ហ៊ុន សែន៖ ផ្តល់​អាសនៈក្រម​ឲ្យ សម រង្ស៊ី ស្មើ​នាយក​រដ្ឋមន្ត្រី ដើម្បី​ពង្រីក​វប្បធម៌​សន្ទនា

ទំនងជាឆ្លើយតបនឹងការបកស្រាយជាច្រើន ជុំវិញការផ្ដល់ថានៈ ឲ្យប្រធានក្រុមតំណាងរាស្ត្រសម្លេងភាគតិច ស្មើ​នាយក​រដ្ឋមន្ត្រី​នោះ លោក ហ៊ុន សែន បានចេញមកបកស្រាយថា គោលបំណងសំខាន់ក្នុងករណីនេះ គឺ​ដើម្បី​ពង្រីក​«វប្បធម៌​សន្ទនា»។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 05, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អតុល្យភាព១២យ៉ាង» នៅកម្ពុជា ដែល​លើក​ឡើង​ដោយ​លោក ហ៊ុន សែន ត្រូវ​បាន​លោក សម រង្ស៊ី គាំទ្រ។ បន្ថែម​ពី​លើ​នេះ លោក សម រង្ស៊ី បាន​ស្នើ​ឲ្យ​បញ្ចូល​អតុល្យភាព ចំនួន​ពីរ​ទៀត នោះ​គឺ គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ ទៅ​លើ​បញ្ហា​ទ្រព្យ​សម្បត្តិ និង​គម្លាត​រវាង​ធន​ធាន​ធម្មជាតិ និង​ការ​ធ្វើ​អាជីវកម្ម​លើ​ធន​ធាន​ធម្មជាតិ។ នេះ​ការ​លើក​ឡើង របស់​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​លោក ហ៊ុន សែន កាល​ពី​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី នា​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​ធ្នូ ឆ្នាំ​២០១៤នេះ ដោយ​លោក​បាន​ចាត់​ទុក​ការ​ឆ្លើយ​ឆ្លង​គ្នា​នេះ ថា​ជា​«វប្បធម៌​នៃ​ការ​សន្ទនា ដើម្បី​កសាង​ប្រទេស​ជាតិ»។

ផ្ដើមចេញពីគោលការណ៍នេះ ទើប​លោក ហ៊ុន សែន បាន​និយាយ​ថា ការ​ផ្ដល់​អសនៈ​ក្រម ទៅ​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច ឲ្យ​មាន​ប្រធាន​ម្នាក់​មាន​ថានៈ​ស្មើ នាយក​រដ្ឋមន្ត្រី​នោះ បាន​សេចក្ដី​ថា លោក​ចង់​ពង្រីក​ឲ្យ​មាន​«វប្បធម៌»​សន្ទនា​គ្នា​នេះ កាន់​តែ​ខ្លាំង​ឡើង និង​ដើម្បី​ជៀស​វាង​ការ​ដើរ​ស្រែក តាម​ទី​សាធារណៈ។

លោកនាយករដ្ឋមន្ត្រី បានពន្យល់ថា ការបង្កើតឲ្យមានក្រុមតំណាងរាស្ត្រសម្លេងភាគតិចនេះ មិនមែនត្រូវ​អនុវត្ត​តែពេលនេះ ក្នុងរដ្ឋសភាដែលមានតែពីរគណបក្សជាប់ឆ្នោតនោះទេ។ តែសម្រាប់ពេលខាងមុខ បើ​រដ្ឋសភាមានគណបក្សច្រើន គណបក្សដែលមានសមាជិកភាព៥%ឡើងលើ អាចបង្កើតឲ្យមានប្រធាន​ក្រុម​តំណាងរាស្រ្ត ទាំងបក្សក្នុងរដ្ឋាភិបាល និងបក្សក្រៅរដ្ឋាភិបាល។

ប៉ុន្តែនៅមានប្រធានក្រុមតំណាងរាស្រ្តមួយ ដែលមានសម្លេង២៥% ចាត់ទុកថាធំជាងគេ គឺជាដៃគូសន្ទនា ជា​មួយនឹងប្រមុខរដ្ឋាភិបាល ទៅលើបញ្ហាប្រទេសជាតិ ដែលមានឋានៈស្មើនាយករដ្ឋមន្រ្តី។

លោកបានបន្តពន្យល់ទៀតថា ឋានៈស្មើនាយករដ្ឋមន្រ្តីនោះ មិនមែនមានន័យថា មាន«នាយករដ្ឋមន្រ្តីពីរ»​ទេ។ លោកបានលើកជាឧទាហរណ៍មកបញ្ជាក់ ដូចសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលជាប្រធានឧត្តម​ក្រុម​ប្រឹក្សា​ព្រះមហាក្សត្រ ក៏មានឋានៈស្មើនាយករដ្ឋមន្រ្តីដែរ។

លោក ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា ឋានៈស្មើនាយករដ្ឋមន្រ្តីនេះ គ្រាន់តែជា«អសនក្រម»សម្រាប់រៀបចំ​ផ្នែកពីធិការប៉ុណ្ណោះ មិនមានសិទ្ធិអ្វី មកធ្វើការបញ្ជាទ័ព ឬដឹកនាំរាជរដ្ឋាភិបាលឡើយ។ ប្រធានក្រុម​តំណាង​រាស្រ្តនោះ មិនមានព្រះរាជក្រឹត្យតែងតាំង ឬត្រូវបានតែងតាំងដោយសភាឡើយ តែជាការជ្រើសរើសតាម​សាម៉ីគណបក្សនយោនាយនីមួយៗ ដើម្បីជជែកពិភាក្សា និងដឹកនាំតំណាងរាស្រ្តមកពីគណបក្សរបស់ខ្លួន។

គួរបញ្ជាក់ដែរថា ការបង្កើតឲ្យមានក្រុមតំណាងរាស្ត្រសម្លេងភាគតិច ត្រូវបានសម្រេច នៅក្នុងជំនួបរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងមក ក្នុងមន្ទីររដ្ឋសភា។ នៅក្នុងសេចក្ដី​សម្រេច​មួយ ចេញផ្សាយនៅក្រោយជំនួបនោះ បាន​សម្រេច​ឯកភាព​គ្នា​បី​ចំណុច ក្នុង​នោះ​ចំណុច​ទី​ពីរ បាន​អះអាង​ពី​ការ​ឯកភាព​ ឲ្យ​កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​សម្លេង​ភាគ​តិច ដើម្បី​មក​ជជែក​ជា​មួយ​នាយក​រដ្ឋមន្ត្រី ក្នុង​រឿង​ប្រទេស​ជាតិ។ សេចក្ដី​សម្រេច​របស់​មេ​ដឹកនាំ​ទាំង​ពីរ បាន​សរសេរ​ថា៖ «ប្រធាន​​ក្រុម​ភាគ​តិច​នេះ នឹង​មាន​ថានះ​ស្មើ​នាយក​រដ្ឋមន្ត្រី»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...