កែ សុវណ្ណរតន៍ គ្រោង​ហៅ​រដ្ឋមន្ត្រី​បួន​រូប​ទៀត ឲ្យ​ចូល​មក​បំភ្លឺ​នៅ​រដ្ឋសភា

តំណាងរាស្ត្រមួយរូប លោកស្រី កែ សុវណ្ណរតន៍ន បានលើកឡើងថា វិស័យសុខាភិបាល វិស័យការងារ វិស័យសង្គមកិច្ច និងកិច្ចការនារី ជាវិស័យចំបង ក្នុងការបន្តពង្រឹងប្រសិទ្ធិភាព ឲ្យកាន់តែមានភាពប្រសើរឡើង។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០៥ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 05, 2014
  • ប្រធានបទ: សង្គម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅចំពោះអ្នកសារព័ត៌មាន​ច្រើន​នាក់ នា​វិមាន​រដ្ឋសភា លោកស្រី កែ សុវណ្ណរតន៍ ប្រធាន​គណៈ​កម្មការ​សុខាភិបាល សង្គមកិច្ច អតីត​យុទ្ឋជន យុវនីតិ​សម្បទា ការងារ បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ និង​កិច្ចការ​នារី​(គណៈកម្មការ​ទី៨) នៃ​រដ្ឋសភា បាន​ធ្វើ​ចំណាប់​អារម្មណ៍​ពិសេស​ទៅ​លើ​សិទ្ធិ​«ស្រ្តី» ដែល​មាន​ភាព​ធ្លាក់​ចុះ ក្នុង​ការ​គាំពារ​ពី​សំណាក់​មន្រ្តី នៃ​ក្រសួង​សា្ថប័ន​ពាក់ព័ន្ធ​ក្នុង​​រដ្ឋាភិបាល។

តំណាងរាស្រ្តមកពីគណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​បញ្ជាក់​ថា សុខភាព​ស្រ្តី​ជា​កត្តា​ចំបង ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ការពារ ដូច​ជា​ការ​ជម្រុញ​ឲ្យ​មាន​ការ​អនុវត្ត​អនុ​សញ្ញា​ស្តី​ពី​ការ​ទប់​ស្កាត់ និង​ការ​រើស​អើង​លើ​ស្រ្តី និង​អំពើ​ហិង្សា​លើ​ស្រ្តី និង​ការ​ចាប់​ស្រ្តី​ដាក់​ពន្ធនាគារ​ជា​ដើម។ លោក​ស្រី​នឹង​សហការ​ជា​មួយ​ស្ថាប័ន​ចំនួន​បួន ក្នុង​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ជា​មួយ​ប្រទេស​ដទៃ តាម​រយៈ​ការ​ចុះ​អនុសារណៈ​ក្នុង​ការ​បញ្ជូន និង​ទទួល​ពលករ​កម្ពុជា ដែល​ត្រូវ​ទៅ​បំរើ​ការ​ក្នុង​ប្រទេស​នោះ។ ការ​ធ្វើ​បែប​នេះ ក្នុង​គោល​បំណង​ដើម្បី​ការពារ និង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស ពិសេស​សិទ្ធិ​ស្រ្តី។

ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាដដែលនេះបន្តថា ក្រសួងពាក់ព័ន្ធនឹងការងារខាងលើ រួមមានដូចជា ក្រសួង​សុខាភិបាល, ក្រសួងការងារ, ក្រសួងកិច្ចការនារី, ក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និងយុវនីតិសម្បទា ត្រូវតែ​ពង្រឹង​ការងាររបស់ខ្លួន ដោយយកចិត្តទុកដាក់លើបញ្ហាប្រជាពលរដ្ឋជាចំបង។

បញ្ហាជាច្រើន បានកើតមានក្នុងសង្គម ដូចជាបញ្ហាកើតលើស្រ្តីពាក់ព័ន្ធបញ្ហាសុខភាព ការយកកម្រៃ​លើសេវា​សុខភាព​ពីជនក្រីក្រ ភាពអយុតិធម៌នៃការបាត់បង់ដីធ្លីរបស់ស្រ្តី ជាមួយនឹងការចាប់ដាក់គុកដោយតុលាការ​ជា​ដើម ត្រូវបាន​លោក​ស្រីវាយតម្លៃថា ហាក់មិនបានយកចិត្តទុកដាក់ពេញទំហឹង ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ដូច​ជាក្រសួង​ស្ថាប័ន​ទទួលបន្ទុក ឬរដ្ឋាភិបាលឡើយ។

ក្នុងជំនួបកន្លងមក ជាមួយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ លោកស្រីបានស្នើឲ្យមានការរៀបចំ ឲ្យ​មាន​ច្បាប់ស្តីពីពលករចំណាកស្រុកជាចាំបាច់ សម្រាប់ការពារសិទ្ធិរបស់ពួកគាត់។ បើទោះជាលោកស្រី ធ្លាប់​បានជួប​រដ្ឋមន្រ្តីក្រសូងសុខាភិបាល លោក ម៉ម ប៊ុនហេង នាពេលលោកស្រី មកកាន់តួនាទីជាប្រធាន​គណកម្មការ​ទី៨ នៃ​រដ្ឋសភាម្តងរួចហើយក៏ដោយ តែនោះគ្រាន់តែជាកិច្ចស្វាគមន៍ប៉ុណ្ណោះ មិនបានពិភាក្សាគ្នា លើបញ្ហាការងារ​នោះ​ឡើយ។

ដូច្នេះក្រសួងបួន ដែលលោកស្រីនឹងត្រូវធ្វើការជាមួយ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយក្រសួងការងារ​ហើយ​នោះ លោកស្រីនឹងបន្តកោះអញ្ជើញរដ្ឋមន្រ្តីចំនួនបីរួបទៀត មកធ្វើការសាកសួរ និងដេញដោលជាបន្ត។ ក្នុងនោះ​រួម​មានលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ឋជន និង​យុវនីតិសម្បទា និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី។

យ៉ាងណាក៏ដោយ នៅក្រោយពីបញ្ចប់កិច្ចពិភាក្សា ជាមួយលោកស្រី ពង់ ឈីវកេក ប្រធានអង្គការលីកាដូ នៅរសៀល​ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៤ ពីបញ្ហាប្រឈមនានាលើស្រ្តីនោះ លោកស្រី កែ សុវណ្ណរតន៍ មិន​ទាន់​កំណត់ពេល​វេលា​ជាក់​លាក់ នៃការកោះអញ្ជើញរដ្ឋមន្រ្តីទាំងបីរូបនោះមកសាកសួរឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...