​តុលាការ​​ឲ្យ​នាំ​ខ្លួន​ឧកញ៉ា សុខ ប៊ុន រឿង​វាយ​តប់​កញ្ញា សាសា

សំនុំរឿងវាយតប់ ទាត់ធាក់ បោចសក់ ទៅលើអតីតពិធីការិនីទូរទស្សន័ ស៊ីធីអិន កំពុងត្រូវបានតុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចាត់​វិធាន​ការ ដោយ​បានចេញដីការ ឲ្យនាំខ្លួនជនសង្ស័យ មកធ្វើការសាកសួរ។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៨ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សំនុំរឿងកក្រើកមេឃ របស់បុរសម្នាក់ ដែលគិតថាខ្លួនមានអំណាច និងដែលត្រូវបាន កាម៉េរ៉ាសុវត្ថិភាពមួយ ចាប់​រូបភាព ពីការប្រើទង្វើហិង្សា លើអតីត​ពិធី​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន ក​ញ្ញា សាសា​ នោះ កំពុងត្រូវបាន​តុលាការ​ចាត់វិធានការហើយ។ ប្រតិកម្មរបស់សាលាដំបូង មិនបាននៅដង្អក់ពេលយូរឡើយ ដោយនៅ​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ព្រះរាជអាជ្ញារង លោក ហ៊ឹង ប៊ុនថន បានចេញ​ដីកា​បញ្ជាទៅ​សមត្ថកិច្ច ​នាយក​ដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ​នៃ​ក្រសួងមហាផ្ទៃ ឲ្យនាំខ្លួនលោក​ឧកញ៉ា សុខ ប៊ុន ដើម្បីចូលឆ្លើយបំភ្លឺ ​ទាក់​ទង​ករណី​ប្រើ​អំពើហិង្សា ​លើអតីតតារាទូរទស្សន៍។

ពាក្យបណ្ដឹងមួយ បានដាក់ទៅតុលាការ សាលាដំបូងរាជធានី ប្ដឹងចោទលោក​ឧកញ៉ា សុខ ប៊ុន ប្រធាន​ក្រុមហ៊ុន តេហូ ឌឺវើឡូពើមិន (TEHO Development) និង​ជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង​អង្គរក្សរបស់លោកផង ថាបាន​ព្រួត​គ្នា​ ប្រើ​អំពើហិង្សា​យ៉ាង​សាហាវព្រៃផ្សៃ​​ ទៅលើអតីត​ពិធី​​ការិនី​ទូរទស្សន៍ ស៊ី​ធី​អិន កាលពី​យប់​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​ក្លឹប​ឡា​ហ្គេ​ន​បា ស្ថិតនៅ​សង្កាត់​ទន្លេ​សា​បាក់ ខណ្ឌចំការមន​។

វីដេ​អូមាន​រយៈពេល​ជាង​១​នាទី​ ចាប់រូបដោយកាម៉េរ៉ាសុវត្ថិភាព ​ចំនួនពីរ ដែលត្រូវបានបង្ហោះ តាមបណ្ដាញ​សង្គម ​បង្ហាញ​​ឲ្យ​ឃើញ ​ពី​សកម្មភាពរបស់​បុរស​ម្នាក់ ដោយមានជំនួយ ពីមនុស្សប្រុសម្នាក់ទៀត (ទំនងជា​ជំនិត ឬអង្គរក្ស) ​បាន​ស្ទុះ​ទៅ​ចាប់​បោច​ទាញ​សក់ កញ្ញា សា​សា អូស​ចេញ​ពីលើ​សា​ឡុង​ និង​បាន​ប្រើ​ហិង្សា ​វាយតប់​ទាត់​ធាក់​យ៉ាង​ចាស់ដៃ មក​លើ​រូប​នាង​យ៉ាងអមនុស្សធម៌។ ក្នុងវីដេអូដដែល គេឃើញមនុស្សប្រុស ដែលទំនងជាជំនិត ឬ​អង្គរក្សនោះ មានកាន់កាំភ្លើងជាប់នឹងដៃ គម្រាមទៅលើ អតីតពិធីការិនីទូរទស្សន៍ នោះ​ទៀតផង។

