មាជ សុវណ្ណារ៉ា សរសេរលិខិតប្រកាសធ្វើកូដកម្ម«បង្អត់»អាហារពីក្នុងពន្ធនាគារ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 05, 2014
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក មាជ សុវណ្ណារ៉ា ស្ថាបនិកវិទ្យុខ្មែរបុស្តិ៍ បានបង្ហាញនូវគោលបំណង នៃការធ្វើកូដកម្មបង្អត់អាហារនេះ ក្នុងលិខិតសរសេរដោយដៃផ្ទាល់មួយច្បាប់ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន ហើយសូមយកមកបង្ហាញជូន ដូចខាងក្រោម។ លិខិតនោះសរសេរជាអាថ៌ថា៖ «បង្រួមចិត្តស្ងប់ ចូលរួមចំណែកនូវការបង្ហាញ នូវការបញ្ចប់បញ្ហានីទណ្ឌភាព នៃសង្គមគ្មាននីតិរដ្ឋ និងចង់ឃើញសង្គមមានយុត្តិធម៌ កើតមានដ៏ពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋខ្មែរ។»
លិខិតដែលកម្រាសពីរទំព័រ និងដែលបានសរសេរក្នុងថ្ងៃទី៥ ខែធ្នូ ពីពន្ធនាគារព្រៃសរ(ម១)នេះ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះបានបន្ថែមថា នីទណ្ឌភាពនៅកម្ពុជា (ភាពគ្មានទោស ព្រោះអ្នក«ល្មើស»រួចខ្លួន ឯអ្នក«រងគ្រោះ»ត្រូវជាប់គុក) កំពុងកើតមាន ខណៈកម្ពុជាខ្លួនឯង មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ជាមាគ៌ានៃការដឹកនាំកម្ពុជា ឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ក្រោមអំណាចប្រជាពលរដ្ឋជាធំ។
ប្រទេសកម្ពុជាក្នុងរយៈពេល២៣ឆ្នាំចុងក្រោយ ត្រូវបានលោក សុវណ្ណរ៉ា វាយតម្លៃថា៖ «កំពុងស្ថិតនៅក្នុងស្រមោលប្រជាធិបតេ្យនៅឡើយទេ។ (...) អ្នកដឹកនាំ មិនទាន់ឃើញមានសុឆន្ទះ ជាអ្នកដឹកនាំមានគុណធម៌។»
លោកបញ្ជាក់ថា ការធ្វើកូដកម្មបង្អត់អាហារនោះ ដើម្បីប្រឆាំងទៅលើការធ្វើអំពើហិង្សាទៅលើស្រ្តី និងកុមារ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចរបស់ជាតិ និងដើម្បីចូលរួមក្នុងធម្មយាត្រា១៦ថ្ងៃ របស់អង្គការសង្គមស៊ីវិល ដែលបាននឹងកំពុង ក្នុងការប្រយុទ្ធិប្រឆាំងនិងការរើសអើង និងការប្រើហិង្សាលើស្រ្តី និងកុមារ រហូតដល់ថ្ងៃទី១០ខែធ្នូនេះ។
ក្នុងសំណេរទឹកប៊ិចព្រាលៗចុងក្រោយ អតីតអ្នកសារព័ត៌មានរួបនេះ ក៏បានស្នើដល់រាជរដ្ឋាភិបាល កុំឲ្យចាត់ទុកអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យជាសត្រូវរបស់ខ្លួន ព្រោះអ្នកទាំងនេះ ជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លាភាព និងយុត្តិធម៌ក្នុងសង្គមជាក់ស្តែង។ លោក សរសេរថា៖ «ការទទួលស្គាល់កំហុសរបស់ខ្លួន (រដ្ឋាភិបាល) វាមិនមែនជារឿងអាម៉ាសនោះទេ។ អ្វីដែលសំខាន់ គឺការទទួលខុស។»
រយៈពេលប្រាំថ្ងៃនៃការធ្វើកូដកម្ម«បង្អត់»អាហារនេះ មន្ត្រីរបស់គណបក្សសង្គ្រោះជាតិរូបនេះ នឹងបង្ខាំងខ្លួនតបចំណីនៅក្នុងបន្ទប់ឃុំឃាំង ដោយមិនទទួលជួប ឬសន្ទនាជាមួយគ្រួសារ អង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឡើយ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤។
សូមអានលិខិតទាំងស្រុងរបស់លោក មាជ សុវណ្ណារ៉ា ពីពន្ធនាគារព្រៃសរ(ម១) ដូចខាងក្រោម៖