លាចរអាជាដើម។ ជាមួយគ្នានេះ រូបភាពស្រើបស្រាល នៃការផ្សាយពាណិជ្ជកម្មនៃគ្រឿងស្រវិង ក៏ជាចំណែក​មួយ ដាស់អារម្មណ៍នៃបុរស ឲ្យមានចំណង់ខាងផ្លូវភេទ រហូតឈានទៅចាប់រំលោភប្រពន្ធ ឬកូនខ្លួនឯង ប្រពន្ធ ឬកូនអ្នកដទៃជាដើម។

» សូមស្តាប់និងទស្សនាការបកស្រាយដូចខាងក្រោម៖

យ៉ាងណាក៏ដោយ លោក ធន សារ៉ាយ បានទទួលស្គាល់ នូវសកម្មភាពរបស់រដ្ឋាភិបាល ដែលបានជួយ​រំដោះ​ស្ត្រីខ្មែរមួយចំនួន ដែលត្រូវបានជួញដូរ ទៅកាន់ប្រទេសចិនជាច្រើនករណី និងបានរកកន្លែងសុវត្ថិភាព ដល់​ពួកគេ ឲ្យមានភាពប្រសើរឡើងជាងមុន។ លោកនៅតែស្នើឲ្យរដ្ឋាភិបាល មានចំណាត់ការដូចគ្នានេះ នៅតាម​បណ្តាប្រទេសដទៃទៀត ដែលស្រ្តីខ្មែរជាច្រើននាក់ទៀត កំពុងរងការជួញដូរ ឲ្យបំរើសេវាកម្មផ្លូវភេទនេះ៕

» សូមស្តាប់និងទស្សនាការបកស្រាយដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...