ស្រង់សម្ដីដោយសារព័ត៌មានក្នុងស្រុក កញ្ញា សា​សា បាន​ថ្លែងឲ្យ​ដឹងថា ដំបូងឡើយ កញ្ញា​មិនបាន​ស្គាល់​​បុរស ដែល​បាន​ប្រើ​អំពើហិង្សា​ មកលើ​ខ្លួន​នោះទេ។ ហើយ​នៅមុន​ពេល​កើតហេតុ​ កញ្ញាបាននៅ​អង្គុយ​កំដរ ​​មិត្ត​​ភ័ក្តិ​របស់​កញ្ញា​ម្នាក់ ជាថៅកែ​ហាងជាតិ​ជប៉ុន ដែល​ស្រវឹង។ បន្ទាប់ពីគ្រប់ភ្ញៀវ បាន​ចេញពី​ក្នុង​ហាង​អស់ ​ស្រាប់​តែ​ភ្ញៀវបុរស​ពីរ​នាក់ បាន​ត្រឡប់មក​ក្នុង​ហាង​វិញ ហើយបាន​ចាប់​អូស​មិត្ត​ភ័ក្តិ ​របស់កញ្ញាទាំង​បង្ខំ ដើម្បី​​យក​ចេញ​ទៅ​ក្រៅ។ ប៉ុន្តែ​មិត្ត​ភ័ក្តិរូបនោះ បាន​យំ និង​បាន​ស្រែក​ឲ្យកញ្ញា​ជួយ។ គឺពេលនោះហើយ ដែលហេតុការណ៍ នៃ​ការ​ប្រើប្រាស់អំណាច របស់មនុស្ស ដែលគិតថាខ្លួនមានអំណាច បានកើតឡើងយ៉ាងរន្ធត់ ទៅលើស្ត្រីភេទទន់​ខ្សោយ​ម្នាក់។

«កុំចេះ! ចង់ងាប់ហេះ?»

ការដង្ហោយរបស់មិត្តភ័ក្ដិ បានតម្រូវឲ្យកញ្ញា សាសា ចាំបាច់ត្រូវចូលទៅជួយ និង​ប្រាប់​ទៅភ្ញៀវ ជា​បុរស​នោះ កុំ​ឲ្យ​ចាប់បង្ខំ​មិត្ត​ភ័ក្តិកញ្ញាដូច្នេះ។ រំពេចនោះ ​អង្គរក្ស​របស់​ជន​នោះ បាន​ស្រែកជេរ​ម្រា​យ​កញ្ញា និងបញ្ជា​មក​កញ្ញា ដោយមាន​កាំភ្លើង​កាន់​នៅ​ដៃថា៖ «កុំ​ចេះ! ចង់​ងាប់​ហេះ?»។ កញ្ញាបានបញ្ជាក់ទៀតថា នៅពេល​ដែល​កញ្ញា​គ្រាន់តែប្រាប់ ​កុំ​ឲ្យ​ជេរ​ម្តាយ​របស់កញ្ញានោះ ស្រាប់តែជនដែលគិតថា ខ្លួនមានអំណាចនោះ បាន​ស្ទុះ​​មក​​វ៉ៃ​កញ្ញា យ៉ាងកម្រោល ដូចឃើញនៅក្នុងវីដេអូ។

នៅក្នុងវីដេអូមួយទៀត ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គមដែរ បានបង្ហាញថា មុននឹងការ​វាយតប់ បាន​កើត​ឡើង គេឃើញកញ្ញា សាសា ហាក់ដូចជាបានចោលវត្ថុអ្វីមួយ ទៅលើជននោះ។ ហើយ​ទំនង​ជាកាយវិការនេះ ហើយ ដែលធ្វើឲ្យហេតុការណ៍វាយតប់ បានផ្ទុះឡើង។ ប៉ុន្តែយ៉ាងណា ក៏វាមិនស័ក្ដិសម នឹង​ការវាយតប់ ទាត់ធាក់ បោចសក់  ប្រកបដោយភាពតក់ស្លុត យ៉ាងដូច្នេះឡើយ។

កញ្ញា សាសា បានថ្លែងប្រាប់សារព័ត៌មាននោះ ទៀតថា៖ «​វ៉ៃ​ខ្ញុំ​អូស​រហូតដល់ ​៥ ទៅ ៦​ម៉ែត្រ​។ វ៉ៃ​ខ្ញុំ​មិន​តិច​ជាង ៥​នាទី​ទេ​។ គាត់ទុក​ខ្ញុំ ​ដូច​សត្វ​ធាតុ​។ នេះ​បើ​អត់​មាន​អ្នករត់​តុ​ជួយ​ ខ្ញុំ​ប្រហែលជា​អាច​ស្លាប់បាត់​​ហើយ​។»

នៅភ្លាមៗនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចស្វែងរកការទាក់ទង ឲ្យបកស្រាយជុំវិញករណីខាងលើ ពី​ភាគី​លោកឧកញ៉ា សុខ ប៊ុន បាននៅឡើយ។ ប៉ុន្តែសម្រាប់សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌវិញ កំពុង​ចាត់វិធានការ ដើម្បីស្វែងរកលោក​ឧកញ៉ា សុខ ប៊ុន មកប្រគល់ជូនតុលាការ ដូចមានចែងនៅក្នុងដីកា ឲ្យ​ស្វែង​រក​ចាប់​ខ្លួន របស់ព្រះរាជអាជ្ញារងស្រាប់៕

» សូមទស្សនាវីដេអូ ដែលចាប់រូបដោយកាម៉េរ៉ាសុវត្ថិភាព ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...